ជាតិ
ពីនេះ ពីនោះ
អាជ្ញាធរស្រុកឆែប ត្រៀមដី៣៦ហិកតា ធ្វើទីលានចាក់សំរាម
10, Mar 2022 , 10:36 am        
រូបភាព
សកម្មភាពឈូសឆាយ ធ្វើផ្លូវចូលទីលានចាក់សំរាម ស្ថិតក្នុងភូមិឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុក លោក អ៊ុំ សុភឿន អភិបាលរងស្រុកឆែប។
សកម្មភាពឈូសឆាយ ធ្វើផ្លូវចូលទីលានចាក់សំរាម ស្ថិតក្នុងភូមិឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុក លោក អ៊ុំ សុភឿន អភិបាលរងស្រុកឆែប។
រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ ត្រៀមដី៣៦ហិកតា សម្រាប់ធ្វើជាទីលានចាក់សំរាម ដើម្បីលើកកម្ពស់អនាម័យ និងគ្រប់គ្រងសំណល់។ អភិបាលស្រុកឆែប រំពឹងថាទីលានចាក់សំរាមនេះ នឹងធ្វើឱ្យស្រុកឆែប ក្លាយជាស្រុកដែលលែងមានសំរាមឥតសណ្ដាប់ធ្នាប់ និងបង្កើនសោភ័ណភាពមូលដ្ឋាន។

លោក សុក សាន្តតារា អភិបាលស្រុកឆែប ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទថា រដ្ឋបាលស្រុកឆែប នឹងមានទីលានចាក់សំរាម ដើម្បីប្រមូលសំណល់រឹងរាវ សម្រាប់បម្រើនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅលើផ្ទៃដី៣៦ហិកតា។ គម្រោងស្ថាបនាទីលានចាក់សំរាមនេះ លោក សាន្តតារា បញ្ជាក់ថា ជាយុទ្ធនាការមួយរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងមហាផ្ទៃ ដោយតម្រូវឱ្យក្នុងស្រុកមួយ មានទីលានចាក់សំរាមមួយយ៉ាងតិច។ 
 
ការស្ថាបនាទីលានចាក់សំរាមនេះ នឹងធ្វើឱ្យស្រុកឆែបមានទីតាំងចាក់សំរាមត្រឹមត្រូវ និងកាត់បន្ថយការចោលសំណល់គ្មានសណ្ដាប់ធ្នាប់ បង្កើនសោភ័ណភាព និងទទួលបានបរិស្ថានស្អាត។ នេះជាការលើកឡើង របស់លោក សាន្តតារា ដោយបន្ថែមថា៖ «ពីមួយឆ្នាំ ទៅមួយឆ្នាំកំណើនប្រជាជនមានការកើនឡើង កាកសំណល់កើនឡើងទ្វេដង ដូច្នេះកាកសំណល់ត្រូវមានកន្លែងចាក់ត្រឹមត្រូវ ហើយយើងដោះស្រាយទាំងពេលបច្ចុប្បន្ន និងអនាគតផងដែរ»។ 
 
ជុំវិញការស្ថាបនាទីលានចាក់សំរាមនេះ អភិបាលស្រុករូបនេះ មិនទាន់អាចបញ្ជាក់ពីកាលកំណត់ស្ថាបនានៅឡើយនោះទេ ដោយស្ថិតក្នុងដំណើរការផ្លូវច្បាប់ និងស្វែងរកដៃគូគាំទ្រ។ ដ្បិតការស្ថាបនានេះ ស្ថិតក្នុងដំណើរការក៏ពិតមែន ប៉ុន្តែលោក សុក សាន្តតារា រំពឹងថាទីលានចាក់សំរាមមួយនេះ នឹងលេចជារូបរាង និងបម្រើដល់ពលរដ្ឋ ក្នុងស្រុកឆែប ហើយធ្វើឱ្យស្រុកឆែបមានសោភ័ណភាព បរិស្ថានល្អប្រសើរ និងពលរដ្ឋទទួលបានសុខភាពល្អ៕
 
 

Tag:
 ThmeyThmey25
  រដ្ឋបាលខេត្តព្រះវិហារ
  ស្រុកឆែប
© រក្សាសិទ្ធិដោយ thmeythmey.com