៣ប្រកួតឈ្នះទាំង៣ប្រកួត។ នេះជាការចាប់ផ្តើមដ៏ល្អរបស់ព្រះខ័នរាជស្វាយរៀងនារដូវកាលថ្មីនៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២។ កាលពីថ្ងៃសៅរ៍ ក្រុមជើងឯករងឆ្នាំចាស់មួយនេះ បានយកឈ្នះបឹងកេត ៤-០ ដើម្បីបន្តឈរលើកំពូលតារាង។
នាការប្រកួតសប្តាហ៍ទីបីនៅកីឡដ្ឋានខេត្តស្វាយរៀង ខ្សែបម្រើកាមេរូន Emmanuel Mbarga រកបានគ្រាប់បាល់បញ្ចូលទីនៅតង់ទីមួយ ហើយឈានដល់តង់ទីពីរ ខ្សែប្រយុទ្ធកាណាដា Marcus Haber រកបាន២គ្រាប់ និងខ្សែបម្រើជប៉ុន Takashi Odawara បន្ថែម១គ្រាប់ ដែលនាំឲ្យម្ចាស់ផ្ទះស្វាយរៀង ឈ្នះបឹងកេត ៤-០។
នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ គ្រាប់បាល់ចូលទីខ្លួនឯងនៅនាទី១៧របស់ ណារ៉ុង កក្កដា ជាគ្រាប់បាល់តែមួយគត់ដែលនាំឲ្យភ្ញៀវណាហ្គាវើលស៍ ឈ្នះកងយោធពលខេមរភូមិន្ទ ១-០ ស្របពេលដែល វិសាខា ឈ្នះ គិរីវង់សុខសែនជ័យ ៥-០ នៅកីឡដ្ឋានព្រីនស៍។ គ្រាប់បាល់បញ្ចូលទីដំបូង ជាគ្រាប់ Own Goal របស់ ទូច ម៉ាណាន់ រីឯ៤គ្រាប់ទៀតសម្រេចបានដោយ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jae-Gun, ខ្សែការពារ កែន ច័ន្ទសុភ័ក្ត្រ, ខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez និងខ្សែបម្រើប្រេស៊ីល Marcos Vinícius។
នៅកីឡដ្ឋានហនុមាន ក្នុងខេត្តសៀមរាបឯណោះវិញ ម្ចាស់ការពារជើងឯកភ្នំពេញក្រោនរងនូវការខកចិត្ត ដោយចាញ់អង្គរថាយហ្គឺរ ៤-២។ ត្រឹម៣នាទីដំបូង ខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន Fareed Sadat បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់ភ្នំពេញក្រោន ប៉ុន្តែ២០នាទីក្រោយមក ខ្សែការពារ នូ ចេនមករា វាយបកតាមស្មើសម្រាប់អង្គរថាយហ្គឺរ។
៣នាទីដំបូងនៅតង់ទីពីរ ខ្សែបម្រើកូឡុំប៊ី Andres Nieto បានស៊ុតបាល់បញ្ចូលទីនាំមុខសារជាថ្មីសម្រាប់ភ្នំពេញក្រោន ប៉ុន្តែអង្គរថាយហ្គឺររកបាន៣គ្រាប់វាយបកវិញ ដែលជាការសម្រេចជាបន្តបន្ទាប់ដោយ ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Silva, ខ្សែប្រយុទ្ធអៀរឡង់ Jozsef Keaveny និងខ្សែប្រយុទ្ធសុវណ្ណ ដូណា នៅម៉ោងបន្ថែម។
ឈានដល់សប្តាហ៍ទី៣នេះ ព្រះខ័នរាជស្វាយរៀង បន្តឈរលើកំពូលតារាងដោយមាន៩ពិន្ទុ តាមពីក្រោយដោយណាហ្គាវើលស៍ និងវិសាខា ដែលមាន៦ពិន្ទុដូចគ្នា។ អង្គរថាយហ្គឺរ និងកងយោធពលខេមរភូមិន្ទ មាន៤ពិន្ទុរៀងៗខ្លួន បឹងកេត មាន៣ពិន្ទុ ខណៈភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ មានត្រឹម១ពិន្ទុប៉ុណ្ណោះ។
លីគ២៖ សូលទីអង្គរ និងសៀមរាបអែហ្វស៊ី បន្តចាញ់
ឈានដល់សប្តាហ៍ទី៣ នៃក្របខណ្ឌខេមបូឌានលីគ២ កាលពីថ្ងៃអាទិត្យ ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបទាំងពីរ បន្តរងបរាជ័យ៣ប្រកួតជាប់គ្នា។ សូលទីឡូអង្គរ ចាញ់ម្ចាស់ផ្ទះ ព្រៃវែងអេហ្វស៊ី ៣-១ ខណៈសៀមរាប ចាញ់ម្ចាស់ផ្ទះកោះកុង ២-១។
អគ្គិសនីកម្ពុជា និងនគរបាលជាតិ បានបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទីកាលពីថ្ងៃពុធ រីឯអាស៊ីអឺរ៉ុបយូណាយធីត ស៊ី អាយ អេស អាយ ដង្កោសែនជ័យ ៣-១, បន្ទាយមានជ័យអែហ្វស៊ី ឈ្នះ ភ្ញៀវ ណិចស្តិបអេហ្វស៊ី ២-១ ស្របពេលដែលសាលាបាល់ទាត់ជាតិ ឈ្នះ ខេត្តត្បូងឃ្មុំ រហូតដល់ទៅ ៤-០។
សម្រាប់លីគ២នេះ អគ្គិសនីកម្ពុជា, នគរបាលជាតិ និងកោះកុង មាន៧ពិន្ទុដូចគ្នា, អាស៊ីអឺរ៉ុប, ដង្កោសែនជ័យ និងព្រៃវែងមាន៣ពិន្ទុរៀងៗខ្លួន, សាលាបាល់ទាត់ជាតិ, ណិចស្តិប, និងត្បូងឃ្មុំ មាន៣ពិន្ទុ ខណៈ សូលទីឡូអង្គរ និងសៀមរាប មិនទាន់មានពិន្ទុរាប់ឡើយ៕