ជាតិ
ពីនេះ ពីនោះ
បន្លែតាមតំបន់ទាំង១០ប្រភេទ ដែលពលរដ្ឋភាគច្រើនមិនសូវស្គាល់
06, Mar 2022 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖  បន្លែធម្មជាតិដុះតាមស្រុកភូមិមួយចំនួន មានពលរដ្ឋខ្លះ មិនស្គាល់ និងមិនហ៊ានបរិភោគ។  រុក្ខជាតិប្រភេទខ្លះមានដុះច្រើននៅតាមតំបន់ ប៉ុន្ដែពលរដ្ឋខ្លះមិនដឹងថា ប្រភេទរុក្ខជាតិទាំងនោះ អាចបរិភោគបានផង។ ថ្ងៃនេះ សារព័ត៌មានថ្មីៗ នឹងលើកយកបន្លែតាមតំបន់ចំនួន១០ប្រភេទ មកបង្ហាញអ្នកអានឱ្យបានស្គាល់ និងស្វែងយល់ពីលក្ខណៈសម្គាល់ខ្លះៗ។

 
ស្លឹកកត្រាច៖ ជារុក្ខជាតិបន្លែមួយប្រភេទ ដែលត្រូវបានពលរដ្ឋ រស់នៅតាមតំបន់ភ្នំស្គាល់ភាគច្រើន និងដាក់ឈ្មោះឱ្យ។ ដើមរបស់វាជាដើមទោល មានបន្លាមុត ស្រួច និងវែង ជាងបន្លាឈូក។ កត្រាច អាចមានកម្ពស់ចន្លោះពីកន្លះ ទៅមួយម៉ែត្រ។ វាច្រើនដុះតាមស្ទឹង ក្នុងតំបន់ដែលមានភ្នំ និងទឹកជ្រោះ។ រុក្ខជាតិនេះ គេអាចប្រើបា្រស់បាននៅពេលខ្ចី ទាំងដើម និងស្លឹក។ រសជាតិរបស់វាល្វីងឡមៗ។ អាចយកធ្វើអន្លក់ ស្លម្ជូរ ឆា និងស្ងោរជាដើម។


ស្លឹកកត្រាត
 
ម្ជូរល្មម ឬម្ជូរព្រឹក្ស ៖ រុក្ខជាតិនេះប្រើសម្រាប់ធ្វើជាគ្រឿង បន្ថែមរសជាតិជូរ និងអាចច្នៃធ្វើជាភេសជ្ជៈ និងដំណាប់បាន។ រុក្ខជាតិប្រភេទនេះ ត្រូវបានគេដាំដោយងាយ។ សម្រាប់ស្លឹករបស់វា គេក៏អាចធ្វើជាបន្លែបានផងដែរ។ ផ្លែវា គេអាចយកទៅស្លម្ជូរ ឬអាចធ្វើជាភេសជ្ជៈសម្រាប់បរិភោគ។ ពលរដ្ឋខ្លះ ប្រើរុក្ខជាតិប្រភេទនេះ សម្រាប់ធ្វើជាឱសថ ដើម្បីព្យាបាលជំងឺមួយចំនួនផងដែរ។


ផ្លែម្ជូរព្រឹក្ស ឬ ម្ជូរល្មម
 
ត្រកៀត៖  ជារុក្ខជាតិដែលច្រើនដុះនៅតាម ស្រុក ស្រែចម្ការ។ ជាពិសេសនៅក្នុងខេត្តស្វាយរៀង និងព្រៃវែង។  ដើម និងស្លឹករបស់វាមានពណ៌បៃតង  រសប្រហែលរសក្ដាត នៅពេលស្លឆ្អិនរុក្ខជាតិងាយរញម និងទន់ នៅពេលត្រូវកម្ដៅ។ វាអាចយកធ្វើជាអន្លក់ ស្លម្ជូរ  និងឆា ។


ស្លឹកត្រកៀត
 
ស្លឹកកាប៉ាល់ហោះឬ ស្ពៃទឹក៖  ជាបន្លែព្រៃមួយប្រភេទ ដែល គេអាចយកទៅស្លប្រហើរ ស្លម្ជូរ កកូរ ធ្វើអន្លក់ទឹកគ្រឿង បន្លែសម្រាប់ផ្ទាប់ជាមួយប្រហុក ផ្អក អន្លក់នំបញ្ចុក បាញ់ឆែវ និងអាចយកធ្វើជ្រក់ដូចស្ពៃក៏បាន។ សម្រាប់រសជាតិរបស់វា  ផ្អែមស្រាល និងក្លិនប្រហើរនៅពេលស្លឆ្អិន ហើយរសជាតិហាក់ប្លែកជាងបន្លែដទៃ។ ក្លិន និងរសជាតិរបស់រុក្ខជាតិនេះ អាចធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ។ ប្រសិនបើគេយកវាជាបន្លែស្រស់ធ្វើជាអន្លក់វិញ រសជាតិប្រហែលទៅនឹងត្រួយកាហ្វេ ប៉ុន្ដែវាមិនចត់ និងទន់ជាងត្រួយកាហ្វេ។


ស្លឹកកាប៉ាលហោះ ឬស្លឹកស្ពៃទឹក
 
ស្លឹកសាវម៉ាវព្រៃ៖ រុក្ខជាតិប្រភេទនេះ ភាគច្រើនដុះនៅព្រៃ និងឆ្ងាយពីផ្ទះអ្នកភូមិ។ ភាគច្រើនប្រសិនបើវាដុះជិតផ្ទះ ពលរដ្ឋច្រើនកាប់ ឬបោចវាចោល ព្រោះរុក្ខជាតិប្រភេទនេះដល់រដូវ តែងមានដង្កូវជាប្រចាំ ដូច្នេះទើបគេមិនសូវទុក។ រុក្ខជាតិនេះ ត្រូវគេប្រើស្លឹកខ្ចី និងត្រួយរបស់វា សម្រាប់ធ្វើជាបន្លែអន្លក់ ឬយកទៅស្លកកូរ។ រសរបស់វាផ្អែម និងហាងតិចៗ តែវានឹងបាត់រសហាងនៅពេលដែលស្លឆ្អិន។


ស្លឹកសាវម៉ាវ រូបភាពដោយលោក កង វង
 
ស្លឹកតាសក់ស្វា៖ ភាគច្រើន ដុះនៅរដូវប្រាំង ចន្លោះពីខែមករា ដល់មេសាជាងរៀងរាល់ឆ្នាំ។ ស្លឹកវាត្រូវបានពលរដ្ឋក្នុងខេត្តកណ្ដាល ស្ថិតតាមដងទន្លេមេគង្គក្រោម ស្គាល់និងពេញនិយមបរិភោគ។ ស្លឹកនិងត្រួយរបស់វា មានរសផ្អែម ចំណែកឯផ្លែគេអាចរយទៅជ្រលក់អំបិល នៅពេលទុំ។ លក្ខណៈពិសេសស្លឹក និងត្រួយរបស់វា គឺនឹងប្រែទៅជាល្វីងនៅពេលដែលត្រូវទឹកភ្លៀង ប៉ុន្ដែនូវអាចបរិភោគបានធម្មតា។


ស្លឹកតាសក់ស្វា
 
ស្លឹកទឹកវ៉ា៖ រុក្ខជាតិនេះ មានតាមរដូវដូចស្លឹកតាសក់ស្វាដែរ ប៉ុន្ដែវាសម្បូរជាង។  ពលរដ្ឋភាគច្រើនបរិភោគស្លឹក រុក្ខជាតិប្រភេទនេះដើម្បីបញ្ចុះកម្ដៅក្នុងខ្លួន ដោយយកវាទៅស្ល ឬ ដាំទឹកបរិភោគ។  បើធៀបរសរបស់វា អាចនឹងមិនសូវផ្អែមដូចស្លឹកតាសក់ស្វាទេ ប៉ុន្ដែពលរដ្ឋពេញនិយមបរិភោគ។ ស្លឹកប្រភេទនេះគេអាច យកទៅស្ងោរ ស្លកកូរ និងស្លប្រហើរបានម្ដងម្កាល។
ស្លឹកប្រមាត់ដី៖  រុក្ខជាតិនេះ ត្រូវបានប្រជាជនភាគច្រើនស្គាល់ ទោះបីវាដុះតាមតំបន់ក្តី មូលហេតុដោយសារវាត្រូវបានអាជីវករមួយចំនួន លក់នៅតាមទីផ្សារទាំងនៅស្រុកស្រែចម្ការ និងនៅរាជធានីភ្នំពេញ។ ប្រមាត់ដី តែងដុះនៅរដូវប្រាំងលើដីដែលមានសំណើម ក្នុងសម្បូរជីជាតិ។ រសរបស់វាល្វីង ប៉ុន្ដែអាចស្លកកូរ ប្រហើរជាមួយដំឡូង ត្រាវ ល្ពៅជាដើម។
 
ស្លឹកឈូក៖  ជាបន្លែ ឬអន្លក់សម្រាប់អ្នកស្រុកស្រែចម្ការ។ ចំពោះបន្លែប្រភេទនេះ ពលរដ្ឋភាគច្រើន មិនដឹងថា ស្លឹកឈូកអាចយកធ្វើអន្លក់ ឬយកទៅស្លឡើយ។ មូលហេតុអាចដោយសារបច្ចុប្បន្ន បន្លែសម្បូរបែប  ចំណែកឯឈូកក៏មិនសូវសម្បូរ ឯរសជាតិក៏គេពលរដ្ឋមិននិយម។ ចំពោះរសរបស់វានៅពេលស្រស់ គឺចត់ៗនិងស្កាតៗ ប៉ុន្ដែនៅពេលយកទៅស្លឆ្អិន មានរសជាតិចត់ៗតិចៗ។  


ស្លឹកឈូក

ផ្កាកណ្ដឹងគោ៖ ដើមរុក្ខជាតិប្រភេទនេះ មានសណ្ឋានជាវល្លិភាគច្រើនមានដុះតាមព្រៃតូចៗក្បែរផ្ទះ។ ពលរដ្ឋភាគច្រើនដែលរស់នៅក្នុងខេត្តព្រៃវែង និងស្វាយរៀងស្គាល់ និងធ្លាប់បរិភោគ។ ផ្កាប្រភេទនេះ គេអាចយកធ្វើជាបន្លែសម្រាប់ស្លក៏កូរ។ ផ្កាកណ្ដឹងគោ អាចចាប់ច្រឡំជាមួយផ្កាផ្ញៀវ៕  
 

 ប្រម៉ាត់ដី

 

Tag:
 បន្លែតាមតំបន់
  ពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com