អន្តរជាតិ
អាម៉េរិក នឹងពិចារណាយកពន្ធនាំចូលលើបន្ទះសូឡាពីរដ្ឋអាស៊ីអាគ្នេយ៍៤ ក្នុងនោះមានកម្ពុជាដែរ
29, Mar 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ក្រសួងពាណិជ្ជកម្មអាម៉េរិក នៅថ្ងៃទី២៨ ខែមីនា ប្រកាសបើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនដែលផលិតឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យនៅប្រទេសអាស៊ីគ្នេយ៍ចំនួន៤ តាមបណ្ដឹងក្រុមហ៊ុនអាម៉េរិក។ បើរកឃើញថា ក្រុមហ៊ុនចិន បញ្ជូនគ្រឿងបន្លាស់មកដំឡើងនៅប្រទេសអាស៊ីអាគ្នេយ៍ មុនដឹកជញ្ជូនផលិតផលសម្រេចដែលមានតម្លៃថោកទៅអាម៉េរិក រដ្ឋបាលវ៉ាស៊ីនតោន អាចដាក់ពន្ធនាំចូលតែម្ដង។
 
ក្នុងសេចក្ដីប្រកាសថ្ងៃទី២៨ ខែមីនា ក្រសួងពាណិជ្ជកម្មអាម៉េរិក បញ្ជាក់ថា នឹងបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនចិនតាមការស្នើសុំរបស់​ក្រុមហ៊ុន Auxin Solar Inc. ដែលមានមូលដ្ឋាននៅរដ្ឋ California។ នេះជាការស៊ើបអង្កេតជំហានផ្លូវការដំបូងដែលអាចត្រូវប្រើពេល១ឆ្នាំ ហើយនឹងឈានដល់ការសម្រេចដាក់ពន្ធបន្ថែមលើការនាំចូលពីកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ទីដែលក្រុមហ៊ុនចិនកំពុងប្រតិបត្តិការ។ 
 
«ក្រសួងនឹងស៊ើបអង្កេតដោយបើកចំហ និងប្រកបដោយតម្លាភាព»។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាម៉េរិកប្រកាសបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ ដោយបន្ថែមថា នេះគ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ ហើយមិនទាន់មានកាតព្វកិច្ចបង់ពន្ធបន្ថែមអំឡុងពេលនេះទេ។ 
 
បើតាមព័ត៌មានដែលក្រុមហ៊ុន Auxin Solar បានផ្តល់ទៅកាន់ក្រសួងពាណិជ្ជកម្មអាម៉េរិក ក្រុមហ៊ុនចិនផលិតឧបករណ៍ស្រូបពន្លឺព្រះអាទិត្យ បានបញ្ជូនគ្រឿងបន្លាស់មកដំឡើងនៅប្រទេសទាំង៤ ដើម្បីគេចវេសពីកាតព្វកិច្ចបង់ពន្ធទៅអាម៉េរិកអស់រយៈពេលជិត១ទសវត្សរ៍មកហើយ។ ការស្នើរបស់ក្រុមហ៊ុន Auxin Solar ជាកិច្ចប្រឹងប្រែងចុងក្រោយបំផុតរបស់ក្រុមហ៊ុនផលិតបន្ទះសូឡានៅអាម៉េរិក ដើម្បីទប់ស្កាត់លំហូរផលិតផលរបស់អាស៊ីដែលមានតម្លៃថោក ហើយធ្វើឱ្យផលិតផលរបស់អាម៉េរិកមិនអាចប្រកួតប្រជែងលើទីផ្សារបាន។ 
 
យ៉ាងណាមិញ ការស៊ើបអង្កេតនេះ ប៉ះពាល់ដល់វិស័យថាមពលពន្លឺព្រះអាទិត្យរបស់អាម៉េរិកដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលបន្ទះសូឡាពីបណ្តាប្រទេសអាស៊ី។ បើតាមសមាគមថាមពលស្អាតអាម៉េរិក (American Clean Power Association) ការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីប្រទេសទាំង៤នេះស្មើនឹង៨០ភាគរយនៃបន្ទះស្រូបពន្លឺដែលត្រូវដំឡើងនៅអាម៉េរិកឆ្នាំនេះ។ វាក៏បង្កផលប៉ះពាល់ដល់គោលនយោបាយប្រធានាធិបតី ចូ បៃឌិន លើការបញ្ឈប់ការប្រើប្រាស់ឥន្ធនៈផងដែរ
 
រដ្ឋបាលលោក បៃដិន បានកំណត់គោលដៅបញ្ឈប់ប្រើប្រាស់ឥន្ធនៈផូស៊ីលក្នុងវិស័យថាមពលត្រឹមឆ្នាំ២០៣៥ ហើយជំរុញកំណើនផ្គត់ផ្គង់ថាមពលពពីន្លឺព្រះអាទិត្យដល់ទៅ៤០ភាគរយ​ ខណៈបច្ចុប្បន្នមានតែ៣ភាគរយប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា នៅឆ្នាំ២០១២ អាម៉េរិកបានដាក់កាតព្វកិច្ចបង់ពន្ធលើការនាំចូលឧបករណ៍ស្រូបថាមពលពន្លឺព្រះអាទិត្យពីចិន ដោយសារក្រុមហ៊ុនចិនលក់នៅក្នុងតម្លៃថោក។ ក្រោយមក រោងចក្រចិនក៏បានលេចឡើងនៅប្រទេសផ្សេងៗក្នុងអាស៊ីអាគ្នេយ៍ដែលមិនជាប់កាតព្វកិច្ចបង់ពន្ធ៕
 
 
 
 
 
 
 

Tag:
 អាម៉េរិក
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com