អន្តរជាតិ
EU គ្រោងបែងចែកជនភៀសខ្លួនអ៊ុយក្រែនដើម្បីបង្ហាញពីសាមគ្គីភាព
29, Mar 2022 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អាល្លឺម៉ង់នៅថ្ងៃទី២៨ ខែមីនា អំពាវនាវឱ្យមានការបែងចែកជនភៀសខ្លួនអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប (EU) ឱ្យស្មើគ្នាបន្ថែមទៀត។ ពលរដ្ឋអ៊ុយក្រែនជាង ៣,៨ លាននាក់បានភៀសខ្លួនចេញពីប្រទេសដែលកំពុងឆាបឆេះដោយភ្លើងសង្រ្គាម។

យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មនុស្សជាង១០លាននាក់ត្រូវបានជម្លៀសខ្លួនក្នុងប្រទេស ខណៈជិត៤​លាននាក់ទៀត ចិត្តចាកចេញពីអ៊ុយក្រែន។ វិបត្តិជនភៀសខ្លួនអ៊ុយក្រែននេះ ត្រូវបានមើលឃើញថាជា វិបត្តិជនភៀសខ្លួនដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក។
 
គិតមកទល់ពេលនេះ ប៉ូឡូញដែលមានប្រជាជនជាង៣៨លាននាក់ បានទទួលជនភៀសខ្លួនពីអ៊ុយក្រែនច្រើនជាងគេប្រមាណ២,៣លាននាក់ ខណៈប្រទេសក្នុងសហភាពអឺរ៉ុប (EU) ផ្សេងទៀតរួមមានរូម៉ានី ស្លូវ៉ាគី និងហុងគ្រី ក៏កំពុងរៀបចំទទួលជនភៀសខ្លួនដែលភាគច្រើនជាស្ត្រី និងកុមារបន្ថែមផងដែរ។ 
 
«យើងចាំបាច់ត្រូវបែងចែកបន្ថែមទៀតជនភៀសខ្លួននៅក្នុង EU ដើម្បីបង្ហាញពីសាមគ្គីភាពដោយការទទួលយកជនភៀសខ្លួន»។ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ Nancy Faeser បានប្រាប់អ្នកកាសែតបែបនេះនៅទីក្រុងព្រុចសែល ទីដែលរដ្ឋមន្ត្រីមហាផ្ទៃនៃប្រទេសសមាជិក EU ទាំងអស់ជួបប្រជុំគ្នាដើម្បីពិភាក្សាពីបញ្ហាជនភៀសខ្លួន។ ​
 
ប៉ូឡូញ អូទ្រីស និងឆែក ជាប្រទេសដែលស្ថិតនៅក្រោមសម្ពាធដ៏ធំបំផុតពីបញ្ហាជនភៀសខ្លួននេះ។ នេះបើយោងតាមសន្ទស្សន៍ដែលរៀបចំដោយគណៈកម្មការអឺរ៉ុបដោយផ្អែកលើចំនួនជនភៀសខ្លួនធៀបនឹងចំនួនប្រជាជនក្នុងប្រទេសនីមួយៗ។ អាល្លឺម៉ង់ដែលមានប្រជាជនជាង៨០លាននាក់ ទទួលយកជនភៀសខ្លួនពីអ៊ុយក្រែនជាង ២៧ ម៉ឺននាក់ ខណៈបារាំងដែលជាសមាជិកធំមួយដែរ ទទួលជនភៀសខ្លួនបានជាង ៣ ម៉ឺននាក់។ 
 
អេ​ស្ប៉ា​ញ​ទទួលយកជនភៀសខ្លួនជាង២ម៉ឺន៥ពាន់នាក់ ខណៈ​អូទ្រីស ​និង​លីទុយអានីដែលជាប្រទេសតូចជាអេ​ស្ប៉ា​ញទទួលជនភៀសខ្លួន ប្រមាណ៣ម៉ឺន៥ពាន់នាក់ឯណោះ។ លើសពីនេះ អៀរឡង់ទទួលជនភៀសខ្លួនប្រហែល១ម៉ឺន៣ពាន់នាក់ ខណៈឆែកទទួលពលរដ្ឋអ៊ុយក្រែនប្រហែល៣០ ម៉ឺននាក់ទៅហើយដែលស្មើនឹងជិត៣​ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន។
 
«រលកគឺធំ ហើយយើងត្រូវរំពឹងថា វានឹងមិនទាន់ចប់នៅឡើយទេ។ ឥឡូវនេះ យើងកំពុងពឹងផ្អែកលើសាមគ្គីភាពនៃប្រទេស EU ផ្សេងទៀត»។ រដ្ឋមន្ត្រីមហាផ្ទៃឆែក Vit Rakusan និយាយបែបនេះមុនព្រមានថា ឆែកជិតអស់កន្លែងដែលសមរម្យសម្រាប់ទទួលជនភៀសខ្លួនអ៊ុយក្រែនហើយ។ 
 
គួរបញ្ជាក់ថា នៅទីក្រុង ព្រុចសែល រដ្ឋមន្ត្រីមហាផ្ទៃសហភាពអឺរ៉ុប បានពិភាក្សាពីការចែករំលែកព័ត៌មាន ក៏ដូចជាការបញ្ជូនជនភៀសខ្លួនបន្ថែមទៀតទៅប្រទេសនៅប៉ែកភាគខាងលិច។
ទន្ទឹមនេះដែររដ្ឋាភិបាលក្រុងវ៉ាសូវី ប្រាក និងវីលនីញូស បានអំពាវនាវឱ្យមានជំនួយហិរញ្ញវត្ថុ។ សមាជិក EU ខ្លះទៀត សង្កត់ធ្ងន់ថា ជនភៀសខ្លួនត្រូវតែត្រូវបានចុះឈ្មោះឱ្យបានត្រឹមត្រូវនៅពេលមកដល់ដើម្បីអាចឱ្យរដ្ឋនានារៀបចំលំនៅដ្ឋាន និងសាលារៀនចាំបាច់ ក៏ដូចជាសម្រាប់ហេតុផលសុវត្ថិភាពផងដែរ៕
 

Tag:
 អឺរ៉ុប
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com