កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup ៖ ម៉ិកស៊ិក អាម៉េរិក បានកៅអីស្វ័យប្រវត្តិ ឯកូស្តារីកា ប្រកួត ​Play-Off ទល់ នូវែលសេឡង់
31, Mar 2022 , 11:33 am        
រូបភាព
ក្រុមជម្រើសជាតិម៉ិកស៊ិក និងអាម៉េរិក​ បានកក់កៅអីទៅការប្រកួតពានរង្វាន់ World Cup 2022 នៅកាតា ចំណែកកូស្តារីកាត្រូវបន្តលេង Play-Off អន្តរទ្វីបជាមួយនូវែលសេឡង់ដើម្បីដណ្តើមមួយកៅអី។


ម៉ិកស៊ិក ថ្ងៃទី៣១ខែមីនា បានកក់កៅអីទៅកាន់កាតា បន្ទាប់ពីយកឈ្នះការប្រកួតក្រុមអែលសាល់វ៉ាឌ័រ លទ្ធផល ២-០។ ២គ្រាប់ដែលរកបាន ស៊ុតដោយកីឡាករ Uniel Antuna នៅនាទី១៧ និងកីឡាករ Raul Jimenez ដែលជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រគ្រាប់។
 
ជ័យជម្នះនេះបានធ្វើឱ្យម៉ិកស៊ិក ឡើងទៅ World Cup ជាលើកទី៨ជាប់ៗគ្នា។ ម៉ិកស៊ិកបញ្ចប់ចំណាត់ថ្នាក់លេខពីរក្នុងពូលដោយមាន២៨ពិន្ទុឈរស្មើក្រុមកាណាដាដែលបានកៅអីរួចហើយ ប៉ុន្តែមានគ្រាប់បាល់ស៊ុតតិចជាង។
 
ចំណែកក្រុមជម្រើសជាតិអាម៉េរិក វិញក៏បានកក់កៅអីរួចស្រេច បើទោះបីជាប្រកួតចាញ់ក្រុមកូស្តារីកាក្នុងលទ្ធផល ២-០ ក្តី។ កីឡាករខ្សែការពារ Juan Pablo Vargas និងខ្សែប្រយុទ្ធ Anthony Contreras ជាអ្នកស៊ុតស្វែករកគ្រាប់ឱ្យកូស្តារីកា។ 
 
ទោះមានពិន្ទុស្មើនឹងអាម៉េរិកក៏ដោយ កូស្តារីកានៅតែមិនអាចដណ្តើមកៅអីស្វ័យប្រវត្តិទៅប្រទេសកាតា ប៉ុន្តែក្តីសង្ឃឹមមួយប្រកួតចុងក្រោយគឺត្រូវលេងវគ្គ Play-off អន្តរទ្វីបជាមួយក្រុមនូវែលសេឡង់ដែលទទួលបានកន្លះកៅអីពីទ្វីបអូសេអានី នៅខែមិថុនា៕
 

Tag:
 World Cup Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com