អន្តរជាតិ
កោះសូឡូម៉ុន៖ កិច្ចចរចា​សន្តិសុខ​ជាមួយ​ចិន មិនបង្កអស្ថិរភាពក្នុងតំបន់ឡើយ
30, Mar 2022 , 8:34 am        
រូបភាព
នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក Manasseh Sogavare។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក Manasseh Sogavare។ រូបភាព៖ AFP
នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare នៅថ្ងៃទី២៩ ខែមីនា បានអះអាងថា ការប្រតិកម្មបែបអវិជ្ជមានលើកិច្ចចរចាសន្តិសុខរវាងកោះសូឡូម៉ុន-ចិន គឺជាការប្រមាថយ៉ាងខ្លាំង។ បើតាមលោកនាយករដ្ឋមន្រ្តី កោះសូឡូម៉ុន នឹងមិនជ្រើសមហាអំណាចណាមួយឡើយ ហើយនៅតែបន្តកិច្ចព្រមព្រៀងសន្តិសុខជាមួយអូស្ត្រាលីដដែល។
 
ក្រោយសេចក្តីព្រាងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកោះសូឡូម៉ុន និងចិន ត្រូវបានចែងចាយពាសពេញបណ្តាញផ្សព្វផ្សាយ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ​ស្កុត ម៉ូរីសុន និងសមភាគីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន ​បានបង្ហាញការព្រួយបារម្ភ ជុំវិញវត្តមានយោធាចិននៅលើកោះសូឡូម៉ុន ដែលស្ថិតនៅតំបន់ប៉ាស៊ីហ្វិក។ 
 
បន្ទាប់ពីក្តីបារម្ភនោះ លោកនាយករដ្ឋមន្ត្រី Manasseh Sogavare បានលើកឡើងនៅក្នុងសភាថា កោះសូឡូម៉ុនមិនត្រូវបានចិនដាក់សម្ពាធឡើយ ហើយក៏គ្មានបំណងចង់ឱ្យក្រុង​ប៉េកាំង សាងសង់មូលដ្ឋានយោធានៅប្រជុំកោះនេះដែរ។ ប្រមុខរដ្ឋាភិបាលកោះសូឡូម៉ុន បាន​បដិសេធ​ចំពោះការព្រួយបារម្ភ ដែលថាកិច្ចចរចាខាងលើនឹងនាំឱ្យមានអស្ថិរភាពតំបន់។
 
«ពួកយើងគ្មានបំណងលូកដៃចូលក្នុងបញ្ហាភូមិសាស្ត្រនយោបាយណាមួយឡើយ»។ លោក​ Sogavare​ បានបញ្ជាក់បែបនេះ​ រួចបន្តថាកោះសូឡូម៉ុន នឹងមិនជ្រើសឈរ នៅខាងមហាអំណាចណាមួយឡើយ ហើយកិច្ចព្រមព្រៀងសន្តិសុខជាមួយអូស្ត្រាលីនៅ តែបន្តដដែល។
 
បន្ថែមពីនេះ លោក Sogavare បានរិះគន់ប្រទេសធំៗក្នុងតំបន់ថា មិនខ្វល់ពីបញ្ហា ប្រែប្រួលអាកាសធាតុនៅតំបន់កោះប៉ាស៊ីហ្វិក តែបែរជាចាត់ទុកតំបន់នេះជាកន្លែងដែល មហាអំណាចលោកខាងលិចអាចមកលេងសើចទៅវិញ។ លោកបានសង្កត់ធ្ងន់ថា ប្រតិកម្មអវិជ្ជមានលើកិច្ចចរចាសន្តិសុខរវាងកោះសូឡូម៉ុន-ចិន គឺជាការប្រមាថយ៉ាងខ្លាំង។ 
 
បើតាមនាយករដ្ឋមន្ត្រីសូឡូម៉ុនរូបនេះ លោកបានផ្ញើសារទៅនាយករដ្ឋមន្រ្តីអូស្រ្តាលី ម៉ូរីសុន នៅព្រឹកថ្ងៃទី២៩ ខែមីនាហើយ និងបានពន្យល់ពីជំហររបស់កោះសូឡូម៉ុន ជាមួយវេទិកាកោះប៉ាស៊ីហ្វិក (Pacific Islands Forum) ដែលជាស្ថាប័នក្នុងតំបន់ដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការគោលនយោបាយ និងសេដ្ឋកិច្ច។
 
ក្រៅពីនេះ លោកក៏បានរំលឹកថា កោះសូឡូម៉ុនធ្លាប់បានស្នើឱ្យអូស្ត្រាលីសាងសង់មូលដ្ឋាន ទ័ពជើងទឹក ប៉ុន្តែត្រូវបានអូស្ត្រាលីបដិសេធ ក្រោមហេតុផលមិនសមរម្យទៅនឹងកម្មវិធី ការពារជាតិជាមួយប៉ាពូអាស៊ីនូវែលហ្គីណេ៕
 

Tag:
 ចិន
  សូឡូម៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com