អន្តរជាតិ
អង្គការលើកលែងទោសអន្តរជាតិ៖ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ស្រដៀងសង្គ្រាមនៅស៊ីរី
29, Mar 2022 , 12:09 pm        
រូបភាព
ស្រ្តីម្នាក់ដើរកាត់អាគារបែកបាក់ក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន។ រូបថត Xinhua
ស្រ្តីម្នាក់ដើរកាត់អាគារបែកបាក់ក្នុងទីក្រុង Mariupol របស់អ៊ុយក្រែន។ រូបថត Xinhua
អគ្គលេខាធិការនៃអង្គការរលើកលែងទោសអន្តរជាតិ Agnes Callamard នៅថ្ងៃទី២៩ ខែមីនា បានប្រដូចសកម្មភាពលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនទៅនឹងសកម្មភាពដែលរុស្ស៊ីបានធ្វើឡើង​ក្នុង​សង្គ្រាមនៅស៊ីរី។ លោកស្រីក៏បារម្ភពីឧក្រិដ្ឋកម្មសង្គ្រាមដែលកំពុងកើតឡើង​ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនឆក់យកឱ្យជនស៊ីវិលស្លាប់អស់ជាច្រើនតាំងពីចុងខែកុម្ភៈមក។
 
កងកម្លាំងរុស្ស៊ី នៅតែធ្វើប្រតិបត្តិការនៅអ៊ុយក្រែន ដោយបានប្រើយន្តហោះ និងមីស៊ីលវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។ ស្របគ្នានេះ របាយការណ៍ពីការស្លាប់របស់ជនស៊ីវិល ក៏បន្តមានឥតឈប់ឈរ ពិសេសនៅទីក្រុង Mariupol ដែលរុស្ស៊ីឡោមព័ទ្ធជាច្រើនថ្ងៃមកហើយ។ មន្ត្រីជាន់ខ្ពស់អ៊ុយ​ក្រែន​បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា តាំងពីផ្ទុះសង្គ្រាម មនុស្សជាង៥ពាន់នាក់នៅក្រុង Mariupol បានស្លាប់ ក្នុងនោះរួមមានកុមារ២១០នាក់។
 
កាលពីសប្តាហ៍មុន រដ្ឋាភិបាលអាម៉េរិក ក៏បានអះអាងថា ខ្លួនមានព័ត៌មាន និងព័ស្តុតាងដ៏រឹងមាំ​ដើម្បី​បង្ហាញថាយោធារុស្ស៊ីពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនមែន។
 
ទាក់ទងរឿងអ៊ុយក្រែននេះ អគ្គលេខាធិការអង្គការរលើកលែងទោសអន្តរជាតិលោកស្រី Agnes Callamard លើកឡើងថា អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន​គឺ​ជា​រឿង​ដដែលៗ ដែល​ពិភពលោក​ធ្លាប់បាន​ឃើញ​នៅស៊ីរី។ លោកលើកឡើងបែបនេះអំឡុងពិធីសម្ពោធរបាយការណ៍ប្រចាំឆ្នាំស្តីពី​ស្ថានភាពសិទ្ធិមនុស្សលើពិភពលោកនៅថ្ងៃទី២៩ ខែមីនា។
 
«ពួកយើង​កំពុង​ស្ថិត​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ចេតនា​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល។ ពួកយើង​ឃើញ​រឿង​ដូចគ្នា ដូច​រុស្ស៊ី​បាន​ធ្វើ​នៅ​ស៊ីរីដែរ»។ លោកស្រី Callamard បានសង្កត់​ធ្ងន់​បែបនេះ មុនរិះគន់​រុស្ស៊ី​ថា ជាអ្នកធ្វើឱ្យឱ្យប្រព័ន្ធសណ្ដាប់ធ្នាប់អន្តរជាតិខូចខាត និងមានអស្ថិរភាព។ លោកស្រី ក៏បាន​ប្រៀប​ធៀបទីក្រុង Mariupol ទៅនឹងទីក្រុង Aleppo ទីដែលស្ថានភាពជនស៊ីវិលធ្លាក់ចុះខ្លាំងរហូតក្លាយជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ លោកស្រីក៏បាននិយាយថា ការសង្កេតរបស់ក្រុមសិទ្ធិ​មនុស្សនៅពេល​នេះ​បាន​បញ្ជាក់ថា សកម្មភាពរបស់រុស្ស៊ីគឺជាការកើនឡើងនៃឧក្រិដ្ឋកម្មសង្គ្រាម។
 
ប្រមុខអង្គការឃ្លាំមើលសិទ្ធិមនុស្សដ៏ធំមួយនេះ ក៏បាន​បរិហារពីភាពអសកម្ម​របស់​អង្គការសហ​ប្រជា​ជាតិ (UN) ក្នុងការដោះស្រាយ និងទប់ស្កាត់វិបត្តិជាច្រើននាពេលថ្មីៗនេះ ដែលរួមមាន​វិបត្តិ​មីយ៉ាន់ម៉ា អាហ្វហ្កានីស្ថាន និងស៊ីរី ហើយព្រមទាំងវិបត្តិនៅអ៊ុយក្រែន-រុស្ស៊ីនេះផងដែរ។
 
ពីទីក្រុងប៉ារីសវិញ នាយកអង្គការលើកលែងទោសអន្តរជាតិនៅតំបន់អឺរ៉ុបខាងកើត និងអាស៊ី លោកស្រី  Marie Struthers បានប្រាប់​សន្និសីទ​សារព័ត៌មាន​ដាច់​ដោយឡែកមួយ​ថា អ៊ុយក្រែនបានកត់ត្រាអំ​ពី​ការប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នានឹងសង្រ្គាមនៅស៊ីរី និងនៅតំបន់ Chechnya រួមមានការវាយ​ប្រហារ​លើជនស៊ីវិល និងការប្រើប្រាស់អាវុធដែលត្រូវបានហាមឃាត់ដោយ​ច្បាប់អន្តរជាតិ​ពី​សំណាក់រុស្ស៊ី៕
 

Tag:
 រុស្ស៊ី
  ស៊ីរី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com