ជាតិ
សុខភាព
ដំណើរ​ការពេទ្យ​មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដ៏ទំនើប ​តម្លៃ​ជាង៨០លាន​ដុល្លារ
21, Mar 2022 , 10:11 am        
រូបភាព
ក្រោយ​ចំណាយពេល​៣៩​ខែ បើគិតចាប់តាំងពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មក អគារមន្ទីរពេទ្យមិត្តភាព-ចិន ព្រះកុសុមៈ (ហៅពេទ្យ​លោក​សង្ឃ) ត្រូវបាន​ដាក់ឲ្យ​ប្រើ​ប្រាស់ជាផ្លូវ​ការក្រោមអធិបតីភាព​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក វ៉ាង វិនធាន ឯកអគ្គ​រដ្ឋទូតចិន​ប្រចាំកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា នេះ។
 
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ជាមួយ​នឹង​ការ​បំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប។
 
អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។
 
មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ បើតាម​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយនៅ​កម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ។
 
មន្ទីរពេទ្យដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ ហើយ​ក៏មានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ហើយព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។
 
«មន្ទីរពេទ្យព្រះកុសុមៈ» ត្រូវបានសម្ពោធដំបូងនៅ​ឆ្នាំ​១៩៥៦ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដើម្បីផ្តល់សេវាកម្មព្យាបាល​ព្រះសង្ឃ ហើយ​ក្រោយមក​ព្យាបាល​មនុស្សទូទៅ។
 
កាលពីចុង​ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្លាស់ប្តូរឈ្មោះមន្ទីរពេទ្យទៅជា «​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ» ដោយ​បច្ចុប្បន្ន លោក តាន់ សុគន្ធ ជា​ប្រធានមន្ទីរពេទ្យ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com