ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រើពេលតែជាង៣ខែ បក្សភ្លើងទៀន អាចដាក់បេក្ខជនតាមឃុំ-សង្កាត់បានជិត១០០ភាគរយ
07, Mar 2022 , 6:39 pm        
រូបភាព
សកម្មភាព​លើកស្លាកគណបក្ស​ភ្លើងទៀន ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុក គណបក្សភ្លើងទៀន Candlelight Party
សកម្មភាព​លើកស្លាកគណបក្ស​ភ្លើងទៀន ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុក គណបក្សភ្លើងទៀន Candlelight Party
ដោយ: ថ្មីៗ
ក្រោមគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ក្រៅពីនេះ គណបក្សភ្លើងទៀន មានបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ច្រើនជាងគេ។


ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១៦៥២នៅទូទាំងប្រទេស គណបក្សភ្លើងទៀនបានរៀបចំបញ្ជីឈ្មោះបេក្ខជនឈរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បាន១៦៣២ឃុំ-សង្កាត់ សម្រាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ជាអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

រីឯចំនួនបេក្ខជនពេញសិទ្ធិសរុប សម្រាប់ឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ ត្រូវបានកំណត់យក១១៦២២នាក់។ ផ្អែកលើសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. ដដែល គណបក្សភ្លើងទៀន រៀបចំបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បាន២៣៣៦៧នាក់ ដោយរាប់ទាំងបេក្ខជនបម្រុងផង។

តួលេខរបស់គ.ជ.ប. ខុសគ្នាបន្តិចពីតួលេខរបស់គណបក្សភ្លើងទៀន។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ចេញនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បង្ហាញថា គណបក្សភ្លើងទៀន រៀបចំបញ្ជីឈ្មោះបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បាន១៦៤៩ឃុំ-សង្កាត់ មិនមែន១៦៣២ឃុំ-សង្កាត់នោះទេ។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់សារព័ត៌មានថ្មីៗថា គណបក្សភ្លើងទៀន កំពុងផ្ទៀងផ្ទាត់របាយការណ៍ពីមន្រ្តីមូលដ្ឋានរបស់គណបក្សភ្លើងទៀន ទៅនឹងរបាយការណ៍របស់គ.ជ.ប. អំពីតួលេខនៃបញ្ជីឈ្មោះបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។

ផ្អែកលើសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. ក្នុងចំណោមគណបក្សទាំង៤៥នៅកម្ពុជា មានគណបក្ស១៧ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ គណបក្សទាំង១៧នោះ គឺ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប. មើលឃើញថា ចំនួន១៧គណបក្ស ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ គឺជាចំនួនសមរម្យល្មម។ លោក មានប្រសាសន៍ថា៖«គណបក្សខ្លះ បង្កើតឡើង មិនមែនដើម្បីប្រកួតប្រជែងទេ គឺដើម្បីរក្សាអត្តសញ្ញាណអ្វីមួយ។ ឧទាហរណ៍ថា ឪពុកគាត់ ធ្លាប់ជាប្រធានគណបក្សណាមួយ កូនគាត់ ក៏រក្សាអត្តសញ្ញាណ ដែលឪពុកធ្លាប់ធ្វើជាប្រធានគណបក្សនោះមក។ [១៧គណបក្ស] មិនតិចទេ»។

បើមើលសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. គេ នឹងអាចដឹងថា ក្រៅពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច គណបក្សភ្លើងទៀន មានលទ្ធភាពរៀបចំបញ្ជីឈ្មោះបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានច្រើនជាងគេ។ គណបក្សប្រជាជនកម្ពុជា រៀបចំបញ្ជីបេក្ខជនឈរបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ បាន១០០ភាគរយ ពោគឺរៀបចំបានទាំង១៦៥២ឃុំ-សង្កាត់។ បន្ទាប់ពីគណបក្សភ្លើងទៀន គឺគណបក្សហ៊្វុនស៊ិនប៉ិច ហើយបន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច គឺគណបក្សខ្មែររួបរួមជាតិ។ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច រៀបចំបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានតិចជាងគេ។

គណបក្សភ្លើងទៀន បង្ហាញពីមោទនភាពរបស់ខ្លួន ក្នុងសេចក្តីប្រកាសព័ត៌មានថា៖«គណបក្សភ្លើងទៀន បានចាប់ផ្តើមដំណើរការឡើងវិញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានផ្អាកដំណើរការជាង៤ឆ្នាំកន្លងមក។ បើគិតពីថិរវេលា ដែលបានចាប់ផ្តើមធ្វើសកម្មភាព មានរយៈពេលតែជាង៣ខែប៉ុណ្ណោះ គណបក្ស បានរៀបចំរចនាសម្ព័ន្ធគណបក្សឃុំ-សង្កាត់ បានចំនួន១៦៤៩ឃុំ-សង្កាត់ នៅទូទាំងប្រទេស។ ផ្តើមចេញពីលទ្ធផលដ៏អស្ចារ្យនេះ បានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាពលរដ្ឋខ្មែរ មានឆន្ទៈដ៏មុះមុត ចង់បានការផ្លាស់ប្តូរមួយតាមរយៈការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ»។

លោក ថាច់ សេដ្ឋា អះអាងថា ទោះជាគណបក្សភ្លើងទៀន បានចុះឈ្មោះនៅគ.ជ.ប. ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់រួចហើយក្តី តែគណបក្សភ្លើងទៀន មិនប្រាកដ១០០ភាគរយ ថានឹងចូលរួមនោះទេ។ លោក បន្តថា គណបក្សភ្លើងទៀន នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត បើប្រជាពលរដ្ឋ គាំទ្រឲ្យចូលរួម ហើយនឹងមិនចូលរួមឡើយ បើប្រជាពលរដ្ឋ មិនគាំទ្រឲ្យចូលរួម។

អ្នកនាំពាក្យគណបក្សភ្លើងទៀន ថ្លែងថា៖«បើចូលរួម យើង អាចទទួលបានអាសនៈនៅឃុំ-សង្កាត់ខ្លះ និង [ជាប់ជា] មេឃុំ ចៅសង្កាត់ខ្លះ តែបានប៉ុន្មានមិនទាន់ដឹងទេ»។

អ្វី ដែលគេសង្កេតឃើញគណបក្សភ្លើងទៀន កំពុងសកម្មខ្លាំង គឺការដើរប្រមូលកម្លាំងអ្នកគាំទ្រឡើងវិញ ការលើកស្លាកគណបក្ស រួមទាំងការរៀបចំបញ្ជីឈ្មោះបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នេះឯង។ គណបក្សភ្លើងទៀន ប្តូរឈ្មោះមកពីគណបក្ស សម រង្ស៊ី។ គណបក្ស សម រង្ស៊ី ដែលបង្កើតឡើងដោយលោក សម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស ដែលបង្កើតឡើងដោយលោក កឹម សុខា បានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១២។ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង គណបក្សទាំង២នេះ ក៏ត្រូវទុកចោល។ បច្ចុប្បន្ន ទោះគណបក្សភ្លើងទៀន ធ្វើសកម្មភាពឡើងវិញក្តី តែគណបក្សសិទ្ធិមនុស្ស នៅតែស្ងៀមស្ងាត់ដដែល។

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស កំពុងបំផុសបំផុលពាក្យស្លោកមួយថា៖«គំនិតខ្ញុំកើត កំណើតខ្ញុំមាន នាំគ្នាអុជទៀន សង្គ្រោះជាតិយើង»។ រាល់ពិធីជួបជុំគ្នា ក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស តែអុជទៀនជានិច្ច។ យ៉ាងណា ពួកគេ ពិសេសលោក សម រង្ស៊ី ប្រកាសថា មិននៅពីក្រោយ ឬពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀនឡើយ៕

Tag:
 គណបក្សភ្លើងទៀន
  បោះឆ្នោតឃុំ-សង្កាត់
  អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com