កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើងសន្យាផ្តល់រង្វាន់៥៥ម៉ឺន​ដុល្លារដល់គ្រប់កីឡាករ​ បើទម្លាក់ព័រទុយហ្គាល់
29, Mar 2022 , 6:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើងសន្យាផ្តល់ប្រាក់រង្វាន់សម្រាប់កីឡាករម្នាក់៥៥០០០០ដុល្លារ ប្រសិនបើក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាសេដ្វានខាងជើងទម្លាក់ព័រទុយហ្កាល់នៅវគ្គ play-off ដើម្បីឡើងទៅ FIFA World Cup ឆ្នាំ២០២២នៅប្រទេសកាតា។

ក្រុមជម្រើសជាតិម៉ាសេដ្វានខាងជើង បានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ពិភពបាល់ទាត់រួចមកហើយតាមរយៈការទម្លាក់អ៊ីតាលីនៅវគ្គជម្រុះ Play-off វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃតំបន់អឺរ៉ុបសប្តាហ៍មុន។ 
 
ម៉ាសេដ្វានខាងជើង នឹងត្រូវបន្តទៅប៉ះក្រុមខ្លាំងព័រទុយហ្កាល់នៅវគ្គជម្រុះ Play-off វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមយកមួយកៅអីទៅប្រទេសកាតាចុងឆ្នាំនេះ។ 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីម៉ាសេដ្វានខាងជើងលោក Dimitar Kovacevski បានប្រកាសលើកទឹកចិត្តក្រុមកីឡាខ្លួនជាមុន ដោយសន្យាផ្តល់ប្រាក់លើកទឹកចិត្តក្នុងម្នាក់៥៥០០០០ដុល្លារ ប្រសិនក្រុមម៉ាសេដ្វានខាងជើងអាចបង្ហាញខ្លួននៅ World Cup លើកដំបូង។
 
ម៉ាសេដ្វានខាងជើង ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Euro 2020 ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីការបែកបាក់ពីយូហ្គោស្លាវីរួចមកហើយនោះ នឹងត្រូវតទល់ជាមួយព័រទុយហ្គាល់នៅវគ្គ Play-off ចុងក្រោយនៅរាត្រីថ្ងៃទី៣០ ខែមីនា នាកីឡដ្ឋាន Estadio do Dragao ក្រុង Porto ប្រទេសព័រទុយហ្កាល់។
 
ប៉ូឡូញ នឹងត្រូវប្រជែងកៅអី World Cup ជាមួយស៊ុយអែតផងដែរ ខណៈវែលស៍ដែលកំពុងស្វែងរកការបង្ហាញមុខក្នុងពានរង្វាន់បាល់ទាត់ពិភពលោកជាលើកដំបូង ក្រោយខកខាន៦៤ឆ្នាំ​ ត្រូវរង់ចាំជំនួបរវាងអ៊ុយក្រែននិងស្កុតឡែន៕
 
 

Tag:
 World Cup
  ម៉ាសេដ្វានខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com