អន្តរជាតិ
វិមានក្រេមឡាំងថា សម្ដីលោក បៃឌិន លើការផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ជាការបង្ករឿង
29, Mar 2022 , 9:29 am        
រូបភាព
វិមានក្រេមឡាំង នៅថ្ងៃទី២៨ ខែមីនា បានព្រមានទីក្រុងវ៉ាស៊ីនតោនថា ការលើកឡើងរបស់ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ទាក់ទងអំណាចរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាការបង្ករឿង។ វិមានក្រេមឡាំងក៏បានបញ្ជាក់ថា ខ្លួននឹងតាមដានការឆ្លើយ តបរបស់អាម៉េរិកយ៉ាងយក​ចិត្តទុកដាក់​បំផុត។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ហាក់បង្កបញ្ហាមួយជាមួយរុស្ស៊ី បន្ទាប់ក្រោយលោក​បាន​ជ្រុល​មាត់​និយាយថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនអាចនៅបន្តកាន់អំណាចបានទៀតនោះទេ។ លោក បៃឌិន និយាយបែបនេះអំឡុងទស្សនកិច្ចនៅប៉ូឡូញ ប៉ុន្តែពេលទៅដល់អាម៉េរិកវិញ មេដឹកនាំអាម៉េរិក​រូបនេះ​ចេញមុខការពារពាក្យសម្តីរបស់ខ្លួនថា លោកមិនបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបប​ដឹកនាំក្រុ​ង​មូស្គូ​នោះទេ។
 
ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់លោកបៃឌិន​ អ្នកនាំពាក្យវិមាន ក្រេមឡាំង លោក Dmitry Peskov ប្រតិកម្មថា អ្វីៗមិនមែនសម្រេចលើប្រធានាធិបតីអាម៉េរិកឡើយ តែជាសិទ្ធិរបស់ប្រជាជនរុស្ស៊ី។ លើសពីនេះ អំឡុងសន្និសីទកាសែតថ្ងៃទី២៨ ខែមីនា លោក Peskov បានសង្កត់ធ្ងន់ថា សម្ដី​នេះជា​ការ​ថ្លែងមួយដែលបង្ករឿង។ លោក Peskov ក៏បាន​បញ្ជាក់ថា រុស្ស៊ីនឹងបន្តតាមដានសេចក្ដីថ្លែងការណ៍​របស់មេដឹកនាំអាម៉េរិកដោយយកចិត្តទុកដាក់បំផុត។
 
ទន្ទឹមនេះ អ្នកនាំពាក្យខាងលើបានបញ្ជាក់វិញថា លោក ពូទីន ជាមេដឹកនាំជាប់ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ ហើយប្រជាជនរុស្ស៊ី មិនមែនក្រុងវ៉ាស៊ីនតោនឡើយដែលជា អ្នកសម្រេចថា​អ្នក​ណា​ដឹកនាំរុស្ស៊ី។
 
លោក ពូទីន គឺជាមេដឹកនាំរុស្ស៊ីដ៏មានអំណាចឆ្នាំ១៩៩៩ ដែលដឹកនាំរុស្ស៊ីមិនឈប់ឈរតាំងពីនោះមក។ លោក Dmitry Medvedev បានធ្វើជាប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ខណៈ​ដែល​លោក ពូទីន ជានាយករដ្ឋមន្ត្រីមុនពេលវិលត្រឡប់ទៅធ្វើកាន់តំណែង​ជា​ប្រធានាធិបតី​វិញ។ នៅក្រោម​ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២០ លោក ពូទីន អាចស្វែង រកការ​បោះឆ្នោត​សម្រាប់ពីរអាណត្តិទៀតដែលមួយអាណត្តិមានរយៈពេល៦ឆ្នាំ៕

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com