អន្តរជាតិ
អាម៉េរិក បញ្ជូនមន្រ្តីសន្តិសុខជាតិជាន់ខ្ពស់ទៅឥណ្ឌាពិភាក្សាពីបញ្ហាអ៊ុយក្រែន
30, Mar 2022 , 9:29 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិរង Daleep Singh ។ រូបថត AFP
ទីប្រឹក្សាសន្តិសុខជាតិរង Daleep Singh ។ រូបថត AFP
ដោយ:
ទីប្រឹក្សាសន្តិសុខជាតិរងទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិ Daleep Singh នឹងធ្វើដំណើរទៅទីក្រុងញូវដែលី ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌាពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាននៅថ្ងៃទី២៩ ខែមីនា។ ទំនាក់ទំនងសេដ្ឋកិច្ចឥណ្ឌា-អាម៉េរិក និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អាម៉េរិកនៅឥណ្ឌូប៉ាស៊ីហ្វិក ក៏ស្ថិតជារបៀបវារៈសំខាន់ដែរ។
 
 
តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក ឥណ្ឌា មិនបានថ្កោលទោសរុស្ស៊ីឡើយ។ ឥណ្ឌាជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយពឹងផ្អែកយ៉ាងខ្លាំងលើជំនួយយោធា និងការនាំចូលប្រេងពីរុស្ស៊ី។ ឥណ្ឌា ក៏មិនស្ដាប់ការស្នើរបស់លោកខាងលិច ហើយដាក់ទណ្ឌកម្មចំពោះទង្វើរបស់រុស្ស៊ីឡើយ ព្រមទាំងបោះឆ្នោតអនុប្បវាទលើដំណោះស្រាយជាច្រើនរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាអ៊ុយក្រែនទៀតផង។ ទីក្រុងញូវដែលីបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។
 
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ទីប្រឹក្សាសន្តិសុខជាតិរងទទួលបន្ទុកសេដ្ឋកិច្ចអន្តរជាតិលោក Daleep Singh នឹងធ្វើទស្សនកិច្ចនៅទីក្រុងញូវដែលីនៅថ្ងៃទី៣០ និងទី៣១ខែមីនា ដើម្បីបន្តកិច្ចពិភាក្សាបញ្ហាអ៊ុយក្រែនជាមួយរដ្ឋាភិបាលឥណ្ឌា។ ប្រធានបទទាក់ទងនឹងផលវិបាកនៃវិបត្តិអ៊ុយក្រែន ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាម៉េរិក និងឥណ្ឌា និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អាម៉េរិកនៅឥណ្ឌូប៉ាស៊ីហ្វិក នឹងត្រូវបានលើកឡើងមកចរចាក្នុងកិច្ចជំនួបនេះ។ 
 
« លោក Singh នឹងពិភាក្សាយ៉ាងជិតដិតជាមួយសមភាគីនៅឥណ្ឌាអំពីផលវិបាកនៃសង្គ្រាមដែលមិនសមហេតុផលរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការកាត់បន្ថយផលប៉ះពាល់​(នៃសង្គ្រាម)ទៅលើសេដ្ឋកិច្ចពិភពលោក»។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមាននៅថ្ងៃទី២៩ ខែមីនា។ ទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ ធ្វើឡើងស្របនឹងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov គ្រោងនឹងធ្វើដំណើរមកឥណ្ឌានៅសប្តាហ៍នេះដែរ។ 
 
ឥណ្ឌា ជាប្រទេសតែមួយគត់ក្នុងចំណោមក្រុមប្រទេសនៃភាពជាដៃគូសន្តិសុខចតុភាគី (QUAD) ដែលស្ទាក់ស្ទើរចាត់វិធានការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប្រទេសអាស៊ីខាងត្បូងមួយនេះព្យាយាមរក្សាតុល្យភាពទំនាក់ទំនងប្រទេសខ្លួនជាមួយរុស្ស៊ី និងបស្ចិមប្រទេស ដែលមិនដូចទៅនឹងសមាជិក QUAD ផ្សេងទៀតដូចជា អាម៉េរិក ជប៉ុន និងអូស្រ្តាលីឡើយ៕
 
 
 
 

Tag:
 អាម៉េរិក
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com