ជាតិ
ពីនេះ ពីនោះ
អ្នកនាំពាក្យ៖ ពលរដ្ឋត្រូវឈប់ចាញ់បោកមេខ្យល់ ទៅទិញដីតំបន់ការពារទៀត ព្រោះគ្មានការទទួលស្គាល់ឡើយ
16, Mar 2022 , 12:09 pm        
រូបភាព
 ព្រៃមួយកន្លែង ក្នុងតំបន់ជួរភ្នំក្រវាញ ត្រូវបានជនខិលខូចលួចឈូសឆាយ នាពេលកន្លងមក។ រូបភាពពី ទំព័រហ្វេសប៊ុក Wildlife Alliance។
ព្រៃមួយកន្លែង ក្នុងតំបន់ជួរភ្នំក្រវាញ ត្រូវបានជនខិលខូចលួចឈូសឆាយ នាពេលកន្លងមក។ រូបភាពពី ទំព័រហ្វេសប៊ុក Wildlife Alliance។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានរម្លឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នកុំចាញ់បោកមេខ្យល់ ឬជនខិលខូច ដែលនាំទៅទិញដី ក្នុងតំបន់ការពារធនធានធម្មជាតិ។ ដីទាំងនោះ មិនមានការទទួលស្គាល់ពីអាជ្ញាធរ ដែលអាចប្រឈមផ្លូវច្បាប់។

 
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅរដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១៥ មីនា អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា មានក្រុមជនខិលខូចមួយចំនួន បានជួលពលរដ្ឋទៅទន្ទ្រានដីឱ្យខ្លួន សម្រាប់ដាក់លក់ក្នុងតម្លៃថោកៗ។ ជាពិសេសប្រើប្រាស់ពលរដ្ឋ ធ្វើជាខែលក្នុងការតវ៉ា ជាមួយអាជ្ញាធរ ដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀត។ 
 
«គ្មានជនណាម្នាក់ មានសិទ្ធិទិញឬលក់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅតាមបណ្ដាខេត្តនានាបានឡើយ។ ក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់​ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ និងអាចប្រឈមមុខនឹងវិធានការច្បាប់»។ នេះជាសម្ដីរបស់ លោក នេត្រ ភក្ត្រា។ 

រដ្ឋលេខធិការក្រសួងបរិស្ថានរូបនេះ ក៏បានអំពាវនាវដល់ជនខិលខូច ឱ្យបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ និងបន្លំប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីទាមទារកាត់ឆ្វៀលដីមកកាន់កាប់ទៀត ខណៈករណីមិនប្រក្រតីជាច្រើន ត្រូវបានសមត្ថកិច្ចរកឃើញ និងចាត់ការតាមនីតិវិធីច្បាប់។ 
 
បន្ថែមពីនេះ លោក នេត្រ​ ភក្ត្រា ក៏បានស្នើដល់រដ្ឋបាលឃុំ សង្កាត់ និងស្រុក ត្រូវបញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ,ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ,លិខិតទិញលក់ដីធ្លី ,លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចខ្លួន៕
 

Tag:
 ThmeyThmey25
  បរិស្ថាន
  ការទិញដីតំបន់ការពារ
© រក្សាសិទ្ធិដោយ thmeythmey.com