អន្តរជាតិ
មេដឹកនាំអូស្ត្រាលីនិងនូវែលសេឡង់ ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិសុខរបស់ចិនជាមួយកោះសូឡូម៉ុន
28, Mar 2022 , 10:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន និងសមភាគីអូស្ត្រាលី ស្កុត ម៉ូរីសុន នាជំនួបកន្លងមក។ រូបថត AFP
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន និងសមភាគីអូស្ត្រាលី ស្កុត ម៉ូរីសុន នាជំនួបកន្លងមក។ រូបថត AFP
ដោយ:
នាយករដ្ឋមន្រ្តីអូស្រ្តាលីនិងនូវែលសេឡង់ នៅថ្ងៃទី២៨ ខែមីនា​ បានបង្ហាញការព្រួយបារម្ភជុំវិញលទ្ធភាពវត្តមានយោធាចិននៅលើកោះសូឡូម៉ុន ដែលស្ថិតនៅតំបន់ប៉ាស៊ីហ្វិក ខណៈប្រទេសទាំងពីរនេះកំពុងចរចាកិច្ចព្រមព្រៀងវិស័យសន្តិសុខ។

 
កាលពីសប្តាហ៍មុន សេចក្តីព្រាងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកោះសូឡូម៉ុននិងចិន​ ត្រូវបានចែងចាយពាសពេញបណ្តាញផ្សព្វផ្សាយនៅកោះសូឡូម៉ុន។ អូស្ត្រាលី និងនូវែលសេឡង់ មិនសូវសប្បាយចិត្តឡើយចំពោះបញ្ហានេះ។
 
នាយករដ្ឋមន្រ្តីអូស្រ្តាលី ​ស្កុត ម៉ូរីសុន នៅថ្ងៃទី២៨ ខែមីនា អះអាងថា រូបលោកបាននិយាយជាមួយសមភាគីនូវែលសេឡង់ ចាស៊ីន ដាអាឌើន ​កាលពីចុងសប្តាហ៍មុនពីការវិវឌ្ឍនៃបញ្ហា​នេះ។ មេដឹកនាំអូស្ត្រាលី ក៏គ្រោងនឹងជជែករឿងនេះជាមួយសមភាគីប៉ាពួអាស៊ីនូវែលហ្គីស និងហ្វីជីផងដែរ។
 
 «របាយការណ៍​ដែលយើងបានឃើញមិនមែនជាការភ្ញាក់ផ្អើលទេ ប៉ុន្តែជាការក្រើនរំលឹកនៃសម្ពាធនិងការគំរាមដែលតែងតែមានវត្តមានក្នុងតំបន់របស់យើង និងមកលើសន្តិសុខជាតិ។» លោក ម៉ូរីសុនប្រាប់អ្នកសារព័ត៌មានបែបនេះ មុនបន្តថា​ នេះ​ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភសម្រាប់តំបន់ប៉ាស៊ីហ្វិក ប៉ុន្តែវាមិនមែនជារឿងភ្ញាក់ផ្អើលអីដែរដោយ​លោកបានដឹងយូរមកហើយអំពីសម្ពាធទាំងនេះ។
 
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីនូវែលសេឡង់ ក៏បានចាត់ទុកលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងយោធាចិននៅលើកោះសូឡូម៉ុន ជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ។ លោកស្រី អាឌើន អះអាងថា មានមូលហេតុតិចតូចណាស់ទាក់ទងនឹងតម្រូវការសន្តិសុខ និងវត្តមានយោធាបែបនេះលើកោះសូឡូម៉ុននោះ។ លោកស្រី ក៏ជំរុញឱ្យកោះសូឡូម៉ុនសម្លឹងមើលដៃគូសហប្រតិបត្តិការដែលស្ថិតនៅតែតំបន់ប៉ាស៊ីហ្វិក នៅពេលពិចារណាពីទំនាក់ទំនងសន្តិសុខរបស់ប្រទេស។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ AP។
 
នៅក្រោមលក្ខខណ្ឌនៃសេចក្តីព្រាងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងដែលត្រូវបានចែកចាយ ចិនអាចបញ្ជូនប៉ូលិស ​យោធា​ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតទៅកាន់ដែនកោះនោះដើម្បីជួយរក្សាសណ្តាប់ធ្នាប់សង្គម និងមូលហេតុផ្សេងទៀត។ ទីក្រុងប៉េកាំង ក៏អាចបញ្ជូនកប៉ាល់ទៅកាន់កោះសម្រាប់ទស្សកិច្ចនិងដើម្បីបំពេញការងារផ្នែកសន្តិសុខផងដែរ។
 
ជុំវិញកិច្ចព្រមព្រៀងនេះដែរ កាលពីសប្តាហ៍មុន​ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ​ក្រុងប៉េកាំងនិងសូឡួឮូម៉ុន គ្រាន់តែរៀបចំកិច្ចសហប្រតិបត្តិការលើការអ​នុវត្តច្បាប់ និងសន្តិសុខធម្មតា។ ប៉ុន្តែវា​មិនច្បាស់ភ្លាមៗថានៅពេលណា ដែលកិច្ចព្រមព្រៀងសន្តិសុខអាចត្រូវចេញជាផ្លូវការ ​ចុះហត្ថលេខា ឬចូលជាធរមានឡើយ៕

Tag:
 អូស្ត្រាលី
  នូវែលសេឡង់
  ចិន
  កោះសូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com