អន្តរជាតិ
លោកឡាវរ៉ូវ ៖ រុស្ស៊ី ពេញចិត្តលទ្ធផលកិច្ចចរចាជាមួយអ៊ុយក្រែននៅតួកគី
31, Mar 2022 , 2:02 pm        
រូបភាព
ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅថ្ងៃទី៣០ ខែមីនា បានអះអាងថា លោកពេញចិត្តកិច្ចចរចាជាមួយអ៊ុយក្រែន នៅអ៊ីស្តង់ប៊ុល តួកគី។ បើតាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ីរូបនេះ បញ្ហាសំខាន់សម្រាប់រុស្ស៊ី គឺធានាថាអ៊ុយក្រែនប្រកាន់អព្យាក្រឹតភាព ជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ និងមិនចូលរួមក្នុងសម្ព័ន្ធយោធាណាតូ។ ស្របគ្នានោះ តំណាងអ៊ុយក្រែន បានបញ្ជាក់ថា លោកមានសុទិដ្ឋិនិយមចំពោះកិច្ចចរចានៅតួកគី។
 
អំឡុងទស្សនកិច្ចនៅចិននៅថ្ងៃទី៣០ ខែមីនា លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ី បង្ហាញការពេញចិត្តចំពោះការប្រជុំនៅតួកគី ដោយភាគីរុស្ស៊ី និងអ៊ុយក្រែន សម្រេចបានលទ្ធផលគួរឱ្យគាប់ចិត្ត។ 
 
«យើងមានកិច្ចពិភាក្សាដ៏រលូនថ្ងៃនេះ»។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានសង្ក់តធ្ងន់បែបនេះ ដោយបន្ថែមថា អ្វីដែលសំខាន់សម្រាប់រុស្ស៊ី គឺធានាឱ្យអ៊ុយក្រែនប្រកាន់អព្យាក្រឹត ជារដ្ឋមិនមានអាវុធនុយក្លេអ៊ែរ និងមិនចូលរួមក្នុងអង្គការណាតូ។ 
 
ពីទឹកដីតួកគីក្រោយកិច្ចប្រជុំតំណាងចរចារុស្ស៊ី លោក Vladimir Medinsky បាននិយាយថា កិច្ចចរចាស្វែងរកច្រកចេញនៃជម្លោះនៅតែបន្ត។ បើតាមមនុស្សជំនិតប្រធានាធិបតីរុស្ស៊ីរូបនេះ តួនាទីរបស់រុស្ស៊ី នៅក្នុងតំបន់ដុនបាស និងគ្រីមេ នៅតែមិនប្រែប្រួលឡើយ។
 
ចំណែកអ៊ុយក្រែនវិញ ក៏បានបង្ហាញសញ្ញាវិជ្ជមានចំពោះកិច្ចចរចានៅអ៊ីស្តង់ប៊ុលដែរ។ តំណាងអ៊ុយក្រែន លោក Mykhailo Podolyak បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា លោកមានអារម្មណ៍សុទិដ្ឋិនិយម បន្ទាប់ពីកិច្ចចរចាជាមួយរុស្ស៊ីនៅអ៊ីស្តង់ប៊ុល។ ក្នុងកិច្ចចរចានោះ រុស្ស៊ី បានសន្យាកាត់បន្ថយសកម្មភាពយោធានៅក្បែរក្រុងកៀវ។ 
 
មិនតែប៉ុណ្ណោះ តំណាងចរចារូបនេះ បានបន្តទៀតថា ប្រព័ន្ធធានាសន្តិសុខដែលអ៊ុយក្រែនស្នើទៅកាន់រុស្ស៊ី នឹងដាក់ឱ្យធ្វើប្រជាមតិទូទាំងប្រទេស បន្ទាប់ពីរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។ 
 
ផ្ទុយពីការបង្ហាញសញ្ញាវិជ្ជមានរបស់មន្រ្តីរុស្ស៊ី និងអ៊ុយក្រែនខាងលើ អភិបាលក្រុងកៀវ បានជំរុញឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន មុននឹងឈានដល់ការសម្របសម្រួលណាមួយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CGTN អភិបាលក្រុងកៀវ លោក Vitali Klitschko បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពអាចធ្វើទៅបាន លុះត្រាតែរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនទាំងអស់។ លោកអភិបាលក្រុងរូបនេះ បានសង្កត់ធ្ងន់ថា អ៊ុយក្រែនមិនធ្លាប់ឈ្លានពាននរណាឡើយ ហើយក៏មិនធ្លាប់ប្រឆាំងប្រជាជនរុស្ស៊ីដែរ។ 
 
ក្នុងន័យនេះ លោក Vitali Klitschko បានប្តេជ្ញាបន្តនាំសន្តិភាពមកប្រទេសវិញ និងអះអាងថា ប្រជាជនអ៊ុយក្រែនដែលចាកចេញពីទីក្រុង ហើយភាគច្រើនជាបុរសនោះ បានត្រលប់មកក្រុងនេះវិញដើម្បីការពារមាតុភូមិរបស់ខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។ 
 
បន្ទាប់ពីបញ្ចប់កិច្ចចរចានៅតួកគី អ៊ុយក្រែន-រុស្ស៊ី នឹងបន្តកិច្ចចរចា តាមប្រព័ន្ធវីដេអូឡើងវិញ នៅថ្ងៃទី១ ខែមេសាខាងមុខ។ នេះបើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់អ៊ុយក្រែន។ មន្រ្តីអ៊ុយក្រែន ក៏បានស្នើឱ្យរុស្ស៊ី រៀបចំជំនួបមេដឹកនាំប្រទេសទាំងពីរផងដែរ ប៉ុន្តែរុស្ស៊ីបានឆ្លើយតបថា វាមានកិច្ចការជាច្រើនត្រូវបញ្ចប់ជាមុន៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com