អន្តរជាតិ
លោក វ៉ាង យី៖ ចិននិងឥណ្ឌា គួរជួយគ្នាសម្រេចជោគជ័យទៅវិញទៅមក ជាជាងបំផ្លាញគ្នា
29, Mar 2022 , 5:25 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (ខាងឆ្វេង) ជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar នៅទីក្រុងញូវដេលី ក្នុងថ្ងៃទី២៥ ខែមីនា។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (ខាងឆ្វេង) ជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar នៅទីក្រុងញូវដេលី ក្នុងថ្ងៃទី២៥ ខែមីនា។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី២៨ ខែមីនា បានលើកឡើងថា ចិន និងឥណ្ឌា គឺជាដៃគូអភិវឌ្ឍ មិនមែនគូប្រជែង ហើយប្រទេសទាំងពីរ គួរតែជួយគ្នាសម្រេចជោគជ័យទៅវិញទៅមក ជាជាងបំផ្លាញគ្នា។ បើតាមលោកវ៉ាង ប្រទេសជិតខាងទាំងពីរ គួរតែទុករឿងជម្លោះព្រំដែននៅមួយផ្នែក ដើម្បីកុំឱ្យប៉ះពាល់ទំនាក់ទំនង និងការអភិវឌ្ឍទ្វេភាគី។
 
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ទើបបានបញ្ចប់ទស្សនកិច្ចរយៈពេល៦ថ្ងៃ នៅអាស៊ីខាងត្បូង ដោយលោកទៅដល់ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន ឥណ្ឌា និងនេប៉ាល់។ នាជំនួបជាមួយអ្នកសារព័ត៌មានថ្ងៃទី២៨ ខែមីនា​ លោក វ៉ាង ក៏បានលើកឡើងពីទំនាក់ទំនងចិន និងឥណ្ឌា ដែលកំពុងមានជម្លោះព្រំដែនជាមួយគ្នាផង។ 
 
ប្រមុខការទូតចិន បានកត់សម្គាល់ថា ប្រទេសជិតខាងទាំងពីរ គឺជាដៃគូ មិនមែនគូប្រជែងនោះទេ ហើយគួរតែជួយគ្នាទៅវិញទៅមកឱ្យសម្រេចជោគជ័យ ជាជាងបំផ្លាញគ្នា។ ក្នុងន័យនេះ លោក វ៉ាង បានពន្យល់ថា ចិន និងឥណ្ឌា គួរតែទុកបញ្ហាព្រំដែននៅមួយឡែក និងមិនគួរឱ្យបញ្ហាទាំងនោះ មកប៉ះពាល់ដល់ការអភិវឌ្ឍទាំងមូលរវាងប្រទេសជិតខាងទាំងពីរឡើយ។ 
 
ប្រមុខការទូតចិន បានធ្វើទស្សនកិច្ចនៅឥណ្ឌា ដោយមិនប្រកាសជាមុននោះទេ។ នេះជាដំណើរទស្សកិច្ចរបស់មន្រ្តីជាន់ខ្ពស់ចិនលើកដំបូងទៅឥណ្ឌា ចាប់តាំងពីមានការប៉ះទង្គិចនៅតំបន់ព្រំដែនប្រទេសទាំងពីរ ក្នុងឆ្នាំ២០២០។ 
 
អំឡុងទស្សនកិច្ចរបស់លោក វ៉ាង ចិន និងឥណ្ឌា បានឯកភាពគោរពតាមគោលការណ៍កុងសង់ស៊ីស ដោយមិនគំរាមកំហែងគ្នាទៅវិញទៅមក ប៉ុន្តែត្រូវស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍទ្វេភាគី, ដោះស្រាយបញ្ហារួមឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានបញ្ជាក់ថា ទស្សនកិច្ចនៅតំបន់អាស៊ីខាងត្បូង នឹងជួយពង្រឹងមិត្តភាពបែបប្រពៃណីរវាងចិន និងបណ្តាប្រទេសទាំងនោះ អភិវឌ្ឍការយោគយល់គ្នា ធ្វើឱ្យទំនុកចិត្តជាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ និងកំណត់គោលដៅសម្រាប់កិច្ចសហប្រតិបត្តិការ។ 
 
មិនតែប៉ុណ្ណោះ ក្នុងទស្សនកិច្ចនេះដែរ មន្រ្តីជាន់ខ្ពស់ចិនរូបនេះ ក៏បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីការបរទេសនៃអង្គការកិច្ចសហប្រតិបត្តិការឥស្លាមជាលើកដំបូងនៅប៉ាគីស្ថានផងដែរ។ ក្នុងជំនួបដ៏សំខាន់នោះ រដ្ឋមន្រ្តីការបរទេសចិន និងរដ្ឋមន្រ្តីការបរទេសនៃអង្គការកិច្ចសហប្រតិបត្តិការឥស្លាម បានព្រមព្រៀងសហការលើបញ្ហាជាច្រើន ក្នុងនោះមានដូចជាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩, ការផលិត និងស្រាវជ្រាវវ៉ាក់សាំង រួមទាំងថ្នាំព្យាបាលជំងឺកូវីដ-១៩, គម្រោងផ្លូវ និងខ្សែក្រវាត់ និងការពង្រឹងទំនាក់ទំនងជាដើម៕
 

Tag:
 ឥណ្ឌា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com