ជាតិ
នយោបាយជាតិ
យោធាផ្នែកចារកម្មអាស៊ាន បន្តពង្រឹងកិច្ចសហការ ដើម្បីស្ថិរភាពអាស៊ាន 16, Mar 2022 , 5:29 pm
កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុក នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ)
× យោធាផ្នែកចារកម្មនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរួមគ្នា ដែលហៅថា កិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំផ្នែកយោធាចារកម្មនេះ គឺកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ហើយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកកាន់អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចនៃក្រសួងការពារជាតិ ជាប្រធាននាំកិច្ចប្រជុំ។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំយោធាចារកម្មអាស៊ានលើកទី១៩ ដែលចេញដោយអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចនៃក្រសួងការពារជាតិកម្ពុជា បានសរសេរថា ការពិភាក្សារបស់អង្គប្រជុំ គឺផ្តោតសំខាន់លើបញ្ហាសន្តិសុខ បញ្ហាភេរវកម្ម ការវិវត្តសភាពការណ៍ថ្មីៗ និង ជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំក្នុងអង្គប្រជុំ បានចែករំលែកព័ត៌មាន និងផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា អង្គប្រជុំ បានជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ បន្តចែករំលែកព័ត៌មានឲ្យទាន់ពេលវេលា និង រួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រេចបានសហគមន៍ចារកម្មយោធាអាស៊ានដ៏រឹងមាំ ដែលនាំមកនូវសន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់អាស៊ាន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសាទរការរៀចំកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី១៩ ហើយលោក បានអរគុណដល់ថ្នាក់ដឹកនាំយោធាផ្នែកចារកម្មនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ ទោះជំងឺកូវីដ-១៩ បានរាលដាលជាសាកលអស់រយៈពេល២ឆ្នាំមកហើយក្តី។ លោក ចាត់ទុកសកម្មភាពនេះ ថាជាសក្ខីកម្មដែលបង្ហាញពីស្មារតីកិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាព និង មិត្តភាពនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។
ក្រោយចប់កិច្ចប្រជុំ លោក ហ៊ុន ម៉ានិត ដែលជាមេយោធាកាន់កាប់យោធាកម្ពុជាផ្នែកចារកម្ម និងជាកូនប្រុសកណ្តាលរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគល់តំណែងជាប្រធាននៃកិច្ចប្រជុំចារកម្មយោធាអាស៊ានលើកទី២០ ក្នុងឆ្នាំ២០២៣ ជូនទៅយោធាផ្នែកចារកម្មនៃប្រទេសឥណ្ឌូណេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com