អន្តរជាតិ
តើធនាគារអភិវឌ្ឍន៍អាស៊ី ADB រួមចំណែកបែបណាដល់ការអភិវឌ្ឍចាប់ពីឆ្នាំ ១៩៦០?
14, Mar 2022 , 3:54 pm        
រូបភាព
រូបភាពពីគេហទំព័រធនាគារអភិវឌ្ឍអាស៊ី ADB
រូបភាពពីគេហទំព័រធនាគារអភិវឌ្ឍអាស៊ី ADB
ដោយ: ថ្មីៗ
នៅដើមទសវត្សរ៍នៃឆ្នាំ១៩៦០ ធនាគារអភិវឌ្ឍន៍អាស៊ីត្រូវបានបង្កើតឡើងដើម្បីជួយស្ដារសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងចំណោមបណ្តាប្រទេសនានាក្នុងតំបន់។ ការបង្កើតឡើងនៃស្ថាប័នហិរញ្ញវត្ថុនេះធ្វើឡើង តាមរយៈការអនុម័តដំណោះស្រាយមួយនៅសន្និសីទរដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី និងរៀបចំដោយគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី និងចុងបូព៌ា។
 
នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៦៦ រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនត្រូវបានគេជ្រើសរើសជាទីស្នាក់ការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ជាភាសាអង់គ្លេសថា ADB ។ ដោយមានប្រទេស ៣១ ជាសមាជិក និងមានលោក តាកេឈី វ៉ាតាណាប៉េ (Takeshi Watanabe) ជាប្រធានដំបូងគេបង្អស់ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្ដោតសំខាន់ទៅលើផលិតកម្មស្បៀងអាហារហូបចុក និងការអភិវឌ្ឍជនបទ។ ខាងក្រោមនេះជាសកម្មភាពសំខាន់ៗរបស់ធនាគារចាប់ពីឆ្នាំ ១៩៧០មកដល់បច្ចុប្បន្ន៖ 

ទសវត្សរ៍ឆ្នាំ ១៩៧០
 
ក្នុងពេលនោះ ពិភពលោកកំពុងជួបប្រទះបញ្ហាប្រេងកាតឡើងថ្លៃជាលើកដំបូង។ ដើម្បីរួមចំណែកជួយដោះស្រាយ ស្ថាប័នហិរញ្ញវត្ថុអាស៊ីមួយនេះបានចូលរួមគាំទ្រគម្រោងនានាដែលទាក់ទងជាមួយនឹងវិស័យថាមពល ជាពិសេសក្នុងចំណោមរដ្ឋដែលជាសមាជិក។ 
 
វិធានការសំខាន់គឺ ធនាគារនេះបានទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុរបស់អង្គការ និងស្ថាប័ននានាដែលពាក់ព័ន្ធ។ ធនាគារនេះក៏បានបោះផ្សាយមូលបត្របំណុល ជាលើកដំបូងក្នុងទំហំទឹកប្រាក់ ១៦, ៧ លានដុល្លារអាមេរិក នៅប្រទេសជប៉ុនផងដែរក្នុងឆ្នាំ១៩៧០។ នាឆ្នាំ១៩៧៤ មូលនិធិអភិវឌ្ឍន៍អាស៊ីក៏ត្រូវបានគេបង្កើតឡើងផងដែរ ដើម្បីផ្ដល់កម្ចីជាមួយនឹងការប្រាក់ដ៏ទាបទៅកាន់សមាជិករបស់ធនាគារដែលកំពុងជួបការខ្វះខាត។ មកទល់ចុងទសវត្សរ៍ឆ្នាំ ១៩៧០ គេសង្កេតឃើញមានការរីកច្រើនគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ហើយប្រទេសទាំងនោះក៏លែងបន្តពឹងផ្អែកលើ ជំនួយពីធនាគារនេះផងដែរ។ 
 
ទសវត្សរ៍ឆ្នាំ ១៩៨០
 
នៅពេលពិភពលោកជួបប្រទះនឹងវិបត្តិប្រេងកាតលើកទី២ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្តចូលរួមលើកស្ទួយការអភិវឌ្ឍ ជាពិសេសនៅក្នុងគម្រោងនានាក្នុងវិស័យថាមពលផងដែរ។ ស្ថាប័ននេះក៏បានបង្កើនការគាំទ្រលើការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្នែកមីក្រូហិរញ្ញវត្ថុ បរិស្ថាន អប់រំ នគរូបនីយកម្ម សុខុមាលភាពសាធារណៈ និងគម្រោងលើកស្ទួយស្ត្រី និងកុមារីផងដែរ។ ក្នុងឆ្នាំ១៩៨២ ធនាគារអភិវឌ្ឍន៍អាស៊ីបានបើកការិយាល័យរបស់ខ្លួនមួយទៀតនៅឯប្រទេសបង់ក្លាដែស។ 

ទសវត្សរ៍ឆ្នាំ ១៩៩០
នាឆ្នាំ១៩៩៥ ធនាគារអភិវឌ្ឍន៍អាស៊ីបានក្លាយទៅជាស្ថាប័នពហុភាគីទីមួយ ដែលបានដាក់ដំណើរការឲ្យមានគោលនយោបាយអភិបាលកិច្ចដែលអនុម័តដោយក្រុមប្រឹក្សាភិបាលដើម្បីជួយដល់ប្រជាជនក្រីក្រ។
 
គោលនយោបាយទៅលើការផ្លាស់ប្ដូរទីលំនៅដោយមិនស្ម័គ្រចិត្ត និងគោលនយោបាយទៅលើជនជាតិភាគតិចក៏ត្រូវបានគេដាក់ឲ្យដំណើរការផងដែរ។ ក្រោយពីសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានទទួលសមាជិកបន្ថែមជាពិសេសក្រុមប្រទេសដែលមកពីតំបន់អាស៊ីកណ្ដាល។ ក្នុងពេលវិបត្តិហិរញ្ញវត្ថុកើតឡើងក្នុងឆ្នាំ១៩៩៧ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានឆ្លើយតបដោយដាក់ចេញគម្រោង និងសកម្មភាពផ្សេងៗដែលអាចជួយធានាឱ្យមានសុវត្ថិភាពសង្គមសម្រាប់ប្រជាជនក្រីក្រ។ អ្វីដែលសំខាន់ធនាគារនេះក៏បានផ្ដល់កម្ចីដ៏ធំជាងគេរបស់ខ្លួនក្នុងទំហំប្រមាណ ៤ពាន់លានដុល្លារទៅកាន់សាធារណរដ្ឋកូរ៉េផងដែរ នាពេលនោះ។ 
 
ទសវត្សរ៍ឆ្នាំ ២០០០
 
ធនាគារអភិវឌ្ឍន៍អាស៊ីចាប់ផ្តើមចូលរួមជួយដល់ប្រទេសជាសមាជិករបស់ខ្លួន ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហវត្ស (MDGs)។ ចូលដល់ឆ្នាំ២០០៣ ក្នុងពេលដែលមេរោគផ្លូវដង្ហើម SARS ផ្ទុះឡើងនៅអាស៊ី ធនាគារនេះក៏បានចាត់វិធានការជួយទ្រទ្រង់ក្នុងកម្រិតតំបន់ និងថ្នាក់ជាតិផងដែរដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺនេះក៏ដូចជាជំងឺអេដស៍ផងដែរ។ ក្រៅពីជំងឺឆ្លងនេះ ស្ថាប័ននេះក៏ផ្តល់ជំនួយទ្រទ្រង់ដល់ការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិដូចគ្នា។ ជំនួយទំហំប្រមាណ ៨៥០លានដុល្លារត្រូវបានផ្ដល់ឱ្យតំបន់មួយចំនួននៅឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាល់ឌីវ និងស្រីលង្កា ដែលបានទទួលរងគ្រោះមហន្តរាយធម្មជាតិរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០០៤។ 
 
ជំនួយទំហំ ១ពាន់លានដុល្លារក៏ត្រូវបានផ្ដល់ឲ្យប្រទេសប៉ាគីស្ថានដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយរញ្ជួយដីផងដែរកាលពីឆ្នាំ២០០៥។ ក្នុងឆ្នាំ២០០៩ ថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានយល់ព្រមក្នុងការពង្រីកធនធានហិរញ្ញវត្ថុរបស់ខ្លួនពី ៥៥ ពាន់លានដុល្លារទៅដល់ ១៦៥ពាន់លានដុល្លារ ក្នុងបំណងឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសាកលផងដែរ។ 
 
ទសវត្សរ៍ឆ្នាំ ២០១០

ក្នុងទសវត្សរ៍មួយនេះ អាស៊ីបានងើបរួចផុតពីវិបត្តិសេដ្ឋកិច្ចហើយក៏បានក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់មួយដែរនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ពិភពលោក។  ទោះជាដូច្នេះក្តី ពីរភាគបីនៃប្រជាជនសរុបលើពិភពលោកដែលមានជីវភាពក្រីក្រ គឺរស់នៅក្នុងទ្វីបអាស៊ី។ គម្លាតរវាងអ្នកមាន និងអ្នកក្រនៅតែបន្តកើតមានឡើង។ ក្នុងឆ្នាំ២០១៤ ធនាគារអភិវឌ្ឍន៍អាស៊ីបានពង្រីកការិយាល័យរបស់ខ្លួនទៅកាន់ទីក្រុងណៃពីដោ និងទីក្រុងយ៉ាំងហ្គោនរបស់មីយ៉ាន់ម៉ា។ 
 
ទោះធនាគារមួយនេះបានកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានជាងពាក់កណ្ដាលក៏ដោយ ក៏គេនៅតែឃើញមានប្រជាជនប្រមាណ ១,២ ពាន់លាននាក់នៅតែបន្តរកចំណូលបានក្រោម ៣,១ ដុល្លារក្នុងមួយថ្ងៃ។ ពលរដ្ឋប្រមាណ ៦០០លាននាក់នៅតែមិនទាន់មានភ្លើងអគ្គីសនីប្រើប្រាស់ ហើយប្រជាជនប្រមាណជា១,៧ ពាន់លាននាក់នៅតែមិនទាន់ទទួលបានការរស់នៅប្រកបអនាម័យសមរម្យនៅឡើយ។ នៅមានការងារជាច្រើនទៀតដែលគេត្រូវធ្វើ ជាពិសេសជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលជាកិច្ចបន្តចេញពីការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្ស ៕

ប្រែសម្រួលដោយ​ គី ចំណា
ប្រភព៖ https://www.adb.org/who-we-are/
 

© រក្សាសិទ្ធិដោយ thmeythmey.com