អន្តរជាតិ
លោក លី សៀនឡុង៖ សិង្ហបុរី បន្តគាំទ្រវត្តមានយោធាអាម៉េរិកនៅអាស៊ី
29, Mar 2022 , 4:20 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបភាព AFP
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបភាព AFP
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២៨ ខែមីនា​ ប្រាប់មន្រ្តីអាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោនថា វត្តមានអាម៉េរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិតជាសំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ សិង្ហបុរី នៅតែបន្តគាំទ្រវត្តមានយោធាអាម៉េរិកនៅក្នុងតំបន់។
 
ប្រមុខរដ្ឋាភិបាលសិង្ហបុរី លី សៀនឡុង កំពុងធ្វើទស្សនកិច្ចរយៈពេល៧ថ្ងៃនៅអាម៉េរិក ដែលចាប់ផ្ដើមពីថ្ងៃទី២៦ ខែមីនា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ 
 
នៅថ្ងៃទី២៨ ខែមីនា លោក លី បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន នៅមន្ទីរបញ្ចកោណ ដោយជជែកពីបញ្ហាសន្តិសុខនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក, ជម្លោះរុស្ស៊ី-អ៊ុយក្រែន, កិច្ចសហប្រតិបត្តិការការពារ ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិត។ 
 
ពាក់ព័ន្ធនឹងវិស័យយោធា ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានថ្លែងប្រាប់ប្រមុខការពារជាតិអាម៉េរិកថា សិង្ហបុរី និងក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងលើវិស័យការពារជាតិយ៉ាងល្អ ដែលនេះជាផ្នែកមួយ ដែលជួយឱ្យប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងរឹងមាំ។ បើតាមលោកលី សិង្ហបុរីយល់ថា វត្តមានអាម៉េរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺពិតជាសំខាន់ណាស់សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។ 
 
«សិង្ហបុរី បន្តគាំទ្រវត្តមានយោធាអាម៉េរិកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។ នាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ប្រទេសទាំងពីរ នឹងបន្តសហការរួមគ្នា ស្របពេលពិភពលោក កំពុងប្រឈមបញ្ហាជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ 
 
ចំណែកលោក អូស្ទីន វិញ បានចាត់ទុកសិង្ហបុរីជាដៃគូការពារដ៏មានតម្លៃ ហើយ ប្រាប់នាយករដ្ឋមន្រ្តីសិង្ហបុរីថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងជួយធានាសន្តិសុខនៅក្នុងតំបន់។ លោកអះអាងទៀតថា ការគាំទ្ររបស់សិង្ហបុរីចំពោះកងកម្លាំងអាម៉េរិក ជាការពង្រឹងវត្តមានអាម៉េរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលទំនាក់ទំនងយោធាប្រទេសទាំងពីរ គឺរឹងមាំជាងពេលណាទាំងអស់ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិហ្វឹកហ្វឺនលើវិស័យផ្សេងទៀត។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី និងប្រមុខការពារជាតិអាម៉េរិក ក៏បានជជែកពីបញ្ហាអ៊ុយក្រែនផងដែរ។ លោក លី បានអះអាងថា បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន សិង្ហបុរីបានដាក់ទណ្ឌកម្មជាច្រើន ដើម្បីជំរុញឱ្យក្រុងមូស្គូផ្អាកប្រតិបត្តិការពិសេសលើទីក្រុងកៀវ។ ចំណាត់ការនេះ ត្រូវបានរដ្ឋមន្រ្តីការពារជាតិអាម៉េរិក សាទរយ៉ាងខ្លាំង។ 
 
ក្នុងថ្ងៃដដែលនោះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏បានជួបជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen ផងដែរ ដើម្បីពិភាក្សាជុំវិញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ សេដ្ឋកិច្ច បញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការស្តារសេដ្ឋកិច្ចពីជំងឺឆ្លងសកល។
 
ក្នុងទស្សនកិច្ចនេះ លោក លី ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កផងដែរ 
 

Tag:
 សិង្ហបុរី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com