ជាតិ
នយោបាយជាតិ
ភ្លើងទៀន សុំមហាផ្ទៃ ជជែកគ្នាត្រង់ៗ បើមានបញ្ហាកើតឡើងជុំវិញការបោះឆ្នោត 18, Mar 2022 , 7:59 pm
លោក សក់ សេដ្ឋា (ពាក់វែនតា) ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ (រូបពីអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ)។ លោក ថាច់ សេដ្ឋា ថ្លែងសារកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីរម្លឹកខួប៧១ឆ្នាំ ដែលបារាំងប្រគល់កម្ពុជាក្រោម ឲ្យវៀតណាមគ្រប់គ្រង (រូបពីវីដេអូលើបណ្តាញសង្គម)។
× ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលដឹកនាំដោយលោក ថាច់ សេដ្ឋា ជាអនុប្រធានគណបក្ស បានចូលជួបមន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ដែលដឹកនាំលោក សក់ សេដ្ឋា ជារដ្ឋលេខាធិការ និងជាតំណែងឲ្យសម្តេច ខេង ជារដ្ឋមន្រ្តី។ បញ្ហានានាដែលកើតឡើងមុនការបោះឆ្នោតឃុំ-សង្កាត់ គឺជាប្រធានសំខាន់បំផុត ដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀន លើកឡើងជាមួយមន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ។
លោក ថាច់ សេដ្ឋា ប្រាប់សារព័ត៌មានថ្មីៗថា លោក បានស្នើទៅក្រសួងមហាផ្ទៃ ផ្តល់ឱកាសឲ្យគណបក្សភ្លើងទៀន ចូលជួបពិភាក្សាត្រង់ទៅត្រង់មកជាមួយគ្នា បើមានហេតុការណ៍ណាមួយកើតឡើង មុនការបោះឆ្នោតឃុំ-សង្កាត់ ដូចជាការគំរាមកំហែង ជាអាទិ៍ ដើម្បីមានលទ្ធភាពខ្ពស់អាចរកដំណោះស្រាយ និងអាចទប់ស្កាត់ហេតុការណ៍នោះបានទាន់ពេលវេលា។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ បញ្ជាក់ថា៖«យើង ឲ្យមានវប្បធម៌សន្ទនា ប្រសើរជាងការវាយប្រហារគ្នាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ដូច្នេះ ក្នុងនាមយើង ជាអ្នកប្រជាធិបតេយ្យ ជាខ្មែរដូចគ្នា យើង ត្រូវតែចរចាសន្ទនាគ្នា វាល្អជាង»។
លោក សក់ សេដ្ឋា ដែលតំណាងក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗថា លោក មិនទាន់អាចឆ្លើយតបអ្វីបានឡើយ ដោយសារលោក កំពុងជាប់ប្រជុំ។
បើតាមប្រសាសន៍របស់លោក ថាច់ សេដ្ឋា មានសំណើ៣ ដែលគណបក្សភ្លើងទៀត ដាក់ជូនក្រសួងមហាផ្ទៃ គឺ ទី១ សុំឲ្យពិនិត្យមើលការគំរាមកំហែងលើមន្រ្តីគណបក្សភ្លើងទៀនតាមឃុំ-សង្កាត់មួយចំនួន សុំឲ្យជួយធ្វើកិច្ចអន្តរាគមន៍ដោះលែងសកម្មជន២នាក់របស់គណបក្សភ្លើងទៀន នៅខេត្តពោធិ៍សាត់ និង សុំបង្កើតគណៈកម្មការដោយឡែក ដើម្បីតាមដាន និងដំណោះស្រាយឲ្យទាន់ពេលនូវវិវាទនានា ពាក់ព័ន្ធនឹងការបោះឆ្នោត។ លោក បន្តថា គណៈកម្មការនេះ មានសមាសភាពចូលរួមពីក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សទាំង១៧ ដែលចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ និង សង្គមស៊ីវិល ជាដើម។ លោក បន្ថែមថា លោក សក់ សេដ្ឋា ទទួលយកសំណើទាំង៣នេះ ទៅពិចារណា។
សូមបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕
Tag:
គណបក្សភ្លើងទៀន
ថាច់ សេដ្ឋា
ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com