អន្តរជាតិ
លោក ប្រាយុទ្ធ ថា ​លោកនឹងគោរពការសម្រេចចិត្តរបស់អ្នកបោះឆ្នោត
31, Mar 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តិថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
នាយករដ្ឋមន្រ្តិថៃ ប្រាយុទ្ធ ចន្ទអូចា ។ រូបថត AFP
ដោយ:
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសនៅថ្ងៃទី៣០ខែមីនាថា ​ លោកបានបំពេញកាតព្វកិច្ចអស់ពីសមត្ថភាពហើយក្នុងពេលកាន់តំណែងជាមេដឹកនាំប្រទេស។ លោកបន្ថែមថា រូបលោកក៏គោរពការសម្រេចចិត្តរបស់អ្នកបោះឆ្នោត បើសិនជាពួកគេមិនផ្តល់ឱកាសឱ្យលោកបន្តដឹកនាំប្រទេសនៅអាណត្តិបន្ទាប់ទេនោះ។

កន្លងមក ​ប្រជាជនថៃរាប់ពាន់នាក់ តែងតែប្រមូលម្តុំគ្នាតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែងក្រោមហេតុផល​ អសមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងបញ្ហានយោបាយ។ ពីវិមានរដ្ឋាភិបាលនៅថ្ងៃទី៣០ ខែមីនា ប្រមុខដឹកនាំថៃរូបនេះ និយាយថា ​លោកព្យាយាមធ្វើការងាររបស់លោកឱ្យអស់ពីសមត្ថភាពហើយ។ បើទោះបីជាមានការរិះគន់និងការប្រមាថមកលើរូបលោក លោក ប្រាយុទ្ធ អះអាងថា មិនខឹងសម្បារនឹងនរណាម្នាក់ឡើយ។
 
«ខ្ញុំមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាទាំងអស់បានទេ ប៉ុន្តែខ្ញុំបានធ្វើសកម្មភាពដែលជះផលប្រយោជន៍ដល់ប្រជាជនភាគច្រើន។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងបន្តតំណែង។ បើមិនមានទេ ​ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ។» លោក ប្រាយុទ្ធ បានបញ្ជាក់បែបនេះ ដោយត្រូវបានផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។
 
លោកប្រាយុទ្ធ បានបន្តថា​ រដ្ឋាភិបាល ​កំពុងព្យាយាមដោះស្រាយបញ្ហាជាច្រើន ថ្វីបើមិនទាន់សម្រេចបាន១០០ភាគរយ និងមិនទាន់បំពេញចិត្តប្រជាជនគ្រប់គ្នាបាន។ ត្រង់នេះ ដោយសំដៅទៅលើវិបត្តិជំងឺកូវីដ-១៩ និងការកើនឡើងតម្លៃប្រេងខ្លាំងដោយសារជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន លោកសង្កត់ធ្ងន់ថា ប៉ុន្តែប្រជាជនថៃត្រូវតែទទួលស្គាល់ថា វិបត្តិបែបនេះមិនធ្លាប់មានពីមុនមកទេ។
 
ក្នុងសន្និសីទដដែល នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានច្រានចោលការរិះគន់ពីការចុះសួរសុខទុក្ខអាជីវករនៅផ្សារ​ Saphan Khao លើផ្លូវ​ Lan Luang ក្នុងខណ្ឌ​ Dusit កាលពីថ្ងៃអង្គារកន្លងទៅ។ ការចុះសួរសុខទុក្ខនេះ ធ្វើឱ្យលោក រងការរិះគន់ថា ជាការប៉ុនប៉ងដើម្បីទៅស្ទង់មតិគាំទ្របេក្ខជនក្នុងការបោះឆ្នោតអភិបាលក្រុងបាកកក។ លោក ប្រាយុទ្ធ អះអាងថា ​លោកគ្រាន់តែចង់ទៅសួរសុខទុក្ខប្រជាជន​ និងផ្តល់ការលើកទឹកចិត្តខ្លះអំឡុងវិបត្តិសេដ្ឋកិច្ចបង្កដោយជំងឺកូវីដ-១៩ប៉ុណ្ណោះ។
 
ខណៈរដូវការបោះឆ្នោតជិតមកដល់​ លោក ប្រាយុទ្ធ លើកឡើងទៀតថា រូបលោកនឹងព្យាយមរកពេលចុះទៅសួរសុខទុក្ខប្រជាជន​ និងផ្តល់ការលើកចិត្តឱ្យបានច្រើនបន្ថែមទៀត បើទោះជាពួកគេគាំទ្រលោក ឬមិនគាំទ្រក៏ដោយ។ ​លោកប្រាយុទ្ធ នឹងជ្រើសរើសចុះទៅតំបន់ណាមួយដោយគ្មានការប្រកាសជាមុន ដើម្បីចៀសវាងការប្រឈមមុខជាមួយក្រុមបាតុករណាមួយដែលអាចរំខានដល់លោក។
 
កាលពីថ្ងៃទី២៧ខែមីនា វិទ្យាស្ថានជាតិអភិវឌ្ឍរដ្ឋបាល(NIDA) របស់ថៃ បានបង្ហាញពីលទ្ធផលស្ទង់មតិនៃប្រជាប្រិយភាពរបស់លោកប្រាយុទ្ធថា មានការធ្លាក់ចុះ។ ថៃនឹងរៀបចំបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកកនិងក្រុងប៉ាតាយ៉ានៅថ្ងៃទី២២ ខែឧសភាខាងមុខនេះ ហើយខណៈការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីអាណត្តិថ្មី នឹងធ្វើឡើងនៅឆ្នាំ២០២៣យ៉ាងយូរបំផុត៕
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com