កីឡាអន្តរជាតិ
អន្តរជាតិ
BBC៖ Abramovich សង្ស័យត្រូវថ្នាំពុលអំឡុងចរចាសន្តិភាព ដើម្បីជួយអ៊ុយក្រែន
29, Mar 2022 , 10:14 am        
រូបភាព
មហាសេដ្ឋីរុស្ស៊ី Roman Abramovich ត្រូវបានសង្ស័យថា ត្រូវថ្នាំពុលនៅក្នុងកិច្ចចរចាសន្តិភាពមួយ ដើម្បីជួយអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី នៅឯព្រំដែនអ៊ុយក្រែន-បេឡារុស កាលពីដើមខែមីនានេះ។ នេះបើតាមការផ្សាយរបស់កាសែត BBC ដែលទទួលបានពីប្រភពជិតស្និទ្ធនឹងលោក Abramovich។


ម្ចាស់ក្លិប Chelsea ដែលពេលនេះបានជាសះស្បើយហើយនោះ ត្រូវបានគេរាយការណ៍ថា បានរងរបួសត្រង់ភ្នែក និងរបកស្បែក។ ក្រៅពីមហារសេដ្ឋីរុស្ស៊ី Abramovich ដែលជ្រោមជ្រែងជួយអ៊ុយក្រែន គេចពីសង្គ្រាម អ្នក​ចរចា​សន្តិភាព​អ៊ុយក្រែន​ពីរ​រូបទៀត​ក៏​រងថ្នាំពុលដូចគ្នា​ដែរ។
 
របាយការណ៍​ដែលចេញផ្សាយរបស់ BBC លើកឡើង​ថា ការដាក់ថ្នាំ​ពុលនេះ ត្រូវបានគេដាក់ការសង្ស័យលើក្រុមជ្រុលនិយមក្នុងប្រទេសរុស្ស៊ី ដែលពួកគេចង់បំផ្លាញកិច្ចចរចាសន្តិភាព ដោយចង់ឃើញអ៊ុយក្រែនធ្លាក់ក្នុងសង្គ្រាមដដែល។
 
ភ្លាមៗបន្ទាប់ពីការចោទប្រកាន់នេះ មន្ត្រីអាម៉េរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ហើយត្រូវទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្តីអះអាងពីការស៊ើបការណ៍សម្ងាត់មួយបង្ហាញថា រោគសញ្ញារបស់មហាសេដ្ឋីប្រេងកើតឡើង ដោយសារតែកត្តាបរិស្ថានប៉ុណ្ណោះ មិនមែនជារោគសញ្ញាពុលនោះទេ។
 
លោក Abramovich ស្ថិតក្នុងចំណោមអភិជនរុស្ស៊ីទាំង៧រូប ដែលរងទណ្ឌកម្មពីអង់គ្លេស និងសហភាពអឺរ៉ុប ក្រោយរងការចោទប្រកាន់មានទំនាក់ទំនងស្អិតល្មួត នឹងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលបញ្ជាទ័យវាយលុកអ៊ុយក្រែន។
 
យ៉ាងណាក៏ដោយ ម្ចាស់ក្លិបតោខៀវ Chelsea រូបនេះ បានបង្ហាញការយកចិត្តទុកដាក់ក្នុងការជួយឱ្យមានការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងរូមចំណែកជួយដល់ជនភៀសខ្លួនអ៊ុយក្រែនផងដែរ៕
 

Tag:
 Roman Abramovich
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com