កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទទួលបានសិទ្ធិលក់សំបុត្រការប្រកួតក្រៅទឹកដីពីរដ្ឋាភិបាលអង់គ្លេស
24, Mar 2022 , 11:59 am        
រូបភាព
Chelsea ទទួលបានអាជ្ញាប័ណ្ណលក់សំបុត្រ សម្រាប់ការប្រកួតក្រៅទឹកដី ពានរង្វាន់ FA Cup និងការប្រកួតរបស់ក្រុមស្ត្រី សម្រាប់កាលវិភាគដែលនៅសល់ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស បានកែប្រែច្បាប់ពិសេសថ្មីមួយ សម្រាប់ក្លិបមួយនេះ នៅថ្ងៃទី២២ ខែមីនា។
 
កាលពីថ្ងៃទី១០ ខែមីនា រដ្ឋាភិបាលអង់គ្លេស បានប្រកាសហាមឃាត់មិនឱ្យក្លិបនៅ Premier League មួយនេះ មិនឱ្យលក់សំបុត្រការប្រកួតបន្តឡើយ ដោយសារការដាក់ទណ្ឌកម្ម លើម្ចាស់ក្លិបក្រុមតោខៀវលោក Roman Abramovich ។
 
យ៉ាងណាមិញ រដ្ឋាភិបាលអង់គ្លេស បានកែប្រែអាជ្ញាប័ណ្ណថ្មី សម្រាប់ Chelsea ដែលបើកសិទ្ធិឱ្យ ក្លិបតោខៀវ អាចនឹងលក់សំបុត្រការប្រកួតជាថ្មី ប៉ុន្តែមិនអាចលក់ក្នុងទឹកដីខ្លួនបានឡើយ។ មានន័យថា Chelsea មានសិទ្ធិលក់សំបុត្រ សម្រាប់ការប្រកួតក្រៅទឹកដី ដែលរួមមានសំបុត្រការប្រកួតទល់ Real Madrid ជើងទីមួយ នៃពានរង្វាន់ Champions League ថ្ងៃទី៦ខែមេសា និងពានរង្វាន់ FA Cup ផងដែរ។
 
ក្រោយ Champions League និង FA Cup រួចក្រុមតោខៀវ ក៏នឹងអាចលក់សំបុត្រសម្រាប់ការប្រកួតក្រៅទឹកដី ក្នុងកាលវិភាគដែលនៅសេសសល់ ហើយប្រាក់ចំណូលពីការលក់សំបុត្រ នឹងត្រូវផ្តល់ទៅឱ្យក្រុមម្ចាស់ផ្ទះជាកំហិត។ 
 
ចំណែកការប្រកួតនៅកីឡដ្ឋាន Stamford Bridge ក៏នឹងមានការលក់សំបុត្រសម្រាប់ក្រុមភ្ញៀវ ហើយប្រាក់ចំណូលត្រូវផ្តល់ឱ្យទៅ Premier League។
 
«ខ្ញុំគួរតែបង្ហាញការអរគុណទៅកាន់អ្នកគាំទ្រ ការទន្ទឹងរង់ចាំរបស់ពួកគេ ក្នុងពេលដែលយើងបានទំនាក់ទំនង ជាមួយនឹងមន្ត្រីខាងកីឡាបាល់ទាត់ ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យខានតែបាន។ ចាប់តាំងពីលោក Roman Abramovich ត្រូវបានរដ្ឋាភិបាលដាក់ទណ្ឌកម្មមក យើងបានធ្វើការជាច្រើន ដើម្បីជួយដល់ក្លិប​អាចបន្តប្រកួត ក្នុងពេលទណ្ឌកម្មបែបនេះ»។ នេះបើតាមការលើកឡើងរបស់ លោក Nigel Huddleston រដ្ឋមន្ត្រីក្រសួងកីឡាអង់គ្លេស នៅថ្ងៃទី២២ ខែមីនា៕
 

Tag:
 Chelsea
  FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com