ជាតិ
​​​ន​យោ​បាយ​ជាតិ​
បញ្ហាអ៊ុយក្រែន និងបញ្ហាមីយ៉ាន់ម៉ា នឹងស្ថិតលើតុពិភាក្សារបស់មេដឹកនាំកម្ពុជា-ជប៉ុន
20, Mar 2022 , 2:39 pm        
រូបភាព
រូបសម្តេច ហ៊ុន សែន ពីទំព័រហ្វេសប៊ុករបស់សម្តេច រូបលោក លោក ហ្វូមីអូ គីស៊ីដា ពីទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា
រូបសម្តេច ហ៊ុន សែន ពីទំព័រហ្វេសប៊ុករបស់សម្តេច រូបលោក លោក ហ្វូមីអូ គីស៊ីដា ពីទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា
ខណៈកំពុងរៀបចំធ្វើដំណើរមកកាន់កម្ពុជា លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្តីជប៉ុន បានផ្ញើសារជូនប្រជាជនកម្ពុជាជាមុន។ សាររបស់លោក ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បង្ហាញពីបំណងធំៗ២ ដែលលោក នឹងលើកទៅជជែកជាមួយមេដឹកនាំកម្ពុជា គឺការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា និងបញ្ហាអន្តរជាតិ។
  
លោក ហ្វូមីអូ គីស៊ីដា អះអាងថា លោក នឹងពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងកិច្ចការអន្តរជាតិ និងតំបន់ មាន បញ្ហាអ៊ុយក្រែន និងបញ្ហាមីយ៉ាន់ម៉ា ជាដើម។ លោក ជម្រាបប្រជាជនកម្ពុជាថា លោក មានបំណងសហការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក។
 
លោក និយាយពីបញ្ហាអ៊ុយក្រែនថា៖«ការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលយកបានឡើយ»។ ចំណែកបញ្ហាមីយ៉ាន់ម៉ា លោក បានរម្លឹកថា៖«សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ជាមួយខ្ញុំថា ក្នុងនាមជាប្រធានអាស៊ាន សម្តេច ប្តេជ្ញាចិត្តឆ្ពោះទៅរកដំណោះស្រាយលើបញ្ហានានា ដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម»។
 
ចំពោះទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន លោក ហ្វូមីអូ គីស៊ីដា មើលឃើញថា រដ្ឋាភិបាលប្រទេសទាំង២ មានការទុកចិត្តគ្នាដ៏ស៊ីជម្រៅ។ លោក បញ្ជាក់ថា៖«ដោយផ្អែកលើទំនាក់ទំនងទុកចិត្តគ្នារបស់យើង ថ្ងៃនេះ ខ្ញុំ នឹងពិភាក្សាយ៉ាងលម្អិតជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យកាន់តែរីកចម្រើន»។
 
ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។  
 
លោកនាយករដ្ឋមន្រ្តីជប៉ុន នឹងមកដល់កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីលោក បញ្ចប់ទស្សនកិច្ចនៅឥណ្ឌា៕ 
 

Tag:
 កម្ពុជា-ជប៉ុន
  ហ៊ុន សែន
  Fumio Kishida
  សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
  វិបត្តិមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com