អន្តរជាតិ
សាលាមួយនៅអង់គ្លេសហាមសិស្សចូលបន្ទប់ទឹកនៅម៉ោងរៀន, ឪពុកម្តាយចោទថា ជាការរំលោភសិទ្ធិមូលដ្ឋាន
29, Mar 2022 , 8:29 am        
រូបភាព
ដោយ: ធីតា
សាលារៀនមួយនៅចក្រភពអង់គ្លេស បានរងការចោទប្រកាន់ពីអាណាព្យាបាលថា បទរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន។ បើតាមការផ្សាយរបស់សារព័ត៌មាន Metro ថ្នាក់ដឹកនាំសាលាបានសម្រេចចាក់សោរបន្ទប់ទឹក ដោយហាមសិស្សប្រើប្រាស់នៅពេលកំពុងសិក្សា។
 
ស្ថិតនៅក្រុង Kent សាលារៀន Hundred of Hoo Academy បានសម្រេចរឹតត្បិតការចូលបន្ទប់ទឹករបស់សិស្សនៅចំម៉ោងរៀន ខណៈឪពុកម្តាយមួយចំនួន បានចោទប្រកាន់ថា សាលាបានរំលោភបំពានសិទ្ធិជាមូលដ្ឋានរបស់កុមារ ហើយអ្នកខ្លះប្រៀបប្រដូចសាលាទៅនឹងពន្ធនាគារ។
 
អាណាព្យាបាលខ្លះ បានត្អូញត្អែរថា ការរឹតបន្តឹងរបស់សាលា បានធ្វើឲ្យកូនៗរបស់ពួកគាត់មិនសូវផឹក ដោយពួកគេត្រឡប់ទៅផ្ទះវិញទាំងមានអាការៈនឿយហត់ និងឈឺក្បាល ហើយសិស្សខ្លះថែមទាំងមិនបានចូលបន្ទប់ទឹកពេញមួយថ្ងៃ។
 
«សិទ្ធិមនុស្សជាមូលដ្ឋាន គឺអាចចូលបន្ទប់ទឹក។ ពួកគេមិនអាចរង់ចាំរហូតដល់ពេលស្រស់ស្រូបអាហារថ្ងៃត្រង់នោះឡើយ ព្រោះត្រូវឈរតម្រង់ជួរ ដូច្នេះអ្នកខ្លះមានជម្រើសច្របូកច្របល់រវាងការញ៉ាំ និងការទៅឈរតម្រង់ជួរចូលបន្ទប់ទឹក»។ នេះជាការលើកឡើងរបស់អាណាព្យាបាលមួយរូបដែលត្រូវបានដកស្រង់ដោយ Metro។
 
នៅក្នុងសេចក្តីបញ្ជាក់របស់ខ្លួន សាលា Hundred of Hoo Academy បានបញ្ជាក់ថា សិស្សទាំងអស់អាចចូលបន្ទប់ទឹក សេវាសិស្សានុសិស្ស និងបន្ទប់ផ្សេងៗទៀតបានជារៀងរាល់ថ្ងៃ  ប៉ុន្តែពួកគេត្រូវគោរពតាមប្រព័ន្ធគ្រប់គ្រងរបស់សាលា ដែលបានអនុវត្តជាយូរឆ្នាំមកហើយ រីឯសិស្សទាំងអស់ក៏បានដឹងខ្លួនផងដែរ។ 
 
សាលាបានអះអាងថា៖ «គ្មានការផ្លាស់ប្តូរគោលនយោបាយឡើយ ដោយសិស្សទាំងអស់មានសិទ្ធិប្រើប្រាស់បរិក្ខារផ្សេងៗរបស់សាលា។ យើងមានបន្ទប់ទឹកជាច្រើន ហើយសិស្សទាំងអស់អាចប្រើដោយសេរីនៅពេលចេញលេង និងពេលបាយថ្ងៃត្រង់»។
 
សាលាបានបញ្ជាក់យ៉ាងច្បាស់ថា សាលាចង់ឲ្យសិស្សប្រើប្រាស់បន្ទប់ទឹកនៅពេលវេលាដ៏សមស្រប ខណៈនៅម៉ោងសិស្ស ពួកគេត្រូវតែផ្តោតលើការរៀនសូត្រ ជៀសវាងការរំខានពេលគ្រូកំពុងបង្រៀន។ ទោះបីជាយ៉ាងណាក៏ដោយ សិស្សអាចប្រើប្រាស់បន្ទប់ទឹក ក្នុងករណីមានបញ្ហាសុខភាព ជាចាំបាច់។
 
«យើងត្រូវទទួលខុសត្រូវមើលថែទាំ និងអប់រំសិស្សឲ្យបានហ្មត់ចត់បំផុត ហើយបន្តគាំទ្រពួកគេឲ្យក្លាយជាមនុស្សល្អបំផុត»។ នេះជាការអះអាងរបស់ថ្នាក់ដឹកនាំសាលាដើម្បីការពារទាក់ទងបទបញ្ជាដ៏តឹងរ៉ឹងរបស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com