ជាតិ
សង្គមស៊ីវិល ឱ្យច្បាស់ជាសង្គមស៊ីវិល កុំឆ្លៀតគាំទ្រចលនានយោបាយ!
12, Mar 2022 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
លិខិតមិត្តអ្នកអាន
ដោយ៖ នីកូឡា វណ្ណ ទីក្រុងប៉ារីស 
 
វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជារឿងដ៏កម្រមួយដែលបេក្ខភាពជ័យលាភីបានប្រកាសដកខ្លួនចេញពីកម្មវិធីដែលហៀបនឹងត្រូវប្រកាសទៅហើយនោះ។ នេះជាពិសោធន៍មួយដ៏ល្អដែលធ្វើឱ្យអង្គការសង្គមស៊ីវិលនៅកម្ពុជាទាំងអស់បានរំឭក និងពិនិត្យមើលខ្លួនឯងឡើងវិញអំពីសកម្មភាព និងបេសកកម្មរបស់ខ្លួន ថាខ្លួនពិតជាបានធ្វើសកម្មភាពត្រឹមត្រូវដែរឬទេ?
 
កាលពីពេលថ្មីៗនេះ អង្គការអន្តរជាតិក្នុងស្រុកមួយឈ្មោះតម្លាភាពកម្ពុជាបានគ្រោងរៀបចំប្រកាសជ័យលាភី«ស្ត្រី១០រូបដែលមានឥទ្ធិពលនៅកម្ពុជាឆ្នាំ២០២១»។ ថ្ងៃកម្មវិធីជិតមកដល់ ស្រាប់តែបេក្ខភាពស្ត្រី២ឆ្នើមពីររូបបានប្រកាសដកខ្លួនចេញពីកម្មវិធីនេះ ដែលធ្វើឱ្យអ្នករៀបចំត្រូវបង្ខំចិត្តផ្អាក ឬពន្យាកម្មវិធីនេះវិញ។ 
 
មូលហេតុយ៉ាងសាមញ្ញដែលធ្វើឱ្យកម្មវិធីនេះត្រូវផ្អាកសកម្មភាពទៅវិញនោះ គឺការធ្វើពហិកា ឬការដកខ្លួនរបស់បេក្ខភាពស្ត្រីពីររូប ដែលយល់ឃើញថា អង្គការតម្លាភាពកំពុងទាញភ្ជាប់ពួកគេទៅនឹងបរិការណ៍នយោបាយ។ ស្ត្រីទាំងពីរក៏ទំនងជាគិតផងដែរថា ពួកគេត្រូវបានជ្រើសរើសដើម្បីបំពេញកម្មវិធីមួយដែល គេលួចបន្ថែមតម្លៃទៅឱ្យអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិគឺលោកស្រី មូរ សុខហួរ ពីព្រោះកម្មវិធីនេះត្រូវបានគេដាក់ឈ្មោះថា ស្ត្រីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១។
 
លោកស្រីឧកញ៉ា កែវ មុំ ដែលជាសហគ្រិនស្ត្រី និងលោកស្រី កែ ឡេង ដែលជាវីរកីឡាការិនីឆ្នើមរបស់កម្ពុជា បានប្រតិកម្មយ៉ាងត្រឹមត្រូវជំទាស់នឹងកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា ដោយបានដកខ្លួនចេញពីកម្មវិធីនេះ។
 
អង្គការ សមាគមនានាមិនត្រូវភ្លេចទេថា ពួកគេត្រូវធ្វើសកម្មភាពស្របតាមលក្ខន្តិកៈដែលត្រូវបានតម្កល់នៅក្រសួងមហាផ្ទៃ និងជាពិសេសនៅក្រោមច្បាប់របស់កម្ពុជាជាធរមាន។ មាត្រា ២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលត្រូវបានឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី១២ខែសីហាឆ្នាំ២០១៥ ចែងថា៖«អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា»។ អង្គការសមាគមគួរតែចងចាំនូវចំណុចនេះ។ ម្យ៉ាងវិញទៀត អង្គការសមាគមទាំងនោះ ក៏សរសេរចែងទុកនូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនផងដែរ។ សូមមើលចំណុចជាមូលដ្ឋានគ្រឹះទាំងនោះឡើងវិញ!
 
ជាច្រើនឆ្នាំមកហើយ មានអង្គការ សមាគមមិនមែនរដ្ឋាភិបាលមួយចំនួនបានប្រមូលផ្តុំគ្នាជាប្រព័ន្ធ ហើយធ្វើសកម្មភាពគាំទ្រចលនានយោបាយដោយផ្ទាល់ផង និងដោយប្រយោលផង។
 
កម្ពុជាត្រូវការដៃគូជាអង្គការសមាគមគ្រប់ទម្រង់ទាំងអស់ដើម្បីរួមគ្នាអភិវឌ្ឍកម្ពុជា និងជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ អង្គការ សមាគម ទាំងអស់គួរតែបំពេញបេសកកម្មទៅតាមតែជំនាញរបស់ខ្លួន អាណត្តិរបស់ខ្លួនឱ្យបានត្រឹមត្រូវ នោះវាជាការប្រសើររួចទៅហើយ។ សូមកុំបន្លំឆ្លៀតគាំទ្រចលនា! គេមើលដឹង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com