ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ព្រឹត្តិបត្រច្បាប់សាលាត្រាជូ៖ ជំរុញការអភិវឌ្ឍ និងស្រាវជ្រាវច្បាប់នៅកម្ពុជា
05, Mar 2022 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
ស្របតាមបេសកម្មរបស់សមាគម និងដើម្បីរក្សានូវសង្គតិភាពអត្ថបទស្រាវជ្រាវច្បាប់ដែលមានលក្ខណៈវិទ្យាសាស្រ្ត  សាលាត្រាជូ បានសម្រេចបង្កើត និងដាក់ឱ្យដំណើរការគម្រោងថ្មីស្ដីពី«ព្រឹត្តិបត្រច្បាប់សាលាត្រាជូ»។ គម្រោងនេះ មានគោលដៅបំផុសការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធនានាជាទៀងទាត់ប្រចាំឆមាសនីមួយៗ ឱ្យមានភាពសម្បូរបែបដែលអាចគ្របដណ្តប់លើវិស័យរដ្ឋ និងឯកជន ទាំងច្បាប់ជាតិនិងអន្តរជាតិ។ 
 

 
តាមរយៈគម្រោងនេះ សមាគមសាលាត្រាជូ បានបោះពុម្ពផ្សាយជាលើកដំបូង ព្រឹត្តិបត្រច្បាប់លេខពិសេសទី១ ស្តីពី«វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងច្បាប់អន្តរជាតិ» កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។  ដោយឡែកការបោះពុម្ពផ្សាយនូវព្រឹត្តិបត្រច្បាប់សាលាត្រាជូលេខទី២នេះ ជាសក្ខីកម្មសបញ្ជាក់ ពីភាពជោគជ័យបន្ថែមទៀតរបស់ខ្លួន ជាមួយការតាំងចិត្តមោះមុត ការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈគ្រប់គ្រាន់ ក្នុងការបន្តការបោះពុម្ពអត្ថបទស្រាវជ្រាវច្បាប់ ដែលមានលក្ខណៈវិទ្យាសាស្រ្ត ដើម្បីជាប្រយោជន៍ដល់វិស័យច្បាប់ យុត្តិធម៌ និងវិស័យពាក់ព័ន្ធនានា។
បើតាមសាលាត្រាជូ ព្រឹត្តិបត្រច្បាប់លេខទី២នេះមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវរបស់សមាគម ដែលស្ថិតនៅក្នុងជំនាញ និងវិជ្ជាជីវៈច្បាប់ផ្សេងៗគ្នា។ អត្ថបទស្រាវជ្រាវនៃលេខទី២នេះ ចែកចេញជាបីផ្នែក ដោយផ្នែកទី១ ផ្តោតលើច្បាប់ឯកជន ដែលមានដូចជាបរិបទច្បាប់ស្តីពីទីផ្សារលំនៅឋាន វិវាទទាក់ទងនឹងកម្មសិទ្ធិបញ្ញានៅកម្ពុជា អនុប្បទានសិទ្ធិបំណុល អាពាហ៍ពិពាហ៍ ព្រមទាំងអត្ថបទស្ដីពីសុខភាព និងពាណិជ្ជកម្ម។ ផ្នែកទី២ ផ្តោតលើច្បាប់សាធារណៈ ដែលមានដូចជាប្រធានបទក្តៅស្ដីពីអាស៊ាន និងបញ្ហាប្រល័យពូជសាសន៍ ក្នុងទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ ចំណែកឯផ្នែកទី៣ ត្រូវបានបញ្ចូលអត្ថបទស្រាវជ្រាវជាប់ជ័យលាភី របស់និស្សិតកម្មសិក្សាការីរបស់សមាគម (ពន្ឋដារ និងនីតិសាងសង់) ក្នុងគោលបំណងលើកទឹកចិត្ត និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្មសិក្សាការី។


 
សូមបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០២១ សមាគមសាលាត្រាជូ បានបោះពុម្ពផ្សាយស្នាដៃ និងសមិទ្ធផលស្រាវជ្រាវជាច្រើន តាមរយៈគេហទំព័រ (www.salatraju.com)  និងបណ្តាញសង្គមក្នុងទម្រង់ជាឯកសារអេឡិចត្រូនិក (https://www.facebook.com/sala.traju) ។ ក្នុងនោះយើងបានបោះពុម្ពផ្សាយ យ៉ាងទូលំទូលាយប្រមាណ ៦៧អត្ថបទស្រាវជ្រាវ ២៩ជំនួយស្មារតី ២១វិចារណកថា និងស្នាដៃសៀវភៅសិក្សានីតិសាស្ត្រចំនួន៦ក្បាល បន្ថែមពីលើការស្រាវជ្រាវ និងការចងក្រង ក្រោមរូបភាពផ្សេងៗទៀតជាច្រើន។ ស្នាដៃទាំងនេះ ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកស្រាវជ្រាវ និងសិស្សនិស្សិត ដោយមូលហេតុថាសំណេរទាំងអស់នេះ បានជួយស្រាយបំភ្លឺចម្ងល់របស់មហាជន ស្ដីពីបញ្ហាគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងតថភាពសង្គម  និងជាមូលដ្ឋានសម្រាប់មជ្ឈដ្ឋានអ្នកច្បាប់ ដើម្បីសិក្សាស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត។
 
សមាគម សូមអំពាវនាវឱ្យមានការចូលរួមគាំទ្រទាំងផ្នែកស្មារតី ធនធាន និងសម្ភារៈ ពីបណ្តាសប្បុរសជន និងស្ថាប័ននានា ដើម្បីជំរុញដំណើរការផលិត និងបោះផ្សាយស្នាដៃនេះ ទៅតាមការគ្រោងទុក។ លើសពីនេះ យើងខ្ញុំក៏សូមអំពាវនាវ និងលើកទឹកចិត្តឱ្យមានការគាំទ្រ តាមរយៈការចូលរួមសរសេរតាក់តែងខ្លឹមសារអត្ថបទ ពីសំណាក់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ អ្នកជំនាញការច្បាប់ទាំងក្នុងវិស័យរដ្ឋ និងឯកជន ក៏ដូចជាការគាំទ្រជាវស្នាដៃពីសំណាក់សាធារណជន សិស្សនិស្សិត និងអ្នកចង់ស្វែងយល់ច្បាប់ ដើម្បីអនុញ្ញាតឱ្យគម្រោងមួយនេះ អាចមានវឌ្ឍនភាព និងនិរន្តរភាពទៅមុខយូរអង្វែង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com