កីឡាអន្តរជាតិ
អន្តរជាតិ
នាយកក្លិប Shakhtar Donetsk ស្នើឱ្យដកសមាជិកភាពរុស្ស៊ីចេញពី FIFA និង UEFA
31, Mar 2022 , 8:29 am        
រូបភាព
រូបភាព៖ABC
រូបភាព៖ABC
លោក Serhiy Palkin នាយកប្រតិបត្តិក្លិប Shakhtar Donetsk របស់លីគកំពូលអ៊ុយក្រែន ថ្ងៃទី៣០ខែមីនា បានស្នើឱ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និង សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ឱ្យដករុស្ស៊ីចេញពីសមាជិកភាពបាល់ទាត់។

លោក Serhiy Palkin នាយកក្លិបអ៊ុយក្រែន ដែលឈ្នះពានរង្វាន់លីគកំពូលអ៊ុយក្រែន៤ដងជាប់គ្នា ក្នុងរយៈពេល៥ឆ្នាំ បានប្រាប់ទីភ្នាក់ងារ Reuters ថា រុស្ស៊ីគួរតែត្រូវបានដកចេញពីស្ថាប័នកីឡាធំៗលើពិភពលោក ដូចគ្នាទៅនិងសម័យ (អាផាថេត ឬ Aparthied-Era) អាហ្វ្រិកខាងត្បូង​អ៊ីចឹងដែរ។
 
ក្រុមជម្រើសជាតិរុស្ស៊ីនិងក្លិបនៅរុស្ស៊ី ត្រូវបានសហព័ន្ធបាល់ទាត់ FIFA និង UEFA ដាក់បម្រាមហាមមិនឱ្យមានការប្រកួតក្នុងស្រុក និងការប្រកួតអន្តរជាតិនានា ក៏ប៉ុន្តែសហព័ន្ធបាល់ទាត់រុស្ស៊ី (RFS) នៅតែជាសមាជិកភាពរបស់សហព័ន្ធពិភពលោកទាំងពីរដដែល។
 
នៅថ្ងៃទី៣១ ខែមីនា FIFA នឹងធ្វើសមាជប្រចាំឆ្នាំនៅក្នុងទីក្រុងឌូហារ ខណៈសហព័ន្ធបាល់ទាត់អ៊ុយក្រែន មិនត្រូវបានរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំនោះទេ។ ប៉ុន្តែសហព័ន្ធបាល់ទាត់រុស្ស៊ី (RFS) នឹងអាចចូលរួមបង្ហាញវត្តមាន។
 
«ខ្ញុំចង់ជំរុញឱ្យ UEFA និង FIFA ចូលរួមក្នុងការបោះជំហានទៅមុខ និង ដក ឬក៏ព្យួរសមាជិកភាពរបស់រុស្ស៊ីពីស្ថាប័ន និងចំណាត់ថ្នាក់របស់ពួកគេ។ កាលពីទសវត្សរ៍ទី៧០ អាហ្រ្វិកខាងត្បូង ត្រូវបានបណ្តេញចេញពីសមាជិកភាពរបស់ FIFA ចំពោះគោលនយោបាយប្រកាន់ពូជសាសន៍(អាផាថេតឬ Apartheid) ហើយរុស្ស៊ីគួរត្រូវបណ្តេញចេញដូចគ្នា»។ លោក Palkin បានប្រាប់ទៅទីភ្នាក់ងារ Reuters បែបនេះ តាមរយៈសារតាមទូរស័ព្ទ។
 
មិនត្រឹមតែប៉ុណ្ណោះ លោក Palkin បានអះអាងបន្ថែមថា ក្លិបទាំងអស់ ក៏ដូចជាក្រុមអ៊ុយក្រែន ត្រូវការសន្តិភាព ហើយសង្គ្រាមដ៏ឆ្គូតលីលា គួរតែត្រូវបានបញ្ឈប់ក្នុងប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងនេះក្តីសហព័ន្ធបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA មិនបានឆ្លើយតបណាមួយឡើយទៅលើរឿងនេះ៕
 

Tag:
 អ៊ុយក្រែន
  FIFA
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com