ជាតិ
ប្រេសិតពិសេសប្រធានអាស៊ានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាលើកដំបូង
21, Mar 2022 , 11:12 am        
រូបភាព
ដោយ: ថ្មីៗ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នាព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា នេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារបីថ្ងៃនៅមីយ៉ាន់ម៉ា។


តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កាលពីថ្ងៃទី១៨ ខែមីនា ដំណើរទស្សនកិច្ចបីថ្ងៃនេះ គឺតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គោលបំណងសំខាន់របស់ប្រតិភូប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដែលឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់។

ប្រតិភូប្រេសិតពិសេសក៏នឹងលើកឡើងផងដែរទាក់ទងនឹងការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្ស និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)  និងលើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះ ដំណើរទស្សនកិច្ចបន្តផ្អែកលើឯកសារមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន រួមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា កាលពីអំឡុងខែមករា កន្លងមក, លទ្ធផលក្រោយជំនួបរវាងសម្តេច ហ៊ុន សែន និងលោក មីង អោងឡាំង និងលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន។

សមាជិកប្រតិភូដែលអមដំណើរ លោក ប្រាក់ សុខុន រួមមាន លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន, លោក លី យ៉ាម មីង នាយកប្រតិបត្តិ AHA Centre និងមន្រ្ដីពាក់ព័ន្ធជាច្រើនទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com