ជាតិ
ពីនេះ ពីនោះ
អ្នកនាំពាក្យ៖ ចលនាមេត្រីភាពបរិស្ថាន ធ្វើឱ្យពលរដ្ឋយល់ច្បាស់ពីបញ្ហា និងការពារធនធានធម្មជាតិ
15, Mar 2022 , 7:59 am        
រូបភាព
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន(ស្ដាំ)។ រូបភាពពីទំព័រហ្វេសប៊ុក លោក នេត្រ ភក្ត្រា។ (រូបស្ដាំ) សហគមន៍ជីផាត ក្នុងតំបន់ជួរភ្នំក្រវាញ។ រូបភាពពីទំព័រហ្វេសប៊ុក អង្គការ Wildlife
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន(ស្ដាំ)។ រូបភាពពីទំព័រហ្វេសប៊ុក លោក នេត្រ ភក្ត្រា។ (រូបស្ដាំ) សហគមន៍ជីផាត ក្នុងតំបន់ជួរភ្នំក្រវាញ។ រូបភាពពីទំព័រហ្វេសប៊ុក អង្គការ Wildlife
ក្រសួងបរិស្ថាន និង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ឯកភាពរៀបចំសកម្មភាពអប់រំ និងផ្សព្វផ្សាយចលនាមេត្រីភាពបរិស្ថាន នៅតំបន់ជួរភ្នំក្រវាញ។ ការជំរុញចលនាមេត្រីភាពបរិស្ថាននេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ លើក​ឡើងថា ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ពីបញ្ហា និងការពារធនធានធម្មជាតិ និងបរិស្ថាន។


ក្រសួងបរិស្ថាន និង កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការWildlife Alliance កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២កន្លងទៅ បានឯកភាពគ្នារៀបចំសកម្មភាពអប់រំ និងផ្សព្វផ្សាយ «ចលនាមេត្រីភាពបរិស្ថាន» នៅតំបន់ជួរភ្នំក្រវាញ។ បើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន «ចលនាមេត្រីភាពបរិស្ថាន»នេះ គឺជាការអប់រំផ្សព្វផ្សាយ ផ្តោតសំខាន់លើការបញ្ជ្រាបចំណេះដឹងពីការការពារ និងអភិរក្សធនធានធម្មជាតិ, ការបន្សាំលើបម្រួលបម្រួលអាកាសធាតុ, ការបង្កើនសេដ្ឋកិច្ចនៅមូលដ្ឋាន រួមនឹងផលប៉ះពាល់ពីការបំផ្លិចបំផ្លាញបរិស្ថាន។
  

តំបន់ជួរភ្នំក្រវាញ។ រូបភាពពីទំព័រហ្វេសប៊ុក អង្គការ Wildlife Alliance Cambodia។

«ការជំរុញចលនាមេត្រីបរិស្ថាន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ គឺកាន់តែយល់ច្បាស់អំពីបញ្ហាពាក់ព័ន្ធនឹងធនធានធម្មជាតិ ពាក់ព័ន្ធនឹងបរិស្ថាន ហើយចូលរួមសហការ អនុវត្តនូវកិច្ចការងារទាំងអស់ហ្នឹង ក្នុងការអភិរក្ស និងការពារបរិស្ថាន»​។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដោយបន្ថែមថា ការរៀបចំឱ្យមានសកម្មភាពទាំងអស់នេះឡើង ដោយមើលឃើញពីសារៈសំខាន់ នៃតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ ព្រៃឈើ មានរុក្ខជាតិ សត្វព្រៃ និងជាតំបន់លក់ឥណទានកាបូនផងដែរ។
 
ជុំវិញតំបន់ជួរភ្នំក្រវាញនេះ អ្នកនាំពាក្យរូបនេះ អះអាងថា កន្លងមកក្រសួងបរិស្ថាន អង្គការ Wildlife Alliance និងអង្គការដៃគូពាក់ព័ន្ធ បានពង្រឹងលើការអនុវត្តច្បាប់ បង្កើតសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងតំបន់ជួរភ្នំក្រវាញ ដើម្បីឱ្យពលរដ្ឋក្នុងតំបន់ចូលរួមការពារធនធានធម្មជាតិ ក្នុងតំបន់។
 
បើតាមក្រសួងបរិស្ថាន នាជំនួបរវាងក្រសួងបរិស្ថាន និង អង្គការ Wildlife Alliance បានឯកភាពលើការរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ ផងដែរ។ វេទិកានេះ រៀបចំឡើងដោយជ្រើសរើសយុវសិស្ស នៅតាមសាលារៀន ក្នុងខេត្តព្រះសីហនុ និងកោះកុង, រៀបចំចលនាសាលាមេត្រីភាពបរិស្ថាន ត្រៀមចូលរួមប្រណាំងសាលាមេត្រីភាពបរិស្ថានថ្នាក់ជាតិ លើកទី៤ (ឆ្នាំ២០២៣) ក្នុងខេត្តពោធិ៍សាត់ និងការគាំទ្រលើគម្រោងចិញ្ចឹមក្របី នៅតាមសហគមន៍ក្នុងតំបន់ជួរភ្នំក្រវាញ។


តំបន់ជួរភ្នំក្រវាញ។ រូបភាពពីទំព័រហ្វេសប៊ុក អង្គការ Wildlife Alliance Cambodia។

សូមជម្រាបផងដែរថា ជួរភ្នំក្រវាញ ស្ថិតនៅភាគនិរតី ប្រទេសកម្ពុជា មានទំហំ ១,៥លានហិកតា លាតសន្ធឹងពីខេត្តប៉ៃលិន ដល់ខេត្តកំពត ស្របតាមបណ្ដោយឆ្នេរ។ តំបន់នេះ មានព្រៃក្រាស និងសម្បូរជីវៈចម្រុះតូចធំ​ ច្រាំងចោតៗ និងកំពូលខ្ពស់ កម្ពស់ជាមធ្យម ១ពាន់ម៉ែត្រ។ នេះបើតាមសៀវភៅ ខ្ញុំចង់ដឹង «យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រកម្ពុជា» របស់អង្គការស៊ីប៉ា៕
 
 
 

Tag:
 ThmeyThmey25
  ក្រសួងបរិស្ថាន
  wildlife Alliance
  មេត្រីភាពបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com