អន្តរជាតិ
អ៊ុយក្រែន បង្ហាញឆន្ទៈមិនចូលរួមសម្ព័ន្ធយោធា ឯរុស្ស៊ីប្រកាសកាត់បន្ថយសកម្មភាពយោធាក្បែរក្រុងកៀវ
30, Mar 2022 , 12:19 pm        
រូបភាព
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល។ រូបថត AFP
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល។ រូបថត AFP
ក្នុងជំនួបផ្ទាល់នាទីក្រុងអ៊ីស្តង់ប៊ុល តួកគី នៅថ្ងៃទី២៩ ខែមីនា រុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញការរីកចម្រើនក្នុងចរចាដើម្បីឈានដល់ការបញ្ចប់ជម្លោះ។ តំណាងអ៊ុយក្រែន ប្រកាសឆន្ទៈប្រកាន់គោលការណ៍អព្យាក្រឹត មិនចូលរួមសម្ព័ន្ធយោធាណាឡើយ តែចង់បានការធានាសន្តិសុខពីភាគីទីបី។ ដើម្បីបង្កើនទំនុកចិត្តសម្រាប់ការចរចា ភាគីរុស្ស៊ី ក៏ប្រកាសកាត់បន្ថយសកម្មភាពយោធានៅក្បែរក្រុងកៀវ និងក្រុងChernigov ។ ការចរចានៅតួកគី មិនទាន់បញ្ចប់នៅឡើយទេ។
 
តំណាងអ៊ុយក្រែន និងរុស្ស៊ី បានជួបគ្នាជាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីជំនួបនៅបេឡារុស និងតាមប្រព័ន្ធវីដេអូ មិនទទួលបានលទ្ធផលធំដុំ។ មុនកិច្ចចរចានេះ លោក តៃយីប អ៊ែរដូហ្កាន់​ ប្រធានាធិបតីតួកគី បាននិយាយទៅកាន់ភាគីទាំងពីរថា តំណាងអ៊ុយក្រែន និងរុស្ស៊ី មានការទទួលខុសត្រូវជាប្រវត្តិសាស្រ្ត ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន និងស្វះស្វែងរកជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ។ 
 
ក្នុងថ្ងៃទីមួយនៃជំនួប គេឃើញមានពន្លឺខ្លះចេញពីការចរចា។ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក Vladimir Medinsky អ្នកតំណាងរុស្ស៊ីក្នុងកិច្ចចរចា បានចាត់ទុកជំនួបលើកនេះ ប្រកបដោយការស្ថាបនា ហើយរុស្ស៊ីបានទទួលសំណើមួយចំនួន ដែលអ៊ុយក្រែនស្នើក្នុងនោះមាន ការប្រកាន់អព្យាក្រឹតភាព ជាប្រទេសគ្មានអាវុធនុយក្លេអ៊ែរ​ និងអាវុធប្រល័យលោក មិនចូលរួមសម្ព័ន្ធយោធា ឬការដាក់តាំងមូលដ្ឋានទ័ពបរទេស។  
 
ចំណែក លោក  Alexander Fomin អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ប្រាប់អ្នកសារព័ត៌មានថា មូស្គូ សម្រេចកាត់បន្ថយសកម្មភាពយោធានៅរដ្ឋធានីកៀវ និងក្រុង Chernigov ទីដែលទ័ពរុស្ស៊ីជាប់គាំងរុលទៅមុខមិនរួចស្រាប់។ បើតាមលោក Fomin ការកាត់បន្ថយសកម្មភាពយោធានេះ ធ្វើឡើងក្នុងគោលបំណងបង្កើនទំនុកចិត្តទៅវិញទៅមក ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់កិច្ចចរចានាពេលខាងមុខ និងសម្រេចកិច្ចព្រមព្រៀងរួមគ្នាមួយ។ 
 
ក្នុងសន្និសីទសារព័ត៌មានដោយឡែក តំណាងអ៊ុយក្រែន លោក David Arakhamia បានលើកឡើងថា រដ្ឋាភិបាលក្រុងកៀវ បានស្វះស្វែងរកការធានាសន្តិសុខពីរដ្ឋជាច្រើន មានអង់គ្លេស អាម៉េរិក ចិន តួកគី បារាំង កាណាដា អ៊ីតាលី ប៉ូឡូញ និងអ៊ីស្រាអែល។ បើតាមតំណាងអ៊ុយក្រែនរូបនេះ ប្រទេសមួយចំនួន បានឯកភាពជាបឋមធ្វើជាអ្នកធានាសន្តិសុខរបស់អ៊ុយក្រែនរួចហើយ។ យ៉ាងណាមិញ សំណើសន្តិសុខនេះ នឹងមិនអនុវត្តនៅតំបន់ដែលមានជម្លោះដូចជា តំបន់គ្រីមេ និងតំបន់ភាគខាងកើតរបស់អ៊ុយក្រែនឡើយ។ 
 
 
បន្ទាប់ពីជំនួបចរចា ប្រមុខរដ្ឋអ៊ុយក្រែន បានយល់ឃើញថា រុស្ស៊ី មិនអាចទុកចិត្តបានទេ។ ក្នុងវីដេអូមួយនៅថ្ងៃទី២៩ ខែមីនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបកស្រាយថា បើទោះកិច្ចចរចាទទួលបានលទ្ធផលវិជ្ជមានក៏ដោយ រុស្ស៊ីនៅតែបន្តផ្លោងដាក់ក្រុងរបស់អ៊ុយក្រែន។ ស្របគ្នាដែរ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាឱ្យកងកម្លាំងអ៊ុយក្រែន មិនត្រូវធ្វេសប្រហែសឡើយ និងបន្តប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ 
 
ដោយឡែក ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ដែលបានឆ្លើយសំណួរអ្នកសារព័ត៌មានជុំវិញជំនួបកិច្ចចរចាអ៊ុយក្រែន-រុស្ស៊ី បានថ្លែងថា អាម៉េរិកបានឃើញពីលទ្ធផលនៃកិច្ចចរចានោះហើយ ប៉ុន្តែខ្លួននៅតែមិនទុកចិត្តដដែលរហូតដល់មានការអនុវត្ត។ រីឯរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានហៅការកាត់បន្ថយសកម្មភាពយោធារុស្ស៊ី ជាការបន្លំភ្នែកប្រជាជន និងទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះ៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com