កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រនីហ្សេរីយ៉ាចូលអុកឡុងពេញទីលាន ក្រោយក្រុមខ្លួនអស់កៅអី World Cup
30, Mar 2022 , 7:49 pm        
រូបភាព
អ្នកគាំទ្រនីហ្សេរីយ៉ាសម្រុកចូលទីលានប្រកួតអុកឡុងពេញតារាង ដោយសារខឹងក្រុមកីឡាបាល់ទាត់ជម្រើសជាតិពួកគេមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។

ក្រុមជម្រើសជាតិនីហ្សេរីយ៉ា បានប្រកួតស្មើហ្គាណា ១-១ ក្នុងការប្រកួតជម្រុះជុំចុងក្រោយតំបន់អាហ្វ្រិកជើងទី២នៅថ្ងៃទី២៩ ខែមីនា។ ដោយជើងទី១នៅទឹកដីហ្កាណាបញ្ចប់ក្នុងលទ្ធផល ០-០ ដូច្នេះនីហ្សេរីយ៉ាត្រូវហាលអាវត្រឹមនេះ។
 
ក្រោយចប់ការប្រកួតភ្លាម ដោយឃើញក្រុមខកខានការធ្វើដំណើរទៅកាន់ពានរង្វាន់បាល់ទាត់ពិភពលោក អ្នកគាំទ្រនីហ្សេរីយ៉ាច្រើនរយនាក់បានបានប្រតិកម្មចំពោះលទ្ធផលនេះ ហើយសម្រុកចូលអុកឡុកពេញកីឡដ្ឋានជាតិ Moshood Abiola។ ពួកគេបានវាយគម្ទេចកៅអីអង្គុយរបស់កីឡាករគ្រូបង្វឹក រួមទាំងឧបករណ៍ក្នុងតារាងផ្សេងទៀតយ៉ាងអាណាធិបតេយ្យ និងមានបំណងបង្កបញ្ហាដាក់កីឡាករហ្គាណាថែមទៀត។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Routers សន្តិសុខក្នុងតំបន់មានភាពយឺតយ៉ាវក្នុងការពារចំពោះអំពើហឹង្សាខាងលើ។ កីឡាករហ្គាណាត្រូវបានរាយការណ៍ថា ត្រួចាកចេញតាមផ្លូវរូងក្រោមដីដើម្បីគេចចេញពីក្រុមអ្នកគាំទ្ររបស់នីហ្សេរីយ៉ា។
 
យ៉ាងណាក៏ដោយក្រុមប៉ូលីសបានទៅបង្ក្រាបក្រុមអ្នកអុកឡុងទាំងនោះដោយវាយនឹងដំបង និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកអ្នកគាំទ្រចេញពីទីលាន។ ទង្វើរបស់អ្នកគាំទ្រនីហ្សេរីយ៉ា បានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិក (CAF) និងយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ខឹងសម្បារយ៉ាងខ្លាំង និងថែមទាំងចាត់វិធានការដាក់វិន័យលើអ្នកអុកឡុងទាំងនោះ។
 
នីហ្សេរីយ៉ា ធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួត World Cup ចំនួន៦លើក ក្នុងនោះលើកចុងក្រោយនៅប្រទេសរុស្ស៊ីឆ្នាំ២០១៨។
ក្រុមពីតំបន់អាហ្រ្វិកទាំង៥ក្រុមដែលបានឡើងទៅ World Cup នៅប្រទេសកាតាចុងឆ្នាំនេះមាន កាមេរូន ម៉ារ៉ុក ទុយនីស៊ី ហ្គាណា និងសេណេហ្គាល់៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com