អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិនថា ចិននិងរុស្ស៊ីប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការជំរុញទំនាក់ទំនងទ្វេភាគី
31, Mar 2022 , 3:23 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (ស្ដាំ) និងសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នាជំនួបថ្ងៃទី៣០_ ខែមីនា។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (ស្ដាំ) និងសមភាគីរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នាជំនួបថ្ងៃទី៣០_ ខែមីនា។ រូបថត Xinhua
រដ្ឋមន្ត្រីការបទេសចិន និងរុស្ស៊ីនៅថ្ងៃទី៣០ ខែមីនា បានប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការជំរុញទំនាក់ទំនង​ទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ មហាអំណាចទាំងពីរ ក៏ជំទាស់នឹង​លោក​ខាង​លិចដែលដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញបញ្ហានៅអ៊ុយក្រែនផងដែរ។
 
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសប្រទេស​ជិតខាង​អាហ្វហ្កានីស្ថាននៅខេត្តអានហ៊ុយនៅថ្ងៃទី៣០ ខែមីនា​ ប្រមុខការទូតចិន វ៉ាង យី លើក​ឡើង​ថា ចិន និងរុស្ស៊ីបានប្តេជ្ញាចិត្តអភិវឌ្ឍទំនាក់ទំនងទ្វេភាគី​ និងជំរុញការសម្រេចឱ្យ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ។ នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក ឡាវរ៉ូវ នៅចិន ក្រោយការឈ្លាន​ពានអ៊ុយក្រែន។
 
«ចិនមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៊ីដើម្បីជំរុញឱ្យទំនាក់ទំនងចិន-រុស្ស៊ីឈានទៅកាន់កម្រិតខ្ពស់​ក្នុងយុគសម័យថ្មីមួយក្រោមការដឹកនាំដោយមេដឹកនាំប្រទេសទាំងពីរផងដែរ»។ ប្រមុខការទូតចិនបញ្ជាក់បែបនេះ។ 
 
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីវិញ រដ្ឋមន្ត្រីទាំងពីរ​បានព្រមព្រៀងគ្នាប​ន្តពង្រឹង​ភាពជាដៃគូយុទ្ធសាស្ត្រ និងឈរជាមួយគ្នាក្នុងការដោះស្រាយបញ្ហាអន្តរជាតិ។ លើសពីនេះ លោក ឡាវរ៉ូវ សង្កត់ធ្ងន់ថា រុស្ស៊ីនឹងដើរតួយ៉ាងសកម្មក្នុងការជំរុញពហុប៉ូលភាវូបនីយកម្ម ប្រឆាំងអនុត្តរភាព និង​អំណាចនយោបាយ ហើយរុស្ស៊ីនឹងបន្តគោរពតាមគោលការណ៍រ​បស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។
 
អំឡុងជំនួបនេះ លោក ឡាវរ៉ូវ ក៏បានជូនដំណឹងដល់លោក វ៉ាង អំពីវឌ្ឍនភាពនៃប្រតិបត្តិការ យោធា​នៅអ៊ុយក្រែន និងស្ថានភាពនៃការចរចារបស់ទីក្រុងមូស្គូជាមួយទីក្រុងកៀវផងដែរ។ ប្រមុខការ​ទូត​រុស្ស៊ី​រូបនេះបានបញ្ជាក់ថា រុស្ស៊ីប្តេជ្ញាចិត្តក្នុងការកាត់បន្ថយភាពតានតឹង ហើយបន្តកិច្ចចរចា​សន្តិភាព​ជាមួយអ៊ុយក្រែន ព្រមទាំងរក្សាទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ។ 
 
តបទៅវិញ លោក វ៉ាង ប្រកាសគាំទ្រការចរចារកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាមាន​ការ​លំបាកខ្លាំងក៏ដោយ ហើយក្រុងប៉េកាំងក៏នឹងគាំទ្រកិច្ចខិតខំរបស់រុស្ស៊ី និងភាគីពាក់ព័ន្ធផ្សេង​ទៀត​ដើម្បី​ទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំផងដែរ។ យ៉ាងណាមិញ ភាគីទាំងពីនៅតែថ្កោលទោស និងបាន​ហៅការដាក់ទណ្ឌកម្មរបស់អាម៉េរិក​​ និងលោកខាងលិចលើរុស្ស៊ី ជាទង្វើ​ឯកតោភាគីដែលខុសច្បាប់​និង​រឹតតែធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញថែមទៀត។ 
 
ដោយសារវិបត្តិអ៊ុយក្រែននេះ ចិនរងការរិះគន់មិនតិចឡើយចមពោះការមិនថ្កោលទោសអ្វីលើសកម្មភាពរុស្ស៊ី ខណៈរុស្ស៊ី បានចិនឈរជាមួយខ្លួនក្នុងពេលឯកោនេះដែរ។ នៅចិន លោក ឡាវរ៉ូវ នឹងជជែកជាមួយប្រមុខការទូតប្រទេសមានព្រំដែនជាប់អាហ្វហ្កានីស្ថានផ្សេងទៀតលើបញ្ហាមនុស្សធម៌ និងវិបត្តិសេដ្ឋកិច្ច៕
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com