ជាតិ
«ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥សម័យកាល» ជ្រើសរើសអ្នកសារព័ត៌មាន ទាំង១៤ រូប
23, Mar 2022 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ២០១០ ត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល» ដើម្បីលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ដែលការផ្តល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន។


កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមគំនិតរៀបចំឡើងដោយក្រសួងព័ត៌មាន ដើម្បីជាការរំឭកដល់ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក៏ដូចជាការជំរុញ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន។
 
ជ័យលាភីទាំង១៤រូបត្រូវបានជ្រើសរើសដោយគណៈកម្មការចំនួន ៧រូបដោយ ផ្អែកលើគុណវុឌ្ឍិការងារ ប្រវត្តិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមកទៅ តាមសម័យកាលនីមួយៗ។ 
 
នេះជាលើកទី ១ និងជាឆ្នាំដំបូង ដែលក្រសួងព័ត៌មានបានបង្កើតកម្មវិធីនេះឡើង ដោយក្នុងនោះគណៈកម្មការរៀបចំកម្មវិធី មានការជ្រើសរើសអ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មានជើងចាស់ ដើម្បីសិក្សាអំពីប្រវត្តិ ស្នាដៃការងារ និងលក្ខណសម្បត្តិ ដាក់ជូនគណៈកម្មការវាយតម្លៃពិនិត្យ។ នេះជាការថ្លែងរបស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការ វាយតម្លៃពិនិត្យអ្នកសារព័ត៌មាន។
 
ការបង្កើតកម្មវិធីផ្តល់ពានរង្វាន់នេះឡើង គឺដើម្បីថ្លែងអំណរគុណចំពោះ អ្នកសារព័ត៌មានជើងចាស់ទាំងអស់ដែលនៅតែបន្តចូលរួមការងារ ជាមួយនឹង វិស័យសារព័ត៌មាននេះ។លោកគូសបញ្ជាក់ថា៖ «ពានរង្វាន់លើកទឹកចិត្តចំពោះ អ្នកសារព័ត៌មានផ្ដល់ជូនដល់អ្នកសារព័ត៌មាននៅក្នុងឆ្នាំ ១៩៧០ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ និងឆ្នាំ ២០១០។»
 
ថ្នាក់ដឹកនាំក្រសួងព័ត៌នឹងរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀត អាស្រ័យអ្នកឧបត្ថម្ភគាំទ្រ។  ក្រសួងមានឆន្ទៈ រៀបចំកម្មវិធីពានរង្វាន់នេះ រៀងរាល់ឆ្នាំ ដោយជ្រើសរើសផ្តល់ពានឱ្យចំនឹងព្រឹត្តិការណ៍របស់ជាតិ ដូចជាថ្ងៃជំនួបអ្នកសារព័ត៌មាន ជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី  ឬថ្ងៃទិវាសេរីភាពសារព័ត៌មានជាដើម។
 
អ្នកសារព័ត៌មានចំនួន ១៤ រូប ដែលត្រូវបានជ្រើសរើសផ្តល់ពានរង្វាន់លើកទឹកចិត្តនេះរួមមាន សម្រាប់ទសវត្សរ៍ឆ្នាំ១៩៧០ មាន៖ 
 
លោក ជេត សន និពន្ធនាយកកាសែត ភ្នំពេញថ្មី និងជា ប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជា។ 
លោក ព្រហ្ម សាយ និពន្ធនាយកអរិយធម៌ខ្មែរ។ 
 

 
សម្រាប់ទសវត្សរ៍ឆ្នាំ ១៩៨០ មាន៖ 
 
លោក ទាវ សារៈមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា។ 
លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកាវិទ្យុ FM102។ 
លោក ពេជ ប៊ុនរ៉ា និពន្ធនាយកទូរទស្សន៍ហង្សមាស 
 

 
សម្រាប់ទសវត្សរ៍ឆ្នាំ ១៩៩០ មាន៖
 
លោក ជុន សុផល អ្នកយកព័ត៌មាននៃទស្សនាវដ្តីអង្គរធំ។
លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល។
លោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និងជាអ្នកសរសេរអត្ថបទបែបពណ៌នា នៅ កាសែតខ្មែរ-ថាមស៍ និងជាសាស្ត្រាចារ្យសារព័ត៌មាន នៃវិទ្យាស្ថានសារព័ត៌មាន។ 
 

 
សម្រាប់ឆ្នាំ ២០០០ មាន៖
 
លោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញផ្នែកសារព័ត៌មាននៃ Internews ប្រចាំកម្ពុជា។ 
លោក លី ម៉េងហួរ អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN។


 
សម្រាប់ទសវត្សរ៍ឆ្នាំ ២០១០ មាន៖ 
 
លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែកបរិស្ថាន និងសង្គម នៅកាសែតភ្នំពេញប៉ុស្តិ៍ ។
លោក មិន ម៉ៅ- សំណាង អ្នកសារព័ត៌មានទូរ-ទស្សន៍ PNN និងជាតំណាងបណ្តាញ អ្នកសារព័ត៌មានផ្នែកទឹក និងអនាម័យកម្ពុជា។ 
អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មានថ្មីៗ ២៥ រាជធានី-ខេត្ត។
លោក វ៉ាន់ សារាយ អគ្គនាយករងផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅអង្គភាព Fresh News ។ 
 

 
កម្មវិធីផ្តល់ «ពានរង្វាន់លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ៥សម័យកាល» នេះ បង្កើតឡើងដោយក្រសួងព័ត៌មាន ដោយមានការសហការរៀបចំ និងឧបត្ថម្ភដោយសារព័ត៌មានត្នោត និងសារព័ត៌មានថ្មីៗ។
 
នាយកមាតិកាភាសាខ្មែរនៃសារព័ត៌មានត្នោត លោក ព្រំ សិលា គូសបញ្ជាក់ឱ្យបានដឹងថា គោលបំណងរបស់ត្នោតក្នុងការសហការគាំទ្រកម្មវិធីនេះឱ្យលេចជារូបរាងឡើងដោយសារតែចង់លើកកម្ពស់វិស័យសារព័ត៌មាន និងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកដើម្បីបង្កើនឱ្យមានមាតិកាចម្រុះ និងមានវិជ្ជាជីវៈដល់ប្រជាជនកម្ពុជា។ លោកបន្ថែមថា៖ «ការលើកកម្ពស់តាមរយៈ កម្មវិធីពានរង្វាន់នេះ ដោយផ្តល់ការទទួលស្គាល់ជាផ្លូវការនៅសម័យកាលនីមួយៗ ដែលអ្នកសារព័ត៌មាន បានខិតខំឈ្មុសឈ្មុល និងវិភាគទាន ទាំងកម្លាំងកាយ ចិត្តប្រាជ្ញា ស្មារតីដល់ការយកព័ត៌មាន និងដល់វិស័យនេះទាំងស្រុង ពោលគឺពួកគាត់ជាបុគ្គលឈានមុខ ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន»។ 


 
សូមបញ្ជាក់ថា នេះជាកម្មវិធីដ៏ធំបំផុត ក្នុងវិស័យសារព័ត៌មានដែលមិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅប្រទេសកម្ពុជា។ ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារិទ្ធ បានផ្តួចផ្តើមគំនិត និងបានកំណត់កាលបរិច្ឆេទ នៃកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០ ដែលកម្មវីធីនេះគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ជាថ្ងៃប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល។
 
គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍លក្ខខណ្ឌនិង ផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លង មក។
 
ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុប ម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហ ការឧបត្ថម្ភដោយមូលនិធីព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
 
លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ៕


 
ជាមួយនឹងស្តង់ដារអន្តរជាតិ និងឧត្តមគតិ
ផ្តល់ផ្ទះដែលសក្តិសមសម្រាប់ធ្វើការវិនិយោគបំផុតដល់អ្នក
សហការ ឧបត្ថម្ភដោយ


 
ព័ត៌មានលម្អិតសូមផ្ញើចូលទៅកាន់ Link ខាងក្រោមនេះ
 

© រក្សាសិទ្ធិដោយ thmeythmey.com