អន្តរជាតិ
ធនាគារពិភពលោក បង្កកជំនួយអាហ្វហ្កានីស្ថាន៦០០លានដុល្លារ ក្រោយតាលីបង់ហាមក្មេងស្រីចូលរៀន
30, Mar 2022 , 3:56 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ធនាគារពិភពលោកនៅថ្ងៃទី២៩ ខែមីនាបានប្រាកាសថា គម្រោងជំនួយសម្រាប់អាហ្វហ្កានីស្ថាន​ចំនួន​៤គម្រោងដែលមានតម្លៃជាង៦០០លានដុល្លារ នឹងត្រូវបង្កក​ ដោយសារក្រុមតាលីបង់​ហាមឃាត់មិន​ឱ្យក្មេងស្រីត្រឡប់ទៅរៀននៅថ្នាក់វិទ្យាល័យ។
 
ការគោរពសិទ្ធិមនុស្ស និងជាពិសេសសិទ្ធិស្ត្រី និងកុមារី ជាការទាមទារដ៏ចំបាច់បំផុតមួយរបស់​សហគមន៍អន្តរជាតិលើក្រុមតាលីបង់ដែលបានដណ្ដើមកាន់កាប់អំណាចតាំងពីខែសីហា​ ឆ្នាំ២០២១។ កាលពីដើមខែមីនា មេដឹកនាំតាលីបង់បានបញ្ជាក់ថា ក្មេងស្រីទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យ​ត្រឡប់​ទៅថ្នាក់រៀនវិញអំឡុងខែមីនានេះ។ ប៉ុន្តែនៅថ្ងៃទី២៣ ខែមីនា ក្រោយបើកសាសារៀន​សម្រាប់​ក្មេងស្រី​វិញបានជាងមួយម៉ោង តាលីបង់ក៏ប្រកាសឱ្យបិទសាលាភ្លាមៗដោយមិនបញ្ជាក់មូលហេតុ។
 
ខណៈក្រុមតាលីបង់មិនបានសម្រេចការសន្យារបស់ខ្លួន ធនាគារពិភពលោកនៅថ្ងៃទី២៩ ខែមីនា​ប្រកាសថា គម្រោងជំនួយដែលត្រូវផ្ដល់ក្រោមប្រាក់មូលនិធិសា្ថបនាអាហ្វហ្កានីស្ថានឡើងវិញចំនួន៦​០០លានដុល្លារ នឹងត្រូវផ្អឹប។ ប្រាក់មូលនិធិ​នេះ ​អាច​អនុញ្ញាត​ឱ្យប្រើប្រាស់វិញលុះត្រាតែធនាគារ ពិភពលោក និងដៃគូអន្តរជាតិ ទទួលបានព័ត៌មាន និងព័ស្តុតាង​កាន់តែច្បាស់អំពីស្ថានភាពសិទ្ធិស្ត្រី និងកុមារីអាហ្វហ្កានីស្ថាន និងនៅពេលដែលមាន​ទំនុកចិត្ត​ថាគោលដៅនៃគម្រោង អាច​សម្រេច​បាន។ 
 
ប្រាក់មូលនិធិអាហ្វហ្កានីស្ថានទាំង៦០០លានដុល្លារ គ្រោងនឹងចែកចាយតាមទីភ្នាក់ងាររបស់​អង្គការ​សហប្រជាជាតិ ហើយត្រូវបែងចែកជាបួនគម្រោងធំៗដែលរួមមានផ្នែក កសិកម្ម, ការអប់រំ, សុខភាព និងជីវភាពរស់នៅ។ យ៉ាងណាមិញ លក្ខខណ្ឌធំមួយនៃការទទួល​បានមូលនិធិខាងលើ​គឺ​ការអនុញ្ញាត​ឱ្យក្មេងស្រីអាចចូលរៀននៅថ្នាក់វិទ្យាល័យវិញ។
 
កាលពីសប្ដាហ៍មុន មន្ត្រីអាម៉េរិក ក៏បាន​លុប​ចោល​ការ​ប្រជុំ​ដែល​បាន​គ្រោង​ទុក​ក្នុង​ទីក្រុង​ដូហា​ជាមួយ​ក្រុម​តាលីបង់​ដោយសារតែពួកគេបានបិទសាលាភ្លាមៗក្រោយក្មេងស្រីបានចូលរៀនថ្នាក់​អនុវិទ្យាល័​យ​បានត្រឹមតែជាងតែមួយម៉ោងប៉ុណ្ណោះ៕
 
 
 
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com