កីឡាអន្តរជាតិ
អន្តរជាតិ
ព័រទុយហ្គាល់ ប៉ូឡូញ ហ្គាណា សេណេហ្គាល់ ទុយនីស៊ី ម៉ារ៉ុក និងកាមេរូន ឡើង World Cup
30, Mar 2022 , 9:38 am        
រូបភាព
ក្រុមទាំង៧ដែលទើបបានកៅអី World Cup។ ប្រភពរូបថត៖ FIFA
ក្រុមទាំង៧ដែលទើបបានកៅអី World Cup។ ប្រភពរូបថត៖ FIFA
ដោយ: រួបរួម
ព័រទុយហ្គាល់ ប៉ូឡូញ ហ្គាណា សេណេហ្គាល់ ទុយនីស៊ី ម៉ារ៉ុក និងកាមេរូន សុទ្ធតែទទួលបានកៅអីរៀងៗខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។


ព័រទុយហ្គាល់ បានទទួលជ័យជម្នះ ២-០ លើ ម៉ាសេដ្វានខាងជើង នាការប្រកួតវគ្គផ្តាច់ព្រ័ត្រវគ្គជម្រុះជុំទីពីរប្រចាំតំបន់អឺរ៉ុបដែលស៊ុតបញ្ចូលទីដោយ Bruno Fernandes ទាំងពីរគ្រាប់។ នេះជាការបង្ហាញខ្លួនលើកទី៧របស់ព័រទុយហ្គាល់ ដោយធ្លាប់បានលេខ៣កាលពីឆ្នាំ១៩៦៦។

ប៉ូឡូញត្រូវបង្ហាញមុខលើកទី៩នៅ World Cup ក្រោយឈ្នះ ស៊ុយអែត ២-០ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ Robert Lewandowski និង Piotr Zielinski នៅការប្រកួតវគ្គជម្រុះជុំទីពីរសម្រាប់តំបន់អឺរ៉ុប។ កាលពីឆ្នាំ១៩៧៤ និងឆ្នាំ១៩៨២ ពួកគេក៏ធ្លាប់បានចំណាត់ថ្នាក់លេខ៣ផងដែរ។

៥ក្រុមទៀតសុទ្ធតែក្រុមដែលឈ្នះការប្រកួតវគ្គជម្រុះជុំទីបីសម្រាប់តំបន់អាហ្វ្រិក។ ហ្គាណា បានទម្លាក់នីហ្សេរីយ៉ា ដោយរូបមន្តបាល់ក្រៅដី។ ជើងទីមួយនៅទឹកដីហា្គណា ការប្រកួតបញ្ចប់ដោយគ្មានគ្រាប់បាល់បញ្ចូលទី តែជើងទីពីរ ក្រុមទាំងបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ដែលជាលទ្ធផលមានប្រៀបសម្រាប់ហ្គាណា។ ហ្គាណា ធ្លាប់ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១០ នាការបង្ហាញខ្លួន៣លើកកន្លងមក។

សេណេហ្គាល់ នឹងបង្ហាញវត្តមានជាលើកទី៣ ខណៈកាលពីឆ្នាំ២០០២ធ្លាប់ឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ។ នាជំនួបជើងទីមួយ អេហ្ស៊ីបបានយកឈ្នះ ១-០ ហើយលទ្ធផលដដែលបានកើតឡើងនៅទឹកសេណេហ្គាល់ ដែលនាំឲ្យមានការសម្រេចក្តីដោយបាល់ប៉េណាល់ទី។ សេណេហ្គាល់បានទាត់ឈ្នះ ៣-១ ដែលរកបានចុងក្រោយដោយ Sadio Mane ចំណែកឯ Mohamed Salah បានបរាជ័យក្នុងការសម្រេចគ្រាប់បាល់ដំបូងសម្រាប់អេហ្ស៊ីប។

ចំណែកទុយនីស៊ីវិញ ពួកគេបានយកឈ្នះម៉ាលី ក្នុងលទ្ធផលសរុប ១-០។ នាជើងទីមួយ  ទុយនីស៊ី ឈ្នះ ១-០ ដោយខ្សែការពារម៉ាលី Moussa Sissako បានធ្វើឲ្យបាល់ចូលទីខ្លួនឯង ហើយនៅជើងទីពីរក្នុងទឹកដីទុយនីស៊ីវិញ ការប្រកួតគ្មានគ្រាប់បាល់បញ្ចូលទី។ ទុយនីស៊ី ត្រូវបង្ហាញខ្លួនលើកទី៦ ដោយ៥លើកកន្លងមក សុទ្ធតែធ្លាក់នៅវគ្គជម្រុះតាមពូល។

ម៉ារ៉ុក បានទទួលជ័យជម្នះ ៤-១ លើសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅជើងទីពីរ បន្ទាប់ពីស្មើ ១-១ នៅជើងទីមួយ។ នេះជាការបង្ហាញខ្លួនលើកទី៦របស់ម៉ារ៉ុក ដោយកាលពីឆ្នាំ១៩៨៦ ពួកគេធ្លាប់ឈានដល់វគ្គ១៦ក្រុមចុងក្រោយ។

រីឯកាមេរូន ពួកគេបានយកឈ្នះអាល់ហ្សេរី ២-១ នៅម៉ោងបន្ថែម។ កាលពីជើងទីមួយ អាល់ហ្សេរី ឈ្នះ ១-០ ហើយជើងទីពីរ កាមេរូនឈ្នះ ១-០ វិញនៅម៉ោងធម្មតា។ ឈានដល់ម៉ោងបន្ថែម Ahmed Touba រកបានគ្រាប់បាល់តាមស្មើសម្រាប់អាល់ហ្សេរី ប៉ុន្តែក្នុងនាទី១២០+៤ Karl Toko Ekambi បានជួយឲ្យកាមេរូនឈ្នះ ២-១។ សរុបទាំងពីរជើង ក្រុមទាំងពីរមានលទ្ធផលស្មើ ២-២ តែហ្គាណា មានប្រៀបលើបាល់ក្រៅដី។

បច្ចុប្បន្ន២៧ក្រុមហើយដែលបានកៅអីសម្រាប់ការប្រកួត World Cup 2022 ដែលក្នុងនោះមាន ម្ចាស់ផ្ទះ កាតា កូរ៉េខាងត្បូង អ៊ីរ៉ង់ ជប៉ុន អារ៉ាប៊ីសាអូឌីត ហ្គាណា សេណេហ្គាល់ ទុយនីស៊ី ម៉ារ៉ុក កាមេរូន កាណាដា ប្រេស៊ីល អាហ្សង់ទីន អេក្វាឌ័រ អ៊ុយរូហ្គាយ ស៊ែប៊ី អេស្ប៉ាញ ស្វីស បារាំង បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ ក្រូអាស៊ី អង់គ្លេស អាល្លឺម៉ង់ ព័រទុយហ្គាល់ និងប៉ូឡ៉ូញ៕




© រក្សាសិទ្ធិដោយ thmeythmey.com