កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup ៖ គ្រូប៉េរូសរសើរកូនក្រុមក្រោយបានកៅអីវគ្គ Play-Off
30, Mar 2022 , 4:57 pm        
រូបភាព
ក្រុមជម្រើសជាតិប៉េរូនាថ្ងៃទី៣០ខែមីនា បានប្រកួតយកឈ្នះលើក្រុមប៉ារ៉ាហ្គាយក្នុងលទ្ធផល ២-០ នៃការប្រកួតវគ្គជម្រុះ World Cup 2022 តំបន់ទ្វីបអាម៉េរិកខាងត្បូង ដែលបន្តឱកាសដើម្បីបានសំបុត្រទៅកាតា។


ប៉េរូឈ្នះកៅអី Play-Off នៅមួយប្រកួតចុងក្រោយ បន្ទាប់ពីយកឈ្នះលើក្រុមប៉ារ៉ាហ្គាយ ហើយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ពីលើក្រុមកូឡំប៊ី និងស៊ីលីដែលធ្លាក់ចេញត្រឹមវគ្គជម្រុះតំបន់។

ជ័យជម្នះនេះបានន័យថា ប៉េរូដែលឈ្នះកៅអីលេខ៥ នឹងត្រូវបន្តការប្រកួតជាមួយក្រុមដែលឈ្នះការប្រកួតរវាងអូស្ត្រាលីឬក៏អេមីរ៉ាត់អារ៉ាប់រួម។ កៅអីតំណាងអាស៊ី នឹងប្រកួតជំនួប Play-Off នាទីក្រុងឌូហា ខែមិថុនា។ ឯការប្រកួត Play-Off អន្តរទ្វីប ក៏នឹងត្រូវប្រកួតមួយនៅទីក្រុងឌូហាថ្ងៃទី១៣ ឬទី១៤ ខែមិថុនាដែរ។
 
លោក Ricardo Gareca បានបង្ហាញអារម្មណ៍សប្បាយចិត្តក្រោយពេលទទួលបានឱកាសមួយថ្មី។ លោក Gareca ជាគ្រូបង្វឹកក្រុមប៉េរូ សរសើរកូនក្រុមដែលធ្វើបានល្អខ្លាំង។
 
«ខ្ញុំត្រូវអបអរសារទដល់កូនក្រុមទាំងអស់ហើយអ្នកគាំទ្រយើងទាំងអស់ នេះជារឿងដែលអស្ចារ្យមួយសម្រាប់ពួកយើង នៅពេលដែលខ្ញុំបានចុះកិច្ចសន្យាបន្តដឹកនាំជាថ្មី នេះជាអ្វីដែលខ្ញុំចង់បាន។» លោក Gareca បញ្ជាក់បែបនេះ។
 
លោក Ricardo Gareca បានចូលដឹកនាំក្រុមជម្រើសជាតិប៉េរូតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយលោកបានជួយឱ្យប៉េរូឡើងទៅការប្រកួត World Cup លើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ ក្នុងឆ្នាំ ២០១៨ និងការប្រកួតផ្តាច់ព្រ័ត្រ Copa America ឆ្នាំ ២០១៩៕
 

Tag:
 World Cup 2022
  ប៉េរូ​
  Ricardo Gareca
© រក្សាសិទ្ធិដោយ thmeythmey.com