ជាតិ
ពីនេះ ពីនោះ
មន្ទីរវប្បធម៌ខេត្តឧត្ដរមានជ័យ ចុះបញ្ជីវត្ថុបុរាណចំនួន៦៦ ក្នុងវត្តជ័យឧត្ដមចុងកាល់ ជាសម្បត្តិជាតិ
05, Mar 2022 , 7:19 pm        
រូបភាព
មន្ត្រីជំនាញ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ ចុះបញ្ជីវត្ថុបុរាណក្នុងវត្តចុងកាល់ជាសម្បត្តិជាតិ។ រូបភាព មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ។
មន្ត្រីជំនាញ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ ចុះបញ្ជីវត្ថុបុរាណក្នុងវត្តចុងកាល់ជាសម្បត្តិជាតិ។ រូបភាព មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ កាលពីពេលថ្មីៗនេះ បានចុះបញ្ជីវត្ថុបុរាណចំនួន៦៦ ជាសម្បត្តិជាតិ ដែលជាប្រភេទកុលាលភាជន៍ និងបំណែកចម្លាក់ប្រាសាទ ស្ថិតក្នុងវត្តឧត្ដមចុងកាល់។ បច្ចុប្បន្នវត្ថុបុរាណទាំងនោះ ត្រូវបានមន្ត្រីរក្សាទុកក្នុងវត្តឧត្ដមចុងកាល់ និងបើកឱ្យសាធារណជនចូលទស្សនា។

 
មន្ត្រីជំនាញ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ បានចុះបញ្ជីវត្ថុបុរាណចំនួន៦៦ ទុកជាសម្បត្តិជាតិ ស្ថិតក្នុងវត្តជ័យឧត្ដមចុងកាល់ ក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បន្ទាប់ពីប្រមូលបានពីពលរដ្ឋប្រគល់ជូនវត្ត និងមួយចំនួនចាប់បានពីជនខិលខូច។
 
បើតាមការអះអាងរបស់ លោក យាន យ៉ា មន្ត្រីជំនាញការិយាល័យបេតិកភណ្ឌ និងការិយាល័យសារមន្ទីរ ខេត្តឧត្ដរមានជ័យ វត្ថុបុរាណទាំងនោះជាប្រភេទកុលាលភាជន៍ធ្វើពីដីដុត រួមមានក្រឡ ផើង ក្អម ខួច ថូ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។ លោកបន្តថា ប្រភេទកុលាលភាជន៍ទាំងនោះ ត្រូវបានមន្ត្រីពិនិត្យឃើញថា ស្ថិតក្នុងសម័យកាលបុរេប្រវត្តិ និងសម័យអង្គរ។


មន្ត្រីជំនាញ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ ចុះបញ្ជីវត្ថុបុរាណក្នុងវត្តចុងកាល់ជាសម្បត្តិជាតិ។ រូបភាព មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ។ 

ក្រៅពីកុលាលភាជន៍ វត្ថុបុរាណ ដែលមន្ត្រីចុះបញ្ជីនោះ ក៏មានបំណែកសំណង់ប្រាសាទបុរាណផងដែរ ដូចជាផ្ដែរ ហោរជាងជាដើម ដែលធ្វើពីថ្មភក់។ នេះបើតាមលោក យាន យ៉ា ដោយបន្ថែមថា បំណែកសំណង់ប្រាសាទទាំងនោះ ភាគច្រើនស្ថិតក្នុងសម័យអង្គរ អំឡុងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។
 
ជុំវិញអាយុកាល នៃវត្ថុបុរាណខាងលើនេះ មន្ត្រីជំនាញការិយាល័យបេតិកភណ្ឌ និងការិយាល័យសារមន្ទីររូបនេះ ពន្យល់ដូច្នេះ៖ «យើងយកវាទៅសិក្សា ដោយប្រៀបធៀប ទៅនឹងស្ថានីយផ្សេងៗ ដែលធ្លាប់ស្រាវជ្រាវពីមុនមក ដូចជាក្រឡអ៊ីចឹង យើងយកវាប្រៀបធៀបជាមួយស្ថានីយផ្សេងៗ ដែលបានគេកំណាយច្បាស់លាស់ ប្រៀបធៀបរូបរាង ប្រភេទរបស់វា និងប្រៀបធៀបលើរចនាបថ»។
 
ក្រោយការចុះបញ្ជីរួចមក វត្ថុបុរាណទាំងនោះត្រូវបានដាក់តម្កល់នៅក្នុងវត្តជ័យឧត្ដមចុងកាល់នោះដដែល និងអនុញ្ញាតឱ្យពលរដ្ឋ ឬសាធារណជន អញ្ជើញទៅទស្សនាវត្ថុបុរាណទាំងនោះផងដែរ៕
 

Tag:
 ចុះបញ្ជីវត្ថុបុរាណ
  វត្តជ័យឧត្ដមចុងកាល់
  ឧត្ដរមានជ័យ
  មន្ទីរវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com