សិល្បៈអន្តរជាតិ
អន្តរជាតិ
Will Smith ថាទង្វើខ្លួនមិនអាចលើកលែងទោស​បានឡើយ តែបញ្ជាក់ថាពិតជាពិបាកទប់អារម្មណ៍
29, Mar 2022 , 11:58 am        
រូបភាព
ដោយ: រួបរួម
តារាសម្តែង Will Smith បានសរសេរសារសុំទោសតារាកំប្លែង Chris Rock ចំពោះទង្វើរបស់ខ្លួននាពិធីប្រគល់រង្វាន់អូស្ការ Academy Awards កាលពីយប់ថ្ងៃអាទិត្យ។ Rock បានធ្វើជាពិធីករដើម្បីប្រកាសជ័យលាភី Best Documentary Feature ប៉ុន្តែមុនពិធីប្រគល់រង្វាន់ គេបានឆ្លៀតនិយាយកំប្លែងអំពី Jada Pinkett ភរិយារបស់ Smith ទាក់ទងនឹងករណីកោរសក់។ Smith រំជួលចិត្តយ៉ាងខ្លាំង ហើយបានឡើងទៅលើវេទិកាទះកំផ្លៀង Rock។


«អំពើហិង្សារាល់ទម្រង់គឺជាការបំពុល និងបំផ្លិចបំផ្លាញ។ ទង្វើរបស់ខ្ញុំកាលពីយប់មិញក្នុងពិធី Academy Awards ពិតជាមិនអាចទទួលយកបាន និងមិនគួរលើកលែងទោសនោះឡើយ។ កំប្លែងជាផ្នែកមួយនៃការងាររបស់ខ្ញុំ ប៉ុន្តែការនិយាយកំប្លែងពីលក្ខខណ្ឌសុខភាពរបស់ Jada គឺធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ខ្ញុំ ហើយខ្ញុំប្រតិកម្មតបវិញទាំងរំជួលចិត្ត»។ នេះជាការបញ្ជាក់របស់ Will Smith។

ក្នុងសារផ្លូវការរបស់ខ្លួន Smith បានសុំទោស Rock រួមទាំងកម្មវិធី Academy, ផលិតករកម្មវិធី, អ្នកចូលរួម មនុស្សទាំងអស់លើពិភពលោក ក៏ដូចជាក្រុមគ្រួសារខ្លួនផ្ទាល់ផងដែរ។ Smith សោកស្តាយយ៉ាងខ្លាំងចំពោះអាកប្បកិរិយាហិង្សារបស់ខ្លួន។

Jada Pinkett អាយុ៥០ឆ្នាំ ក៏ជាតារាសម្តែង តារាចម្រៀង និងជាអ្នកជំនួញអាម៉េរិកមួយរូបផងដែរ។ នាងបានរៀបការជាមួយ Smith កាលពីឆ្នាំ១៩៩៧ និងមានកូន២នាក់។ នៅឆ្នាំ២០១៨ នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺជ្រុះសក់ alopecia។

នៅលើវេទិកា Rock បាននិយាយថា៖ «Jada ខ្ញុំស្រឡាញ់អ្នក, G.I. Jane 2 រង់ចាំមើលយ៉ាងអន្ទះសា»។ GI Jane គឺជាខ្សែភាពយន្តមួយកាលពីឆ្នាំ២០១៧ ដែលសម្តែងដោយ Demi Moore ជាតួអង្គ Jordan O’Neil ។ ក្នុងខ្សែភាពយន្ត O’Neil បានកោរសក់របស់ខ្លួន ដើម្បីចូលហ្វឹកហាត់ក្នុងជួរកងទ័ពជើងទឹកជាមួយក្រុមបុរស។

ដំបូងឡើយ Smith អង្គុយសើចធម្មតា ប៉ុន្តែក្រោយឃើញទឹកមុខ Pinkett បង្ហាញអារម្មណ៍មិនសប្បាយចិត្ត តារាសម្តែងរូបនេះ បានឡើងទៅលើវេទិកា ដើម្បីទះកំផ្លៀង Rock តែម្តង។ ពេលត្រឡប់អង្គុយនៅកន្លែងវិញ Smith បានស្រែកគំហកពីរដងដាក់ Rock ថា៖ «ត្រូវទុកឈ្មោះប្រពន្ធខ្ញុំ ឲ្យក្រៅប្រអប់មាត់ដ៏គម្រក់របស់អ្នក»។

ក្រោយហេតុការណ៍កើតឡើង Rock នៅតែបន្តដឹកនាំកម្មវិធី ហើយតារាកំប្លែងរូបនេះ ក៏មិនបានអត្ថាធិប្បាយ ឬផ្តល់ចម្លើយណាមួយដល់អាជ្ញាធរប៉ូលិស Los Angeles នោះដែរ។

សូមបញ្ជាក់ថា ក្នុងពិធី Academy Awards លើកទី៩៤នៅសាល Dolby Theatre ក្នុងរដ្ឋ Los Angeles តារាសម្តែង Smith បានឈ្នះពានរង្វាន់តារាសម្តែងឆ្នើមបំផុត (Best Actor) តាមរយៈការសម្តែងជាតួអង្គ Richard Williams ក្នុងរឿង King Richard។

ពេលឡើងទទួលពានរង្វាន់ Smith បានឡើងនិយាយទាំងទឹកភ្នែក និងសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួនលើ Rock ផងដែរ ដោយបានសុំទោសដល់ក្រុមការងារ Academy of Motion Pictures Arts and Sciences ប៉ុន្តែមិនបានរំលឹកពីឈ្មោះ Rock ភ្លាមៗនោះឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com