អន្តរជាតិ
លោក Sergey Lavrov៖ លោកខាងលិចព្យាយាមប្រែក្លាយអ៊ុយក្រែនទៅអាហ្វហ្គានីស្ថានទីពីរ
31, Mar 2022 , 7:29 pm        
រូបភាព
ដោយ ពុធ មីនា
 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថាបានព្យាយាមប្រែក្លាយអ៊ុយក្រែនទៅជាអាហ្វហ្គានីស្ថានទីពីរ។ យោងតាមការផ្សាយ​របស់សារព័ត៌មាន RT ការកត់សម្គាល់នេះ ធ្វើឡើងមុនកិច្ចប្រជុំកំពូល ស្តីពីស្ថានភាពនៅក្នុងប្រទេសអាស៊ីកណ្តាលនៅ​ក្រុង Huangshan ប្រទេសចិន នា​ថ្ងៃព្រហស្បតិ៍នេះ ដោយមាន​ការចូលរួម​ពីភាគីចិន រុស្ស៊ី រួមទាំងប្រទេសដទៃទៀត។
 
ប្រមុខ​ការទូតរុស្ស៊ី បាន​កត់សម្គាល់ថា អ្នក​ដែល​បាន​ព្យាយាម​​ទាញ​អាហ្វហ្គានីស្ថានឱ្យទៅចំ​កណ្តាល​នៃ​នយោបាយពិភពលោក កំពុង​​នាំ​គ្នាយក​ងាក​យក​អ៊ុយក្រែនទៅជំនួស​វិញ។ លោកបាន​កត់សម្គាល់​ថា ចាប់តាំងពី​ឆ្នាំ១៩៧៨ មក អាហ្វហ្គានីស្ថានបានក្លាយជាកន្លែងនៃសង្គ្រាមជាច្រើន ដែលមានអ្នកលេងអន្តរជាតិជាច្រើនចូលរួម។ 
 
«កងទ័ពអាមេរិក និងលោកខាងលិចផ្សេងទៀត បានចាកចេញពីទីក្រុងកាប៊ុលកាលពីឆ្នាំមុន បន្ទាប់ពីការកាន់កាប់រយៈពេលពីរទសវត្សរ៍ ដោយប្រទេសនេះបានធ្លាក់ទៅក្រោមក្រុមតាលីបង់ភ្លាមៗ»។ លោក Lavrov បាន​លើកឡើងយ៉ាងដូច្នេះ។
 
ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង បើ​គិត​ចាប់តាំងពី​ការ​ឈ្លានពាន​រុស្ស៊ី លើអ៊ុយក្រែន លោក Lavrov មានជំនួបទ្វេភាគីជាច្រើន ក្នុងនោះមាន​ជាមួយ​លោក វ៉ាង យី សមភាគីចិន រួមទាំងតំណាងពី​ប៉ាគីស្ថាន អ៊ីរ៉ង់ តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com