អន្តរជាតិ
បណ្តាប្រទេសអឺរ៉ុបបណ្តេញអ្នកការទូតរុស្ស៊ីចេញរាប់សិបនាក់ ក្រោមហេតុផលចារកម្ម
30, Mar 2022 , 7:29 pm        
រូបភាព
ប្រទេសជាច្រើននៅអឺរ៉ុប បានប្រកាសបណ្ដេញអ្នកការទូតរុស្ស៊ីរាប់សិបនាក់ចេញពីប្រទេស ក្រោមហេតុផលថាបានប្រព្រឹត្តអំពើចារកម្មក្នុងប្រទេសពួកគេ។ រុស្ស៊ីវិញ ក៏បណ្ដេញអ្នកការទូតប្រទេសតំបន់អឺរ៉ុបវិញដែរ។

បើតាមរដ្ឋាភិបាលហូឡង់ ហូឡង់បានបណ្ដេញមន្ត្រីរុស្សី១៧នាក់ចេញពីប្រទេស ដោយចោទថា មន្ត្រីស៊ើបការណ៍សម្ងាត់ តែក្លែងបន្លំជាអ្នកការទូត។ បែលហ្ស៊ិកអះអាងថា ខ្លួនបានបណ្តេញអ្នកការទូត២១នាក់ចេញពីស្ថានទូតរុស្ស៊ី។ ឯអៀរឡង់វិញ បានប្រាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ីបួននាក់ឱ្យចាកចេញពីប្រទេសដោយសារពួកគេបានធ្វើសកម្មភាពផ្ទុយពីអាកប្បកិរិយាការទូតតាមស្តង់ដារអន្តរជាតិ។
 
ប្រទេសមួយចំនួនទៀតនៅអឺរ៉ុបក៏បានធ្វើសកម្មភាពដូចគ្នា បណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសផងដែរ។ ឆែកបានទុកពេលឱ្យអ្នកការទូតរុស្ស៊ីម្នាក់ចាកចេញពីប្រទេសក្នុងរយៈពេល៧២ម៉ោង។ លើសពីនេះ ប៉ូឡូញ កាលពីសប្តាហ៍មុន ក៏បានបណ្តេញមន្ត្រីរុស្ស៊ីចំនួន៤៥នាក់ចេញពីប្រទេស ក្រោមការអះអាងថា បុគ្គលទាំងនោះជាមន្ត្រីស៊ើបការណ៍សម្ងាត់ ដែលក្លែងជាមន្រ្តីការទូត។
 
ហូឡង់ នៅថ្ងៃទី២៩ ខែមីនា បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើងស្របតាមការសម្រេចចិត្តរបស់ប្រទេសសម្ព័ន្ធមិត្តមួយចំនួន ដូចជាអាម៉េរិក ប៉ូឡូញ ប៊ុលហ្គារី ស្លូវ៉ាគី អេស្តូនី ឡេតូនី លីទុយអានី និងម៉ុងតេណេហ្គ្រោជាដើម។
 
«គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តធ្វើបែបនេះដោយសារតែការគំរាមងដល់សន្តិសុខជាតិដែលបង្កឡើងដោយក្រុមនេះ»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសហូឡង់ មុនបន្តថារដ្ឋាភិបាលហូឡង់ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី និងជូនដំណឹងអំពីការបណ្តេញចេញនេះដែរ។
 
រដ្ឋាភិបាលហូឡង់ក៏បានបញ្ជាក់ផងដែរថា ហេតុផលនៃការបណ្ដេញអ្នកការទូតទាំងនេះ គឺដោយសារមានព័ត៌មានបង្ហាញថា អ្នកការទូតទាំងនេះ ធ្វើសកម្មភាពសម្ងាត់មានលក្ខណៈជាមន្រ្តីស៊ើបការណ៍របស់រុស្ស៊ី។ លើសពីនេះ ហូឡង់ក៏អះអាងថា គំរាមផ្នែកចារកម្មប្រឆាំងហូឡង់នៅតែមានកម្រិតខ្ពស់។
 
ឆ្លើយតបសកម្មភាពប្រទេសប្លុកអឺរ៉ុប រុស្ស៊ី នៅថ្ងៃទី២៩ ខែមីនា បានប្រកាសបណ្តេញអ្នកការទូតសរុបចំនួន១០នាក់ដែលទៅពីអេស្តូនី ឡេតូនី និងលីទុយអានី ជាការសងសឹកចំពោះប្រទេសទាំងនោះដែលបណ្តេញអ្នកការទូតរុស្ស៊ីកាលពីដើមខែនេះ។ លើសពីនេះដែរ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថាកំពុងលុបចោលការទទួលស្គាល់អ្នកការទូតលីទុយអានី៤នាក់ ឡេតូនី៣នាក់ និងអេស្តូនី៣នាក់ទៀត ហើយពួកគេនឹងតម្រូវឱ្យចាកចេញពីរុស្ស៊ីផងដែរ៕
 

Tag:
 អឺរ៉ុប
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com