អន្តរជាតិ
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់៖ G7 មិនប្រើលុយរុស្ស៊ីទិញឧស្ម័នតាមការទាមទាររបស់លោក ពូទីន ឡើយ
30, Mar 2022 , 10:25 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) បានយល់ព្រមរួមគ្នាមិនប្រើលុយរុស្ស៊ីសម្រាប់ការទូទាត់ទិញឧស្ម័នតាមការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនឡើយ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តី G7 នៅថ្ងៃទី២៨ ខែមីនា។
 
បើតាមសេចក្តីថ្លែងការណ៍របស់ G7 រដ្ឋមន្ត្រីថាមពលបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អាម៉េរិក អង់គ្លេស និងកាណាដា ក៏ដូចជាស្នងការផ្នែកថាមពលសហភាពអឺរ៉ុបនៅថ្ងៃទី២៨ ខែមីនាបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ។ រដ្ឋមន្រ្តី G7 បញ្ជាក់សារជាថ្មីថា កិច្ចសន្យាត្រូវតែគោរពដោយការទូទាត់ទិញឧស្ម័នពីរុស្ស៊ីភាគច្រើនត្រូវប្រើលុយដុល្លារ និងអឺរ៉ូ។ 
 
«រដ្ឋមន្រ្តី G7 ទាំងអស់បានយល់ស្របថា​ នេះគឺជាការបំពានយ៉ាងច្បាស់ ហើយដោយឯកតោភាគីចំពោះកិច្ចសន្យាដែលមានស្រាប់»។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck ប្រាប់់អ្នកកាសែតបែបនេះ បន្ទាប់ពីសន្និសីទតាមប្រព័ន្ធអនឡាញជាមួយរដ្ឋមន្រ្តីថាមពល G7 ដោយសំដៅការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ។ បើតាមលោក​ Habeck ការទូទាត់ជាប្រាក់រូប្លិ៍គឺមិនអាចទទួលយកបានទេ ហើយ G7 នឹងជំរុញឱ្យក្រុមហ៊ុនដែលរងផលប៉ះពាល់កុំធ្វើតាមការទាមទារនេះ។
 
ស្របគ្នានេះ បើតាមការលើកឡើងរបស់ប្រធានលេខាធិការគណរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno នៅថ្ងៃទី២៩ ខែមីនា ជប៉ុនដែលជាសមាជិក G7 នឹងស្នើក្រុមហ៊ុនរបស់ខ្លួនកុំឱ្យទូទាត់ដោយប្រើរូបិយវត្ថុរុស្ស៊ីឡើយចំពោះការទិញឧស្ម័នរុស្ស៊ី។
 
ទាក់ទិននឹងរឿងនេះ នៅថ្ងៃមុនកិច្ចប្រជុំរដ្ឋមន្រ្តី G7 តបទៅនឹងសំណួរអ្នកកាសែតថា តើរុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបឬទេ បើបណ្តាប្រទេសទាំងនោះបដិសេធប្រើលុយរុស្ស៊ី អ្នកនាំពាក្យវិមានក្រមឡាំងអះអាងនៅក្នុងសន្និសីទថា ច្បាស់ណាស់រុស្ស៊ីនឹងមិនផ្គត់ផ្គង់ឧស្ម័នដោយឥតគិតថ្លៃនោះទេ។ 
 
គួររំឭកថា កាលពីថ្ងៃទី២៣ ខែមីនា ប្រធានាធិបតីរុស្ស៊ី ប្រកាសថា ការលក់ឧស្ម័នទៅបណ្តាប្រទេសដែលបានប្រព្រឹត្តសកម្មភាពអមិត្តមកលើរុស្ស៊ីដែលមានចំនួន៤៨រដ្ឋ នឹងត្រូវទូទាត់ជារូបិយវត្ថុរបស់រុស្ស៊ី។ អាល្លឺម៉ង់ដែលជាប្រទេសនាំចូលឧស្ម័នដ៏ធំពីរុស្ស៊ីក៏ប្រតិកម្មភ្លាមៗថានេះជាការបំពានកិច្ចសន្យា៕
 

Tag:
 អាល្លឺម៉ង់
  G7
© រក្សាសិទ្ធិដោយ thmeythmey.com