កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រសេណេហ្គាល់បញ្ចាំងភ្លើង Laser ដាក់កីឡាករអេហ្ស៊ីប ពេលទាត់បាល់កាត់សេចក្តី ឯ Salah រងការរើសអើង
30, Mar 2022 , 2:02 pm        
រូបភាព
ជម្រើសជាតិអេហ្ស៊ីប បានបាត់បង់កៅអីទៅកាន់ការប្រកួតពានរង្វាន់ World Cup នៅកាតា ក្រោយចាញ់ ក្រោមថ្វីជើងក្រុមសេណេហ្គាល់ ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣-១ នៅថ្ងៃទី៣០ ខែមីនា។

កីឡាករខ្សែប្រយុទ្ធ Mohamad Salah របស់ក្រុម Liverpool កីឡាករ Zizo និងកីឡាករ Mostafa Mohamed ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល ខណៈពេលកីឡាករ Amr Al Sulaya ស៊ុតចូលបានមួយគ្រាប់។ ចំណែកសេណេហ្គាល់ស៊ុតចូល៣គ្រាប់ ដោយកីឡាករ Ismaila Sarr, Ahmadou Bamba Dieng និង Sadio Mane។
 
ការប្រកួតអូសបន្លាយរហូតដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយពីកីឡាករ B. Dia ស៊ុតមួយគ្រាប់ឱ្យសេណេហ្គាល់ នៃការប្រកួតជាមួយអេហ្ស៊ីប នាជើងទី២ ដែលនាំមានលទ្ធផល ១-១ ។ លទ្ធផលបែបនេះ បានរក្សារហូត ដល់វគ្គកាត់សេចក្តី ១១ម៉ែត្រ បើទោះជាឆ្លងកាត់ម៉ោងបន្ថែម៣០នាទីក្តី។
 
អំឡុងពេលស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រនេះ កីឡាករក្រុមអេហ្ស៊ីប ៤រូប រងការរំខានពីសំណាក់អ្នកគាំទ្រសេណេហ្គាល់ ដែលបានបញ្ចាំងភ្លើងឡាស៊ែ (Laser) មកលើមុខរបស់ពួកគេ។ ក្នុងនោះកីឡាករអេហ្ស៊ីបទាំង៣រូប ស៊ុតបាល់ពិន័យមិនចូលឡើយ។
 
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍វិញនោះ គឺនៅពេលកីឡាករសេណេហ្គាល់ ទាត់បាល់កាត់សេចក្តីវិញ គឺគ្មានការបញ្ចាំងភ្លើងឡាស៊ែដាក់មុខពួកគេ ដូចអេហ្ស៊ីបឡើយ ។ មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយអំពីបញ្ហាដែលបានកើតឡើងនេះដែរ។
 
មិនត្រឹមតែប៉ុណ្ណោះ ក្រោយធ្លាក់ចេញពីការប្រកួត World Cup ក្រុមជម្រើសជាតិអេហ្ស៊ីប ក៏ត្រូវបានអ្នកគាំទ្រ វាយប្រហារមកលើឡានក្រុង ហើយក៏បានរើសអើសយ៉ាងខ្លាំងលើ Mohamed Salah។
 
ការផ្ទុះហិង្សានៅកីឡដ្ឋាន Stade Abdoulaye Wade នេះ បានធ្វើឱ្យបង្អួចរថយន្តក្រុងបែក ។ សហព័ន្ធបាល់ទាត់អេហ្ស៊ីប (EFA) ក៏បានបង្ហោះរូបភាពផ្ទាំងបដាដែលសរសេររើសអើងខ្សែប្រយុទ្ធ Salah ដោយមានពាក្យមិនសមរម្យថា«F*** YOU SALAH»។
 
«ក្រុមជម្រើសជាតិអេហ្ស៊ីបរងការរើសអើសបន្ទាប់ពីមានផ្ទាំងបដាបានបង្ហាញនៅក្នុងកីឡដ្ឋានទីកន្លែងដែលអ្នកគាំទ្រចូលទស្សនា ជាពិសេស Mohamed Salah ប្រធានក្រុម។ ភស្តុតាងទាំងនេះ នឹងត្រូវចងក្រងជាឯកសារដើម្បីឈានដល់ការដាក់ពាក្យបណ្តឹង»។នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់សហព័ន្ធបាល់ទាត់អេហ្ស៊ីប (EFA)។
 
បើតាមប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប បាននិយាយថា ពាក្យបណ្តឹងត្រូវបានបញ្ជូនទៅកាន់សហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក និងសហព័ន្ធបាល់ទាត់ពិភពលោក FIFAហើយ៕
 

Tag:
 World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com