ជាតិ
ចិន សន្យានាំចូលផលិតផលកម្ពុជាឲ្យកាន់តែច្រើន ដើម្បីជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា 19, Mar 2022 , 5:59 pm
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅប្រទេសចិន កាលពីឆ្នាំ២០១៩ ។ រូបពី CGTN
× លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានជម្រាបសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ចិន នឹងនាំចូលអង្ករ ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែចេក ផ្លែស្វាយ និងផ្លែមៀន ជាដើម ឲ្យបានកាន់តែច្រើនជាងមុន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ មេដឹកនាំទាំង២ បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
ក្រៅពីការសន្យានាំចូលផលិតផលកម្ពុជាឲ្យបានកាន់តែច្រើន លោកប្រធានាធិបតី ស៊ី ជិនភីង បានប្រកាសគាំទ្រគម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា។ ជាមួយគ្នានេះ លោក បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូសទៀតដល់កម្ពុជា ដោយក្នុងនោះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២។ លើសពីនេះ លោក ប្រកាសថា នឹងធ្វើការជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោក ស៊ី ជិនភីង មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ ហើយលោក ស៊ី ជិនភីង ក៏បានអញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញស្សនកិច្ចនៅចិនវិញ ក្នុងពេលវេលាសមស្របណាមួយដូចគ្នា៕
Tag:
កម្ពុជា-ចិន
ហ៊ុន សែន
ស៊ី ជិនភីង
ផលិតផលកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com