អន្តរជាតិ
កូរ៉េខាងជើងសាកល្បងមីស៊ីលបាលីស្ទិកដោយជោគជ័យ ស្របពេលអាម៉េរិកបន្ថែមទណ្ឌកម្ម
25, Mar 2022 , 2:02 pm        
រូបភាព
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ជាមួយមន្រ្តីយោធារបស់ខ្លួន។ រូបភាព៖ KCNA
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ជាមួយមន្រ្តីយោធារបស់ខ្លួន។ រូបភាព៖ KCNA
កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែមីនា បានអះអាងថា ខ្លួនបានធ្វើតេស្តមីស៊ីលបាលីស្ទិកអន្តរទ្វីបប្រភេទថ្មី (ICBM) Hwasong-17 នៅថ្ងៃទី២៤ ខែមីនាដោយជោគជ័យក្រោមការបញ្ជាផ្ទាល់របស់ មេដឹកនាំកូរ៉េខាងជើង លោក គី​ម​ ជុងអ៊ុន។ ស្របគ្នានោះ អាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើងដើម្បីបង្អាក់សមត្ថភាពក្នុងការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់រដ្ឋមួយនេះ។
 
ស្ថានភាពឧបទ្វីបកូរ៉េ កាន់តែក្តៅឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីបជាថ្មី បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៧ មក។ បញ្ហានេះ បានបង្កឱ្យក្រុងសេអ៊ូលរិះគន់យ៉ាងខ្លាំង និងធ្វើសមយុទ្ធយោធា ដោយបាញ់មីស៊ីល៤ ឬ៥គ្រាប់ ដើម្បីផ្ញើសារព្រមានដាក់ក្រុងព្យុងយ៉ាងវិញ។ 
 
តាមការប្រកាសរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២៥ ខែមីនាវិញ មីស៊ីលបាលីស្ទិកអន្តរទ្វីបប្រភេទថ្មី Hwasong-17 ហោះបានចម្ងាយ១,០៩០គីឡូម៉ែត្រ ក្នុងរយៈពេល ៤,០៥២វិនាទី នៅរយៈកម្ពស់ខ្ពស់បំផុត ៦,២៤៨គីឡូម៉ែត្រ មុនពេលមីស៊ីលនោះវាយប្រហារតំបន់ដែលបាន​កំណត់ទុកជាមុន នៅសមុទ្រខាងកើត។ ជប៉ុនបានអះអាងថា មីស៊ីលនោះ បានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ 
 
ក្នុងការសាកល្បងមីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយលើកនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្តល់ការណែនាំយ៉ាងលម្អិតដើម្បីធានាថា មីស៊ីលបាលីស្ទិក Hwasong-17 នឹងត្រូវបានប្រើប្រាស់ជា មធ្យោបាយការពារខ្លួនគួរឱ្យអាចទុកចិត្តបាន។
 
ទីភ្នាក់ងារព័ត៌មានKCNA ក៏បានស្រង់សម្តីមេដឹកនាំកំពូលរបស់ខ្លួនថា ដោយភាពតានតឹងយោធានៅក្នុងតំបន់ និងជុំវិញឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើង រួមទាំងបដិវត្តរយៈពេលវែងរបស់កូរ៉េខាងជើង ដែលចេញពីការប្រឈមមុខជាមួយអាម៉េរិក លោក គីម បានដាក់ចេញយុទ្ធសាស្រ្តការពារជាតិ និងគោលនយោបាយពង្រឹងសមត្ថភាព ជុំវិញការទប់ទល់នឹងសង្រ្គាមនុយក្លេអ៊ែរ។ បើតាមលោកគីម អាវុធយុទ្ធសាស្រ្តថ្មីនេះ នឹងធ្វើឱ្យពិភពលោកទាំងមូលដឹងច្បាស់ពីសមត្ថភាពរបស់កម្លាំងកងទ័ពកូរ៉េខាងជើងម្តងទៀត។ 
 
មិនតែប៉ុណ្ណោះ លោកគីម បានព្រមានថា កងកម្លាំងទាំងឡាយណាដែលហ៊ានរំលោភលើសន្តិសុខកូរ៉េខាងជើង នឹងត្រូរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារក្រុងព្យុងយ៉ាង មានទាំងសមត្ថភាពយោធា និងបច្ចេកទេសដ៏អស្ចារ្យ ដែលមិនអាចរងការរំខាន ឬការគំរាមកំហែង ផ្នែកយោធាណាមួយឡើយ។ ការបាញ់មីស៊ីលចុងក្រោយនេះ គឺជាលើកទី ១២​ ដែលកូរ៉េខាងជើងបាញ់សាកល្បងនៅក្នុងឆ្នាំ២០២២។ 
 
ក្នុងថ្ងៃបាញ់សាកល្បងមីស៊ីលអន្តរទ្វីបនេះ ក្រសួងការបរទេសអាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាថ្មី ជុំវិញកម្មវិធីអភិវឌ្ឍមីស៊ីល។ តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ ខែមីនា​ ក្រសួងការបរទេសអាម៉េរិក បានដាក់បណ្ឌិត្យសភាវិទ្យាសាស្រ្តនៃការិយាល័យកិច្ចការបរទេសកូរ៉េខាងជើង (SANS FAB) និងលោក Ri Sung Chol ទៅក្នុងបញ្ជីខ្មៅជុំវិញការផ្ទេរសម្ភារសំខាន់ៗ ទៅក្នុងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង។ ទណ្ឌកម្មនេះ ធ្វើឡើងដើម្បីទប់ស្កាត់ក្រុងព្យុងយ៉ាង ក្នុងការពង្រឹងសមត្ថភាពលើការធ្វើទំនើបកម្មមីស៊ីលរបស់ខ្លួន៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com