កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup ៖ អូស្ត្រាលីទទួលជប៉ុន មុនកូរ៉េខាងត្បូង និងអ៊ីរ៉ង់ប្រជែងលេខ១ក្នុងពូល
24, Mar 2022 , 3:27 pm        
រូបភាព
ជម្រើសជាតិអូស្រ្តាលីទទួលស្វាគមន៍ជប៉ុន ក្នុងជំនួបជម្រុះពានរង្វាន់ World Cup ជុំទីបីសម្រាប់តំបន់អាស៊ីក្នុងពូល B វេលាម៉ោង ៤:១៥នាទីរសៀល (ម៉ោងនៅកម្ពុជា) មុនជំនួបរវាងកូរ៉េខាងត្បូងទទួលអ៊ីរ៉ង់ ប្រជែងកៅអីលេខ១ពូល A វេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៤ខែមីនា។


អូស្ត្រាលីពេលបច្ចុប្បន្នកំពុងស្ថិតនៅលេខ៣ ក្នុងពូល B មាន១៥ពិន្ទុ ហើយត្រូវការពិន្ទុបន្ថែមចាំបាច់ ដើម្បីប្រជែងយកកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួត World Cup នៅប្រទេសកាតា នាចុងឆ្នាំ២០២២ នេះ។ ឯជប៉ុនទោះមាន ១៨ពិន្ទុឈរពីលើក្រុមអូស្ត្រាលីហើយក្តី ក៏ពួកគេនៅមិនទាន់មានសុវត្ថិភាព នៅឡើយក្នុងការរក្សាកៅអីស្វ័យប្រវត្តិរបស់ខ្លួន ដោយជំនួបរសៀលនេះ ម្ចាស់ផ្ទះអូស្រ្តាលីគឺត្រូវការពិន្ទុចាំបាច់ ដូចទៅនឹងជប៉ុនដែរ។
  

រូបភាព Facebook ៖​ Japan National Football Association 

សម្រាប់ជំនួបរវាងអូស្ត្រាលី និងជប៉ុន ធ្លាប់បានជួបប្រកួតគ្នាចំនួន ២៥លើករួចមកហើយ ដោយក្នុងនោះ ជប៉ុនយកឈ្នះលើក្រុមអូស្ត្រាលីចំនួន ១១លើក និងចាញ់៦លើក តែប៉ុណ្ណោះ ហើយចាប់តាំងពីឆ្នាំ ២០០៩ ពោលរយៈពេល ១៣ឆ្នាំមកនេះ ជប៉ុន គឺមិនដែលប្រកួតចាញ់ក្រុមអូស្ត្រាលីម្តងណាឡើយ។ ជំនួប៥លើកចុងក្រោយ របស់ក្រុមសាមូរ៉ៃចៀវជប៉ុន បានយកឈ្នះ ៤ក្នុងចំណោម៥ប្រកួត ទល់នឹងក្រុមអូស្ត្រាលីរួចមកហើយ។
 
ចំណែក៥ប្រកួតចុងក្រោយបង្អស់ ក្រុមជប៉ុន ធ្វើបានល្អជាងក្រុមអូស្ត្រាលី ដោយពួកគេបានយកឈ្នះទាំង៥ប្រកួត។ ចំណែកឯអូស្ត្រាលីគឺ ឈ្នះ១ប្រកួត ស្មើ៣ និងចាញ់១ប្រកួត។


 រូបភាព៖ Socceroos 
សម្រាប់ជំនួបប្រជែងពិន្ទុដ៏សំខាន់បំផុតនារសៀលនេះ រវាងក្រុមទាំងពីរ អូស្រ្តាលីទំនងជាពិបាកក្នុងការប្រកួតយកឈ្នះលើក្រុមជប៉ុន ដោយសារតែបញ្ហាកីឡាករ រងរបួស និងអវត្តមានច្រើនរូបដូចជាកីឡាករ Tom Rogic និង Riley McGree រងរបួស កីឡាករ Mathew Leckie មិនច្បាស់លាស់ និងអវត្តមានកីឡាករ Jamie MaClaren, Aaron Mooy, Jackson Irvine, Matthew Spiranovic និង Ryan McGowan។ 
 
ជប៉ុនបញ្ហាកីឡាករត្រឹមតែ៤រូបប៉ុណ្ណោះ គឺកីឡាករ Yuya Osako, Hiroki Sakai និត Takehiro Tomiyasu រងរបួស។ ចំណែកកីឡាករ Daizen Maeda អវត្តមាន។
 
ក្រឡេកទៅកាន់ការប្រកួតមួយគូទៀត រវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ទទួលស្វាគមន៍ក្រុមភ្ញៀវ អ៊ីរ៉ង់ ក្នុងពូល A វេលាម៉ោង ៦ ល្ងាច (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Seoul Olympics Stadium។ ជំនួបរវាងក្រុមទាំងពីរ មិនសូវជាមានសម្ពាធ ក្នុងការប្រជែងពិន្ទុ​ ដូចទៅនឹងពូល B ឡើយ ដ្បិតក្រុមទាំងពីរ ទទួលបានកៅអីស្វ័យប្រវត្តិ ទៅកាន់ការប្រកួតនៅប្រទេសកាតារួចទៅហើយ។ ប៉ុន្តែការប្រកួតនាថ្ងៃនេះ គឺជាការប្រកួតដណ្តើមកៅអីលេខ១ ក្នុងពូល។
  

រូបភាព៖ Korea Football Team

ក្រុមទាំងពីរនេះ គឺជាក្រុមដែលធ្លាប់ជួបគ្នា៣៦លើករួចមកហើយ ដោយភាគច្រើនគឺមានតែការឈ្នះ និងចាញ់ ដោយអ៊ីរ៉ង់ឈ្នះរហូតដល់ទៅ ១៥លើក និងកូរ៉េខាងត្បូងឈ្នះវិញ ១២ លើក ខណៈ៩ប្រកួតផ្សេងទៀតគឺស្មើគ្នា។ ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ គឺធ្វើបានល្អដូចគ្នា ដោយកូរ៉េខាងត្បូងឈ្នះទាំង៥លើក និងអ៊ីរ៉ង់ឈ្នះ ៤លើក និងស្មើ១លើក។
 
នាជំនួបវេលាម៉ោង៦ល្ងាចនេះ ជម្រើសជាតិកូរ៉េខាងត្បូង នឹងអវត្តមានកីឡាករ ៤រូប ដោយសារតែរកឃើញកូវីដ-១៩ ដូចជាកីឡាករ ​​Paik Seung-ho, Kim Jin-kyu, Jeong Woo-yeong និង ​Na Sang-ho។ ចំណែកអ៊ីរ៉ង់ មានបញ្ហាលើកីឡាករ៥ រូប ដោយកីឡាករ​ Saeed Ezatolahi និង Sadegh Moharrami ជាប់ពិន័យ ហើយកីឡាករ Alireza Jahanbakhsh, Mehdi Taremi និង Saman Ghoddos អវត្តមាន។
 


ខាងក្រោមនេះជាប្រកួតជម្រុះពានរង្វាន់ World Cup ជុំទីបីនៅតំបន់អាស៊ីផ្សេងទៀត៖
 
ជំនួបពូល ​A លីបង់ត្រូវស្វាគមន៍ក្រុមស៊ីរី វេលាម៉ោង ៧ យប់ (ម៉ោងនៅកម្ពុជា) ជាជំនួបដែលលីបង់ត្រូវការពិន្ទុចាំបាច់ប្រជែងកៅអីលេខ៣ជម្រុះវគ្គបន្ទាប់។ អ៊ីរ៉ាក់ ទទួល ក្រុមអេមីរ៉ាតអារ៉ាប់រួម ដែលកំពុងត្រូវការពិន្ទុចាំបាច់ ដូចគ្នាទៅនឹងលីបង់វេលាម៉ោង ១២យប់។
 
ជំនួបពូល B វៀតណាម ទទួល អូម៉ង់ នៅវេលាម៉ោង ៧យប់ និង ចិន ទទួល អារ៉ាប៊ីសាអូឌីត វេលាម៉ោង ១០យប់៕
 

Tag:
 World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com