ជាតិ
ចូលឆ្នាំខ្មែរ! រដ្ឋមន្ត្រីទេសចរព្រមានវិធានការលើអ្នកឡើងថ្លៃផលិតផល និងសេវាកម្មហួសហេតុ
29, Mar 2022 , 8:59 pm        
រូបភាព
លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ រូបភាព​ផ្ដល់ឱ្យដោយក្រសួងទេសចរណ៍
លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ រូបភាព​ផ្ដល់ឱ្យដោយក្រសួងទេសចរណ៍
ដោយ: ថ្មីៗ
ខេត្ត ឬ តំបន់មួយចំនួននឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ និងទាក់ទាញទេសចរបន្ថែម។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រាប់​ឱ្យអ្នករកស៊ីក្នុងវិស័យទេសចរណ៍ ត្រូវកំណត់តម្លៃត្រឹមត្រូវ និងដាក់បង្ហាញឱ្យភ្ញៀវឃើញ​​។ លោក ថោង ខុន នឹងចាត់វិធានការចំពោះអ្នកបង្កើនតម្លៃសេវាកម្ម ឬផលិតផលហួសហេតុក្នុងពិធីបុណ្យចូលឆ្នាំ ចាប់ពីថ្ងៃទី ១៤ដល់១៦មេសា។


ក្រសួងទេសចរណ៍ជំរុញឱ្យអាជ្ញាធរ និងមន្ទីរទេសចរណ៍ រៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ឬព្រឹត្តិការណ៍ណាមួយដើម្បីអបអរពិធីបុណ្យចូលឆ្នាំ និងជំរុញទេសចរ ឱ្យដើរកម្សាន្ត ដើម្បីបង្កើនចំណូលមូលដ្ឋានអាជីវកម្មទេសចរណ៍តាមខេត្តនីមួយៗ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍។
  


ក្រសួងទេសចរណ៍ក៏បានណែនាំ ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវកំណត់តម្លៃផលិតផល និង សេវាកម្ម នៅលើក្រដាស ឬឧបករណ៍ណាមួយឱ្យបានត្រឹមត្រូវដើម្បីបង្ហាញដល់ភ្ញៀវទេសចរ។ ក្រសួងទេសចរណ៍ នឹងចាត់វិធានផ្លូវច្បាប់សម្រាប់អ្នកឡើងថ្លៃហួសហេតុ និង​មិនមានកំណត់តម្លៃសេវាកម្ម និង ផលិតផល។
 
មួយវិញទៀត មូលដ្ឋានអាជីវកម្មទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តត្រូវបន្តអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមប្រក្រតីភាពថ្មី ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ លើសពីនេះអ្នកបម្រើការក្នុងអាជីវកម្មទេសចរណ៍ ត្រូវតែជាអ្នកទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ​។ រមណីយដ្ឋាននានា ក៏មិនត្រូវទទួលទេសចរលើសបរិមាណកំណត់នោះដែរ៕
 

Tag:
 ThmeyThmey25
  ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com