ជាតិ
ពីនេះ ពីនោះ
ជើងពានបុរាណអាយុកាលជាង៣ពាន់ឆ្នាំ ជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ
17, Mar 2022 , 7:59 am        
រូបភាព
ជើងពាន ដែលជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ ស្ដិតក្នុងមជ្ឈមណ្ឌល និងសារមន្ទីរបុរាណវិទ្យាមេមត់ ខេត្តត្បូងឃ្មុំ។ រូបភាពផ្ដល់ដោយ លោក សំ សុខឃីម។
ជើងពាន ដែលជានិមិត្តសញ្ញាខេត្តត្បូងឃ្មុំ ស្ដិតក្នុងមជ្ឈមណ្ឌល និងសារមន្ទីរបុរាណវិទ្យាមេមត់ ខេត្តត្បូងឃ្មុំ។ រូបភាពផ្ដល់ដោយ លោក សំ សុខឃីម។
ដោយ: ថ្មីៗ
ជើងពានបុរាណមួយ ដែលជានិមិត្តសញ្ញារបស់ខេត្តត្បូងឃ្មុំ ជាវត្ថុបុរាណមានអាយុកាលជាង ៣ពាន់ឆ្នាំមក ដែលត្រូវបានរកឃើញឆ្នាំ ១៩៩៨ ​ក្នុងក្រុមហ៊ុនចំការកៅស៊ូក្រែក។ បច្ចុប្បន្នជើងពាននេះ កំពុងដាក់តាំងបង្ហាញក្នុងមជ្ឈមណ្ឌល និងសារមន្ទីរបុរាណវិទ្យា មេមត់ ខេត្តត្បូង​ឃ្មុំ។

នៅចំកណ្ដាល នៃនិមិត្តសញ្ញារបស់ខេត្តត្បូងឃ្មុំ គឺមានរូបជើងពានមួយពណ៌ដី។ រូបជើងពាននោះ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ យកគំរូចេញពីជើងពានបុរាណមួយធ្វើពីដីដុត ដែលត្រូវបានរកឃើញ ពេលធ្វើកំណាយស្រាវជ្រាវនៅស្ថានីយបន្ទាយគូ ក្នុងក្រុមហ៊ុនចំការកៅស៊ូក្រែក កាលពីឆ្នាំ ១៩៩៨។ គេហទំព័ររដ្ឋបាលខេត្តត្បូង​ឃ្មុំ បានបញ្ជាក់ថា ផ្អែកលើលទ្ធផលសិក្សាវិភាគកំណត់អាយុកាលលើបុរាណវត្ថុជាច្រើន ដែលស្ថិតក្នុងជម្រៅដីជាមួយគ្នានោះ ជើងពាននេះមានអាយុជាង ៣០០០ឆ្នាំ។
 
បើតាមការអះអាងរបស់ លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ  ការជ្រើសរើសជើងពានបុរាណនេះ ជានិមិត្តសញ្ញាសម្រាប់ខេត្ត​ ដោយសារគេជឿថា ជើងពានជាប្រដាប់សម្រាប់ទ្រវត្ថុមានតម្លៃ គម្ពី ក្បួនច្បាប់ផ្សេងៗ គ្រឿងសក្ការៈបូជាសម្រាប់ថ្វាយព្រះ ឬវត្ថុគង់ខ្ពស់សម្រាប់ព្រះរាជាជាដើម។ ដូច្នេះជើងពានមួយនេះ ជានិមិត្តរូបនៃចំណេះដឹង ភាពខ្ពង់ខ្ពស់ និងភាពពិសិដ្ឋ។
 
បច្ចុប្បន្នជើងពានបុរាណ​នេះ ត្រូវបានរក្សាទុក និងដាក់តាំងបង្ហាញសាធារណជន​ នៅក្នុងសារមន្ទីរបុរាណវិទ្យា មេមត់ ក្នុងខេត្តត្បូងឃ្មុំ៕
 

Tag:
 ThmeyThmey25
  ជើងពានបុរាណ
  ​ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com