ជាតិ
នយោបាយជាតិ
កម្ពុជា ស្នើឲ្យវៀតណាម បញ្ជូនសាស្រ្តាចារ្យយោធា មកបង្ហាត់យោធាកម្ពុជា 21, Mar 2022 , 5:29 pm
ជំនួបរវាងសម្តេច ទៀ បាញ់ (ស្តាំដៃ) និង លោក ង្វៀន តាន គឿង នៅទីស្តីការក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
× សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដាក់សំណើ២ចំណុចក្នុងវិស័យយោធា ទៅកាន់ភាគីវៀតណាម គឺទី១ បន្តទទួលយកយោធាកម្ពុជា ទៅបណ្តុះបណ្តាលនៅវៀតណាម និងទី២ បញ្ជូនសាស្រ្តាចារ្យយោធាវៀតណាម មកជួយបង្ហាត់យោធាកម្ពុជា ដល់ប្រទេសកម្ពុជា។ សំណើរបស់សម្តេច ធ្វើឡើងក្នុងជំនួបផ្ទាល់មុខ ជាមួយលោក ង្វៀង តាន់ គឿង (Nguyen Tan Cuong) អនុរដ្ឋមន្តីក្រសួងការពារជាតិវៀតណាម នៅទីស្តីការក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
ក្រៅពីស្នើវៀតណាមឲ្យជួយលើការបណ្តុះបណ្តាលយោធា សម្តេច ទៀ បាញ់ បានស្នើឲ្យភាគីកម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធាប្រទេសទាំង២។ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ថែមទាំងស្នើឲ្យពង្រឹងកិច្ចសហប្រតិបត្តិការលើលំហាត់សមយុទ្ធរួមគ្នារវាងកម្ពុជា-វៀតណាម ស្ដីពីការប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និង ការសង្គ្រោះប្រជាជនពេលមានគ្រោះមហន្តរាយ ជាដើម។
លោក ង្វៀង តាន់ គឿង លើកឡើងថា កម្ពុជា និងវៀតណាម នៅតែមានប្រពៃណីជួយគ្នាទៅវិញទៅមកជារៀងរហូត។ លោក បន្ថែមថា ក្រសួងការពារជាតិនៃប្រទេសទាំង២ នឹងបន្តអនុវត្តអនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
សូមបញ្ជាក់ថា មុនចូលជួបសម្តេច ទៀ បាញ់ លោក ង្វៀង តាន់ គឿង បានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕
Tag:
កម្ពុជា-វៀតណាម
វិស័យយោធា
ទៀ បាញ់
Nguyen Tan Cuong
© រក្សាសិទ្ធិដោយ thmeythmey.com